ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bernie Sanders បានដកខ្លួនចេញពីការប្រកួតក្លាយជាបេក្ខជនប្រធានាធិបតី


រូបឯកសារ៖ លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont មកពីគណបក្សប្រជាធិបតេយ្យ ចាប់ដៃអ្នកគាំទ្រ នៅមណ្ឌលបោះឆ្នោតបឋមមួយកន្លែង នៅទីក្រុង Dearborn Heights រដ្ឋ Michigan កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont មកពីគណបក្សប្រជាធិបតេយ្យ ចាប់ដៃអ្នកគាំទ្រ នៅមណ្ឌលបោះឆ្នោតបឋមមួយកន្លែង នៅទីក្រុង Dearborn Heights រដ្ឋ Michigan កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

នៅថ្ងៃពុធ លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont នៃគណបក្សប្រជាធិបតេយ្យ បានសម្រេចដកខ្លួនចេញពីការប្រកួតដំណើមយកបេក្ខភាពជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។

ថ្លែងពីគេហដ្ឋានរបស់លោកនៅរដ្ឋ Vermont លោក Sanders បានចាត់ទុកដៃគូប្រជែងរបស់លោក ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា គឺលោក Joe Biden ថា «ជាបុគ្គលដ៏សមរម្យម្នាក់» ហើយលោកថា លោកនឹងធ្វើការជាមួយលោក Biden ពាក់ព័ន្ធនឹង «គោលការណ៍កែទម្រង់គោលនយោបាយ»។

លោក Sanders បានបន្ថែមថា បើទោះបីជាលោកដកខ្លួន មិនធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោតដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីក្តី ក៏លោកនៅតែបន្តរក្សាឈ្មោះជាបេក្ខភាពរបស់លោក នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតបឋម នៅតាមរដ្ឋមួយចំនួនដែលគ្រោងនឹងធ្វើឡើងតទៅទៀត។

លោកសង្ឃឹមថា ការសម្រេចធ្វើបែបនេះ អាចនឹងជួយឲ្យរូបលោកឈ្នះចំនួនប្រតិភូបន្ថែមទៀត មុននឹងសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ នឹងមកដល់នៅខែសីហាខាងមុខនេះ។ ការណ៍ឈ្នះចំនួនប្រតិភូបន្ថែម មានន័យថា លោកអាចមានសំឡេងក្នុងការតាក់តែងគោលការណ៍ទូទៅនៃគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យបាន។

លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីក្រោមរដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា បានក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដែលត្រូវប្រឈមនឹងការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតីតទល់ជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕

XS
SM
MD
LG