ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO៖ គ្មាន​​ភស្តុតាង​​បញ្ជាក់​​ថា​ អ្នក​ជា​សះស្បើយ​​ពី​​ជំងឺ​​កូវីដ​១៩​ មាន​​ប្រព័ន្ធ​ការពារ​​រាងកាយ​​មិន​​ឲ្យ​​កើត​​ជំងឺ​​នេះ​​ទៀត​​នោះ​​ទេ


បុគ្គលិក​សុខាភិបាល​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ CHIREC Delta ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ CHIREC Delta ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

រដ្ឋាភិបាល​នានា​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​រិះរក​វិធី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នេះ ដោយ​សង្ឃឹម​ថា អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​នឹង​ក្លាយជា​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន និង​មិន​អាច​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត។

បុគ្គលិកជាន់​ខ្ពស់អង្គការសុ​ខភាពពិភពលោកនិយាយថា​ គ្មានភស្តុតាងណាដែល​បញ្ជាក់​ថា អ្នក​ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ មាន​ប្រព័ន្ធការពារ​រាងកាយ​ទប់ទល់​នឹង​ជំងឺ​ដ៏កាចសាហាវ​នេះ​នោះ​ទេ ហើយ​ក៏​គ្មានភស្តុតាងណា​បញ្ជាក់​ថា អ្នក​នោះ​មិន​អាច​ចម្លង​ជំងឺ​នេះ​ទៅ​មនុស្ស​ផ្សេង​ទៀត​នោះ​ដែរ។

វីរុសកូរ៉ូណានៅបន្តឆ្លងរាតត្បាត​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក និង​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​ថា​ការ​ឆ្លង​រាតត្បាត​នេះ​នឹង​បញ្ចប់​ភ្លាមៗ​នោះ​ទេ។ រដ្ឋាភិបាល​នានា​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​រិះរក​វិធី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នេះ ដោយ​សង្ឃឹម​ថា អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​នឹង​ក្លាយជា​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន និង​មិន​អាច​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត។

ពួកគេ​កំពុង​មាន​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​តេស្ត​ដែល​ស្វែងរក​អង់ទីគ័រ​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​របស់​មនុស្ស ដើម្បី​បញ្ជាក់​អំពី​ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​នេះ។ តាម​រយៈ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ ពួកគេ​នឹង​អាច​បញ្ជូន​អ្នក​ទាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ដោយ​មិន​បារម្ភ​ពី​ការ​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត។

ក៏​ប៉ុន្តែ​អ្នកស្រី Maria Van Kerkove ប្រធាន​ផ្នែក​ជំងឺ​ដែល​កំពុង​លេច​ឡើង និង​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​ទាំង​នេះ​ប្រហែលជា​មិន​អាច​ផ្តល់​ព័ត៌មាន​ដែល​រដ្ឋាភិបាល​នានា​កំពុង​ទន្ទឹង​រង់ចាំ​នោះ​ទេ។

អ្នកស្រី Maria Van Kerkove បាន​ថ្លែងថា៖ «ឥឡូវ​នេះ​យើង​មាន​គ្មាន​ភស្តុតាង​ណា​ដែល​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​នេះ​អាច​បង្ហាញ​ថា បុគ្គល​ម្នាក់​មាន​ប្រព័ន្ធ​ការពារ​ទប់ទល់​នឹង​វីរុស​កូរ៉ូណា ឬ​មាន​ប្រព័ន្ធ​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស​នេះ​ម្តង​ទៀត​នោះ​ទេ។ អ្វី​ដែល​អាច​យក​ទៅ​ប្រើ​បាន​ពី​ការ​ធ្វើ​តេស្ត​នេះ​គឺ​ការ​វាស់​ពី​កម្រិត​នៃ​អង់ទីគ័រ ហើយ​អង់ទីគ័រ​នេះ​គឺ​ជា​ការ​ឆ្លើយតប ដែល​ខ្លួន​មនុស្ស​មាន​ក្នុង​ពេល​មួយ​សប្តាហ៍ ឬ​ពីរ​សប្តាហ៍​ក្រោយ​មក បន្ទាប់​ពី​ពួកគេ​បាន​ឆ្លង​វីរុស​នោះ»។

ការ​ធ្វើ​តេស្ត​ទាំង​នេះ​នឹង​អាច​ប្រាប់​ពី​កម្រិត​របស់​អង់ទីគ័រ​ការពារ​រាងកាយ ប៉ុន្តែ​អ្នកស្រី Van Kerkove ថា វា​មិនមែន​មាន​ន័យ​ថា អ្នក​ដែល​មាន​អង់ទីគ័រ​ការពារ​រាងកាយ​នឹង​មិន​ឆ្លង​ជំងឺ​កូវីដ ១៩ នោះ​ទេ។

លោក Michael Ryan នាយក​ប្រតិបត្តិ​ផ្នែក​ស្ថានភាព​អាសន្ន​ផ្នែក​សុខភាព​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​រំឭក​ដល់​ប្រទេស​នានា​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ត្រូវ​ផ្ដោត​លើ​ការ​ធ្វើ​តេស្ត​ទាំង​នេះ​ថា​ជា​វីធី​កំណត់​ស្ថានភាព​ជំងឺ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ។ លោក​បាន​និយាយ​ទៀត​ថា ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​ដែល​មាន​សព្វថ្ងៃ​នៅ​មាន​ភាព​ស្រពិចស្រពិល​ជា​ច្រើន។

លោក Ryan​ បានបញ្ជាក់​ដូច្នេះថា៖ «គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឲ្យ​ប្រាដក​ថា​តើ​អ្នក​ដែល​មាន​អង់ទីគ័រ​ការពារ​រាងកាយ​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន ឬ​មិន​អាច​ឆ្លង​ជំងឺ​នេះ​ឡើង​វិញ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ការ​ធ្វើ​តេស្ត​មួយ​ចំនួន​មាន​បញ្ហា ដោយ​អាច​ផ្តល់​លទ្ធផល​អវិជ្ជមាន ដែល​ធ្វើ​ឲ្យ​គេ​អាច​ជឿ​ថា ពួកគេ​មាន​អង់ទីគ័រ​ការពារ​នឹង​ជំងឺ​នេះ បើ​ទោះបីជា​ពួកគេ​ប្រហែលជា​បាន​ឆ្លង​ជំងឺ​នេះ​ក៏ដោយ។ តាម​ពិត​ទៅ ពួកគេ​ងាយ​នឹង​ឆ្លង​ជំងឺ​នេះ​ណាស់»។

លោក Ryan បាន​និយាយ​ទៀត​ថា មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ មុន​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​តេស្ត​ទាំង​នេះ​មាន​លក្ខណៈ​ស្តង់ដារ ហើយ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ធ្វើ​តេស្ត​ទាំង​នោះ​មាន​ការ​បញ្ជាក់​អះអាង​ត្រឹមត្រូវ។

លោក​បាន​ថ្លែង​បន្ត​ថា ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ដើម្បី​ធានា​ឲ្យ​បាន​ថា ការ​ធ្វើ​តេស្ត​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ខុស ប៉ុន្តែ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​វិធី​ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG