ពិភពលោកមានការកើនឡើងនូវករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នៅក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃសៅរ៍ម្សិលមិញ ខ្ពស់ជាងពេលណាៗទាំងអស់ ដែលមានចំនួន ២១២.៣២៦ ករណី។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក WHO។
សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា មានការកើនឡើងច្រើនជាងគេបំផុត។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អង្គការ WHO។ ការឆ្លងដែលអង្គការ WHO បានរាយការណ៍សម្រាប់ថ្ងៃទី ២៨ ខែមិថុនា គឺមានចំនួន ១៨៩.០៧៧ ករណី។
ការស្លាប់ដោយសារជំងឺកូវីដ១៩ នេះ នៅតែមានជាបន្ត គឺចំនួនប្រហែល ៥ ពាន់នាក់ក្នុងមួយថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ នៅលើពិភពលោក មានករណីឆ្លងជំងឺកូវីដ១៩ នេះជាង ១១ លាននាក់ហើយ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសហរដ្ឋអាមេរិក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានរាយការណ៍អំពីការកើនឡើងនូវការឆ្លងជំងឺកូវីដ១៩ នេះ ចំនួន ៥២.៤៩២ ករណី សម្រាប់ថ្ងៃសៅរ៍ម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ករណីឆ្លងជំងឺនេះសរុបនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ២.៨៣៩.៩១៧ ករណី ដែលក្នុងនោះមានករណីស្លាប់មានចំនួន ១២៩.៦៧៦ ករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ចំណែកឯប្រទេសប្រេស៊ីលវិញ បានរាយការណ៍អំពីការឆ្លងថ្មីចំនួន ៤៨.១០៥ ករណី កាលពីថ្ងៃសៅរ៍ម្សិលមិញ ហើយគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ប្រេស៊ីលមានករណីឆ្លងសរុបចំនួន ១.៥៧៧.០០៤ ករណី ដែលក្នុងនោះមានករណីស្លាប់ចំនួន ៦៤.២៦៥ ករណី។
រីឯនៅប្រទេសឥណ្ឌាវិញ មានការឆ្លងថ្មីចំនួនជិត ២៣.០០០ ករណីកាលពីថ្ងៃសៅរ៍ ហើយបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ត្រឹមព្រឹកថ្ងៃអាទិត្យនេះ ប្រទេសនេះមានអ្នកឆ្លងសរុបចំនួន ៦៧៣.១៦៥ នាក់ និងអ្នកស្លាប់សរុបចំនួន ១៩.២៦៨ នាក់៕