ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​លោក ឡុង ឌីម៉ង់ ទូត​ខ្មែរ​ថ្មី​នៅ​កូរ៉េ​ខាង​ត្បូង​ ជា​នរណា?


លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងកំពុងតែរើសបង្ហាញរូបថតចាស់ៗរបស់លោក នៅក្នុងផ្ទះរបស់លោក បន្ទាប់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងកំពុងតែរើសបង្ហាញរូបថតចាស់ៗរបស់លោក នៅក្នុងផ្ទះរបស់លោក បន្ទាប់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក ​ឡុង ឌីម៉ង់ ​គឺ​ជា​កូន​ច្បង​នៃ​កូន​ពីរ​នាក់​របស់​លោក​ ឡុង វិសាលោ ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ​និង​ជា​កូន​ប្រសារ​របស់​លោក​ ញឹម វណ្ណដា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

តើ​លោក ឡុង ឌីម៉ង់ ជា​អ្នក​ណា? ​នេះ​គឺ​ជា​ចម្ងល់​ដែល​កើត​មាន​ឡើង ក្រោយ​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជំនួស​លោក ​ស៊ុត ឌីណា ​អតីត​មេដឹកនាំ​ចលនា​និស្សិត​ប្រជាធិបតេយ្យ​ ដែល​តែងតែ​សហការ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា វិជ្ជា ​ក្នុង​ការ​ដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន​ អំឡុង​ទសវត្សរ៍​១៩៩០។

ក្នុង​វ័យ​៣៦​ឆ្នាំ​ លោក ​ឡុង ឌីម៉ង់ ដែល​ជា​អ្នក​នាំ​ពាក្យ និង​ជា​អនុប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ ​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ទូរស័ព្ទ​មក​ប្រាប់​អំពី​ការ​តែងតាំង​លោក​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​លោក​បាន​ទទួល​ទូរស័ព្ទ​នេះ​ភ្លាម ​ក្រោយ​ពី​លោក​ ស៊ុត ឌីណា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៤ ​ខែ​មេសា ​ពី​បទ​សង្ស័យ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ហើយ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ​កាល​ពី​ថ្ងៃ​ទី៧ ​ខែ​មេសា។

លោក ឡុង ឌីម៉ង់ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​លោក នៅ វណ្ណារិន នៃ VOA កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)
លោក ឡុង ឌីម៉ង់ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​លោក នៅ វណ្ណារិន នៃ VOA កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)

លោក ឡុង ឌីម៉ង់ ថ្លែង​ប្រាប់​ VOA ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា៖​«ដំបូង​ខ្ញុំ​ចង់បញ្ជាក់​ជូន​ថា​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ​ នៅ​ពេល​បាន​ទទួល​ទូរស័ព្ទ​ពី​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ឲ្យ​ទៅ​បំពេញ​កិច្ច​ការងារ​នេះ។ ​ភ្ញាក់​ផ្អើល​នោះ ​ភ្ញាក់​ផ្អើល​ត្រង់​ថា ​មិន​ដែល​បាន​គិត​ទុក​ជា​មុន​សោះ ​បាទ»។

លោក ​ឡុង ឌីម៉ង់ ​គឺ​ជា​កូន​ច្បង​នៃ​កូន​ពីរ​នាក់​របស់​លោក​ ឡុង វិសាលោ ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ​និង​ជា​កូន​ប្រសារ​របស់​លោក​ ញឹម វណ្ណដា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០៤​ លោក ​ឡុង ឌីម៉ង់ ​បាន​ចាប់​ផ្តើម​ការងារ​ជា​ជំនួយការ​របស់​លោក កែប ជុតិមា​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​២០០៥ មុន​ពេល​លោក​ក្លាយ​ជា​អ្នក​នាំ​ពាក្យ ​និង​ជា​អនុប្រធាន​ផ្នែក​រដ្ឋបាល​នៅ​សាលាក្រុង​ភ្នំពេញ។ តួនាទី និង​តំណែង​របស់​លោក​បាន​ឡើង​ជា​បន្តបន្ទាប់​ នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច​ កំពុង​ធ្វើ​កំណែទម្រង់​ ដោយ​ការ​បញ្ចូល​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​នេះ​ ចូល​កាន់​តំណែង​សំខាន់ៗ​ជា​បណ្តើរៗ​ ជំនួស​កម្មាភិបាល​ចាស់​សល់​ពី​សម័យ​កុម្មុយនិស្ត។​

លោក ​ឡុង ឌីម៉ង់ ​បាន​ទទួល​តំណែង​នេះ ​ខណៈ​ដែល​លោក​ ឡុង ​វិសាលោ​ ឪពុក​របស់​លោក​ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ទី​ពីរ ​នៅ​ក្រសួង​ការ​បរទេស​ មិន​បាន​ឡើង​តំណែង​ជា​រដ្ឋមន្ត្រី​ជំនួស​លោក​ ហោ ណាំហុង​ អាយុ​ជាង​៨១ឆ្នាំ ​ដែល​សុំ​លាលែង​ពី​តំណែង​នោះ។​

ឪពុក​របស់​លោក ឡុង ឌីម៉ង់ ​គឺ​ជា​បញ្ញវន្ត​ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្រោយ​ពេល​ខ្មែរក្រហម​ដណ្តើម​បាន​អំណាច​នៅ​ថ្ងៃ​ទី១៧ ​ខែ​មេសា​ ឆ្នាំ​១៩៧៥។ ​ពេល​លោក ឡុង វិសាលោ​ មក​ដល់​ប្រទេស​កម្ពុជា​ដំបូង ខ្មែរក្រហម​ដាក់​ឲ្យ​លោក​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៅ​សាលា​តិចណូ​ និង​ឲ្យ​គូរ​ផែនទី​រដ្ឋបាល​ប្រទេស​កម្ពុជា​ ដែល​មាន​បែងចែក​ជា​ភូមិភាគ ​និង​តំបន់​ ព្រោះ​លោក​ជា​បញ្ញវន្ត​ តែ​ម្នាក់​គត់​មាន​ជំនាញ​ខាង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ ​(GIS)។​ ក្រោយមក​លោក ឡុង វិសាលោ ត្រូវ​ខ្មែរក្រហម​បញ្ជូន​ទៅ​គុក​បឹងត្របែក។

​មុន​ពេល​ខ្មែរក្រហម​ចូល​កាន់​អំណាច​ បញ្ញាវ័ន្ត​ភាគច្រើន​ដែល​មិន​មាន​ទំនាក់ទំនង​ ឬ​មិន​គាំទ្រ​ចលនា​កុម្មុយនិស្ត​កាល​ណោះ ​បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ និង​មិន​ហ៊ាន​ចូល​មក​ក្នុង​ប្រទេស​ទេ។

លោក ​ឡុង ឌីម៉ង់ ​និយាយ​ថា ​ថ្វី​បើ​ឪពុក​របស់​លោក​បាន​បណ្តុះបណ្តាល​ និង​ជួយ​រក​ការងារ​ធ្វើ​ឲ្យ​លោក​ក្តី ​ ការ​តែងតាំង​លោក​ជា​ឯកអគ្គរាជទូត​នេះ​ មិន​ទាក់ទង​នឹង​ឪពុក​របស់​លោក​ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នោះ​ទេ។

លោក ឡុង ឌីម៉ង់ អះអាង​ប្រាប់ VOA ថា៖​«ការ​តែងតាំង​នេះ​ គឺ​ពិត​ជា​មិន​បាន​ធ្វើ​ឡើង​ តាម​ការ​លើក​ឡើង​ដូច​ថា​ ជា​ខ្សែស្រឡាយដោយសារ​ខ្ញុំ​ជា​កូន​ប្រុស​របស់​ឪពុក​ខ្ញុំ។​ ខ្ញុំ​គិត​ថា ប្រហែល​ជា​មិន​អាច​ឲ្យ​ខ្ញុំ​ខុស​ទេ ​ដោយសារ​តែ​ខ្ញុំ​ជា​កូន​របស់​ឪពុក​ខ្ញុំ»។

លោក​ ឡុង ឌីម៉ង់​ បាន​ឲ្យដឹង​ថា ​តំណែង​ឯកអគ្គរាជទូត​នេះ​ គឺ​ជា​ការងារ​ថ្មី​សម្រាប់​លោក ​ហើយ​លោក​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ខិតខំ​រៀន​សូត្រ​ពី​ការងារ ដើម្បី​បម្រើ​ពលករ​ខ្មែរ​នៅ​កូរ៉េខាង​ត្បូង​ឲ្យ​បាន​ល្អ ​ដើម្បី​ចៀសវាង​បញ្ហា​ដូច​ឯកអគ្គរាជទូត​ មុន​លោក​បាន​ជួប​ប្រទះ​នោះ។​

ឯកអគ្គ​រាជទូត​តែងតាំង​ថ្មី​រូប​នេះ​ថ្លែង​ថា៖​«ហើយ​បញ្ហា​អំពើ​ពុករលួយ​នេះ​ គឺ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវតែ​ដោះស្រាយ​ហើយ។ នៅ​ទី​ណា​ក៏​យើង​ត្រូវតែ​ធ្វើ​ដែរ។ ​សូម្បីតែ​ខ្ញុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​នេះ​ គឺ​ថា​តែងតែ​ធ្វើការ​ដោយ​តម្លាភាព ប្រមូល​រាល់​មតិ ​យោបល់​របស់​មហាជន​ នៅ​ពេល​ដែល​មហាជន​លើក​ឡើង​នូវ​ភាព​មិន​ប្រក្រតី»។

ថ្វី​បើ​លោក ​ឡុង ឌីម៉ង់ ​បាន​ចាប់​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ក្តី ​លោក​បាន​ចាប់ផ្តើម​ការ​សិក្សា​បឋមសិក្សា​រយៈពេល​ពីរ​ឆ្នាំ​នៅ​ទី​ក្រុង​ឡាហាវ៉ាន​ (Havana) ប្រទេស​គុយបា ​ពេល​ឪពុក​របស់​លោក​គឺ​លោក​ ឡុង វិសាលោ​ ធ្វើ​ជា​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​កុម្មុយនិស្ត​នេះ ​រយៈពេល​៥​ឆ្នាំ​ ពី​ឆ្នាំ​១៩៨២​ដល់​ឆ្នាំ​១៩៨៧ នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ជំនាន់​កុម្មុយនិស្ត។​

លោក ឡុង ឌីម៉ង់ គឺជា​អតីត​អ្នក​នាំពាក្យ និង​ជា​អនុ​ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ ហើយ​ថ្មីៗនេះ​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឡុង ឌីម៉ង់)
លោក ឡុង ឌីម៉ង់ គឺជា​អតីត​អ្នក​នាំពាក្យ និង​ជា​អនុ​ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ ហើយ​ថ្មីៗនេះ​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឡុង ឌីម៉ង់)

លោក​ ឡុង ឌីម៉ង់ បាន​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា​រហូត​ចប់​ថ្នាក់​វិទ្យាល័យ​ មុន​ពេល​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ​១៩៩៧​ រយៈពេល​៧ឆ្នាំ។ លោក ​ឡុង ឌីម៉ង់ ទទួល​បាន​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​ Paris Dauphine University ​ហើយ​លោក​បាន​បន្ត​ការ​សិក្សា​យក​អនុបណ្ឌិត្យ​នៅ​សាលា​ Ecole des Hautes 'Etudes Internationale។

លោក​ ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស ​បាន​ប្រាប់​ VOA ថា បទ​ពិសោធន៍​ការងារ​របស់​លោក ​ឡុង ឌីម៉ង់ គួបផ្សំ​នឹង​សញ្ញាប័ត្រអនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ ដែល​លោក​ទទួល​បាន​ពី​សាលា​ Ecole des Hautes 'Etudes Internationale ​នៅ​ប្រទេស​បារាំង​ កាល​ពី​ឆ្នាំ​២០០៤ ធ្វើ​ឲ្យ​លោក​ត្រូវ​រដ្ឋាភិបាល​មើល​ឃើញ​ថា​ ជា​មន្ត្រី​សក្ដិសម​ជា​អ្នក​កាន់​តំណែង​ឯកអគ្គ​រាជទូត​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង។​

«អ្នក​ដែល​ទៅ​ធ្វើ​ឯក​អគ្គរាជទូត​ហ្នឹង​ ត្រូវ​មាន​ការ​យល់ដឹង​អំពី​ទំនាក់​ទំនង​អន្តរជាតិ​ទំនាក់​ទំនង​ការទូត​ ហើយ​ក៏​មាន​ទេពកោសល្យ​ក្នុង​ការ​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​ដល់​ពលករ​ខ្មែរ​យើង​នៅ​ប្រទេស​កូរ៉េ​ដែរ។​ នេះ​គឺ​ជា​លក្ខណៈ​វិនិច្ឆ័យ​ ដែល​ថ្នាក់​ដឹកនាំ​យើង​ផ្តោត​ជា​សំខាន់​ក្នុង​ការ​ស្វែង​រក​ឯកអគ្គ​រាជទូត​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង»។​

លោក ជុំ សុន្ទរី​ និយាយ​ថា ​លោក​ ឡុង ឌីម៉ង់ ​មាន​បទ​ពិសោធន៍​ការងារ​ក្នុង​ការ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ។ ផ្ទុយ​ទៅវិញ​ បទ​ពិសោធន៍​នេះ​ត្រូវ​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​តំបន់​បឹងកក់​ បុរី​កីឡា​ និង​តំបន់​ផ្សេងទៀត​ វាយ​តម្លៃ​សមត្ថភាព​របស់​លោក​ ឡុង ឌីម៉ង់ ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល។

អ្នកស្រី​ ទេព វន្នី ​អ្នក​តំណាង​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​តំបន់​បឹងកក់ ដែល​ច្រើន​តែ​ប្រឈម​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និយាយ​ថា ​លោក​ ឡុង ឌីម៉ង់ ​មិន​មាន​សមត្ថភាព​ និង​មិន​សក្តិសម​ធ្វើ​ជា​អ្នក​តំណាង​ប្រទេស​ទេ ​ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ​ មិន​មាន​ឆន្ទៈ​ស្មោះ​ត្រង់។​

សកម្មជន​រូប​នេះ​ថ្លែង​ថា៖​«ការ​នាំ​ពាក្យ​របស់​គាត់​ ដែល​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ​និង​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​អី​ជា​ដើម​ គឺ​តែងតែ​លាប​ពណ៌​បន្លំ​អី​អញ្ចឹង​ណា៎។ ​គាត់​ដូច​ជា​មិន​មាន​សមត្ថភាព ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ និង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ទេ​ ​ជាក់​ស្តែង​ដូចជា​ប្រជាជន​បឹងកក់​ និង​កន្លែង​ផ្សេងៗ​ជា​ដើម»។

ទោះ​ជា​យ៉ាង​ណា​ក្តី ​អនាគត​ឯកអគ្គរាជទូត​នេះ​ប្រាប់​ VOA ​ថា ​បញ្ហា​ចម្រូងចម្រាស​ ដែល​លោក​បាន​ប្រឈម​ដោះស្រាយ​នេះ​ គឺ​ជា​បទ​ពិសោធន៍​ដែល​បង្រៀន​ឲ្យ​លោក​ចេះ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា។ ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ពី​ការ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​សម្រប​សម្រួល​រវាង​ប្រជាជន និង​ក្រុមហ៊ុន​ ហើយ​នឹង​សមត្ថកិច្ច​ខាង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​ទេ។​

តាំង​ពី​តូច​មក ​លោក​ ឡុង ឌីម៉ង់ ​ចង់​ធ្វើ​ការ​ក្នុង​ក្រសួង​ការបរទេស ធ្វើ​ជា​មន្ត្រី​ការទូត​ ឬ​ធ្វើ​ការងារ​ទាក់ទង​នឹង​ជំនាញ​របស់​លោក​ខាង​ទំនាក់ទំនង​បរទេស ​ព្រោះ​លោក​រស់​នៅ​ក្នុង​ត្រកូល​អ្នក​ការទូត។

លោក ឡុង​ ឌីម៉ង់ ​និយាយ​ថា ​ការ​តែងតាំង​តំណែង​ថ្មី​នេះ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​លោក​កំពុង​ដក់​អារម្មណ៍​នឹង​ការងារ​រដ្ឋបាល​មូលដ្ឋាន​បច្ចុប្បន្ន​របស់​លោក។ ​ម៉្យាង​ទៀត ​លោក​និយាយ​ថា លោក​ត្រេកអរ ​ព្រោះ​វា​ជា​បំណង​របស់​លោក​ពី​តូច​ និង​ជា​តំណែង​ចំ​ជំនាញ​របស់​លោក​រៀន​ពី​សាលា។ ​

លោក​មាន​ស្នាដៃ​ក្នុង​ការ​ជួយ​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ទូត​បារាំង ​ធ្វើ​ផែនការ​ប្លង់​គោល​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​២០៣៥ ​ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង ​ ហើយ​លោក​ទំនាក់ទំនង​ជាមួយ​ពាណិជ្ជករ​កូរ៉េ​ខាងត្បូង ​នៅ​រាជធានី​ភ្នំពេញ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​លោក​ក៏​បង្ហាញ​ក្តី​បារម្ភ​ដែរ។

«បារម្ភ​យ៉ាងម៉េច?​ បារម្ភ​ត្រង់​ថា ​វា​ជា​កន្លែង​មួយ​ថ្មី។​ ថ្មី​ត្រង់​ថា ​យើង​មាន​ជំនាញ​ខាង​ទំនាក់ទំនង​អន្តរជាតិ​ ដោយសារ​យើង​រៀន​សូត្រ​ ដូច​យើង​បាន​ដឹង​ជា​មេរៀន យើង​បាន​ដឹង​ជា​ទ្រឹស្តី​នៅ​លើ​សៀវភៅ ​ប៉ុន្តែ​នៅ​លើ​ស្ថានភាព​ជាក់ស្តែង ​យើង​អត់​បទ​ពិសោធន៍»។

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​បង្ហាញ​សេចក្តី​ក្លាហាន​ និង​ការ​តាំង​ចិត្តដើម្បី​បំពេញ​កិច្ចការ​ឲ្យ​បាន​លទ្ធផល​ល្អ។ ​លោក​បាន​និយាយ​ថា ​លោក​បាន​ស្រាវជ្រាវ​អំពី​ការងារ​សំខាន់ៗ​ដែល​លោក​ត្រូវ​ធ្វើ​តាំង​ពី​ទទួល​បាន​ការ​តែងតាំង​ ដើម្បី​ត្រៀមខ្លួន​ផ្តល់​សេវា​ឲ្យ​បាន​ល្អ​ជូន​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ជាង​៤ម៉ឺននាក់៕

XS
SM
MD
LG