ប្រធានអង្គការសុខភាពពិភពលោក WHO កំពុងអំពាវនាវឲ្យមានការបង្កើនការកំណត់ទិន្នន័យហ្ស៊ែនឬឌីអិនអេ (DNA) របស់វីរុស (genomic sequencing) នៃជំងឺកូវីដ១៩ បន្ទាប់ពីមានប្រភេទវីរុសវិវត្តថ្មីត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងប្រទេសអាហ្វ្រិកខាងត្បូង។
នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអនឡាញមួយ កាលពីថ្ងៃច័ន្ទពីទីក្រុងហ្សឺណែវថា៖ «លុះត្រាតែប្រទេសនានាកំពុងពិនិត្យនិងធ្វើតេស្តប្រកបដោយប្រសិទ្ធភាព ទើបអាចរកឃើញជំងឺកូវីដ១៩ វិវត្តថ្មី និងកែសម្រួលយុទ្ធសាស្ត្រដើម្បីទប់ទល់»។
លោកបាននិយាយថា អង្គការសុខភាពពិភពលោក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក ដើម្បីយល់ឲ្យកាន់តែច្បាស់ពីការផ្លាស់ប្ដូរទាំងអស់នៃវីរុស និងផលប៉ះពាល់របស់វា ហើយលោកបានអំពាវនាវឲ្យប្រទេសនានាចែករំលែកព័ត៌មានអំពីហ្ស៊ែននៃវីរុសវិវត្តថ្មីនេះជាមួយអង្គការសុខភាពពិភពលោក និងប្រទេសដទៃៗទៀត។
មន្ត្រីចក្រភពអង់គ្លេសបាននិយាយថា ជំងឺកូវីដ១៩ប្រភេទថ្មីនេះ ដែលត្រូវបានរកឃើញដំបូងនៅប្រទេសខ្លួននេះ អាចឆ្លងខ្លាំងជាងមុន ដែលនេះបាននាំឲ្យមានវិធានការបិទសកម្មភាពក្នុងប្រទេស ក៏ដូចជាហាមជាសកលមិនឲ្យមានការធ្វើដំណើរពីប្រទេសអង់គ្លេស។
កាលពីថ្ងៃច័ន្ទ ប្រទេសជាច្រើនទៀតដូចជាហ្វាំងឡង់ និងកូរ៉េខាងត្បូងរកឃើញករណីដំបូងនៃជំងឺកូវីដ១៩ វិវត្តថ្មីនេះ។
ចំណែកប្រទេសឥណ្ឌូណេស៊ីប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងហាមជាបណ្ដោះអាសន្នមិនឲ្យជនបរទេសចូលក្នុងប្រទេសរបស់ខ្លួនរយ:ពេលពីរសប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មីនេះ៕