អ្នកដែលជំរុញពីក្រោយការផ្តើមគំនិតប្រគុំតន្ត្រីពិសេស One World Together at Home នេះគឺតារាកំពូលឈ្មោះ Lady Gaga ដែលបានធ្វើការជាមួយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO និងអង្គការ Global Citizen ដែលជាចលនាដែលធ្វើការដើម្បីបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ។
ការប្រគុំតន្ត្រីនេះនឹងមានការប្រមូលផ្តុំអ្នកសម្តែងសំខាន់ៗក្នុងពិភពលោកដោយមានរួមបញ្ចូលលោក Chris Martin លោក Bilie Eilish លោក John Legend លោក Elton John និងលោក Stevie Wonder។
លោក Hugh Evans ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Global Citizen។
លោកនិយាយថា ការប្រគុំតន្ត្រីនេះនឹងអបអរសាទរសេចក្តីក្លាហាននិងការតាំងចិត្តរបស់ពួកអ្នកធ្វើការជួរមុខខាងការថែទាំសុខភាពដែលបានប្រថុយប្រថានជីវិតរបស់ពួកគេដើម្បីជីវិតអ្នកដទៃ។ លោក Evans និយាយថា៖
«តាមរយៈការប្រគុំតន្ត្រីឈ្មោះ One World Together at Home នៅថ្ងៃទី១៨ខែមេសា យើងនឹងអំពាវនាវឲ្យពួកអ្នកមានចិត្តសប្បុរស សាជីវកម្មនិងរដ្ឋាភិបាលផ្តល់ប្រាក់ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាសាកលប្រឆាំងនឹងជំងឺ COVID-19 ដោយរួមបញ្ចូលការចែកចាយប្រភពធនធាននិងការផ្តល់ឧបករណ៍ការពារខ្លួន personal protective equipment (PPE) ឱ្យពួកធ្វើការខាងការថែទាំសុខភាពជួរមុខដែលមានសារៈសំខាន់ជាចាំបាច់»។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO យល់អំពីមុខនាទីដ៏សំខាន់បំផុតរបស់ពួកធ្វើការខាងថែទាំសុខភាពនៅក្នុងការតស៊ូដើម្បីយកជ័យជំនះលើជំងឺ COVID-19។លោកបានសម្តែងកង្វល់ថាប្រទេសខ្លះកំពុងពិចារណាអំពីការប្រើម៉ាស់សម្រាប់ពេទ្យនិងម៉ាស់ដែលមិនមែនជាម៉ាស់ពេទ្យនៅក្នុងចំណោមប្រជារាស្ត្រទូទៅ ដើម្បីបញ្ឈប់វីរុសកូរ៉ូណាកុំឱ្យរាលដាល។លោកថ្លែងថាម៉ាស់ពេទ្យត្រូវតែផ្តល់អាទិភាពសម្រាប់ឱ្យពួកអ្នកធ្វើការខាងការថែទាំសុខភាពជួរមុខ។ លោកTedros និយាយថា៖
«យើងខ្វល់ខ្វាយថា ការប្រើប្រាស់ម៉ាស់ពេទ្យច្រើនដោយប្រជារាស្ត្រទូទៅអាចពន្លឿនដល់ការខ្វះខាតម៉ាស់ពិសេសសម្រាប់ក្រុមមនុស្សដែលត្រូវការម៉ាស់ទាំងនេះជាខ្លាំង។ នៅក្នុងកន្លែងខ្លះការខ្វះខាតទាំងនេះបានដាក់ក្រុមអ្នកធ្វើការខាងថែទាំសុខភាពឱ្យឋិតនៅក្នុងគ្រោះថ្នាក់ពិតប្រាកដ»។
លោក Tedros និយាយថា ម៉ាស់ត្រូវតែប្រើប្រាស់ជាផ្នែកមួយនៃការធ្វើអន្តរាគមន៍ទូលំទូលាយ។លោកថ្លែងថាម៉ាស់តែមួយមុខមិនអាចបញ្ឈប់ការរាតត្បាតជាសាកលបានទេ។ គ្មានដំណោះស្រាយងាយស្រួលសម្រាប់វិបត្តិនេះទេ។ លោកនិយាយថាដើម្បីបញ្ឈប់ការរាតត្បាតជាសាកលនៃជំងឺនេះ ប្រទេសទាំងអស់ត្រូវតែបន្តស្វែងរកអ្នកជំងឺទាំងអស់ដើម្បី ធ្វើតេស្តលើពួកគេ ដាក់ពួកអ្នកមានផ្ទុកមេរោគនេះឱ្យនៅដាច់ពីគេនិងព្យាបាលអ្នកជំងឺទាំងអស់និងតាមដានរកជនទាំងអស់ដែលមានការទាក់ទងនឹងអ្នកជំងឺទៀតផង៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ