ប្រទេសនានាគួរតែពិចារណាស្នើឱ្យអ្នកធ្វើដំណើរពាក់ម៉ាស់នៅលើយន្តហោះដែលធ្វើដំណើររយៈពេលយូរ ដោយសារតែវីរុសកូវីដ១៩ បំប្លែងថ្មីចុងក្រោយដែលបំប្លែងចេញពីវីរុសកូវីដ១៩ ប្រភេទអូមីក្រុង (Omicron) បានឆ្លងរាលដាលយ៉ាងលឿននៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ។
នៅក្នុងទ្វីបអឺរ៉ុប វីរុសកូវីដ១៩ ប្រភេទ XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួចប៉ុន្តែជាចំនួនមួយដែលកំពុងកើនឡើង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអង្គការសុខភាពពិភពលោកនិងមន្ត្រីអឺរ៉ុបនៅក្នុងសន្និសីទកាសែតមួយ។
វីរុស XBB.1.5 នេះ គឺជាវីរុសឆ្លងលឿនជាងគេបំផុតបំប្លែងចេញពីវីរុសអូមីក្រុង ដែលគេបានរកឃើញក្នុងពេលកន្លងមក ដែលវីរុសនេះមានចំនួន ២៧,៦% នៃករណីឆ្លងជំងឺកូវីដ១៩ ទាំងអស់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់សប្ដាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី ៧ ខែមករា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីផ្នែកសុខាភិបាល។
គេមិនច្បាស់ទេថាតើវីរុស XBB.1.5 នេះនឹងបណ្ដាលឱ្យមានរលកនៃការឆ្លងវីរុសនេះនៅលើពិភពលោកឬក៏យ៉ាងណានោះ។ អ្នកជំនាញនានាបានបញ្ជាក់ថា វ៉ាក់សាំងនាពេលបច្ចុប្បន្ននៅអាចការពារប្រឆាំងមិនឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ១៩ នេះបាន។
ឥឡូវនេះ វីរុស XBB.1.5 នេះគឺជាវីរុសកូវីដ១៩ បំប្លែងថ្មីដែលឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក។ វាគឺជាផ្នែកមួយនៃវីរុសកូវីដ១៩ XBB។ វីរុស XBB នេះត្រូវបានរកឃើញដំបូងកាលពីខែតុលាឆ្នាំមុន និងជាវីរុសដែលកើតចេញពីវីរុសពីរប្រភេទនៃវីរុសកូវីដ១៩ ប្រភេទអូមីក្រុង។
គេឃើញមានក្ដីបារម្ភកើនឡើងអំពីវីរុស XBB.1.5 នេះ ដែលវីរុសនេះបានបង្កើនបន្ថែមដល់សន្ទុះកើនឡើងថ្មីនៃករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀត ស្របពេលដែលមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងនៅក្នុងប្រទេសចិន បន្ទាប់ពីប្រទេសនេះបានលុបចោលគោលនយោបាយគ្មានជំងឺកូវីដ១៩ (Zero-COVID) របស់ខ្លួនកាលពីខែមុនមក៕
អង្គការ WHO ជំរុញអ្នកធ្វើដំណើរឱ្យពាក់ម៉ាស់ ស្របពេលវីរុសកូវីដ១៩ ប្រភេទថ្មីកំពុងឆ្លងរាលដាល
- Reuters
ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស —