មនុស្សរហូតដល់ទៅ ៤៤ លាននាក់នៅក្នុងទ្វីបអាហ្រ្វិក អាចមានមេរោគកូរ៉ូណា ហើយ១សែន៩ម៉ឺននាក់ទៀត នឹងស្លាប់ ប្រសិនបើ វីរុសនោះ មិនត្រូវបានគេរាំងខ្ទប់ទេ។ នេះបើតាមអង្គការសុខភាពពិភពលោក។
របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក បានពិនិត្យមើលប្រទេសចំនួន៤៧នៅក្នុងទ្វីបអាហ្វ្រិក។ របាយការណ៍នោះបានឲ្យដឹងថា ខណៈដែលអត្រាឆ្លងនៅក្នុងទ្វីបអាហ្វ្រិក នឹងមានការយឺតយ៉ាវជាងផ្នែកផ្សេងទៀតរបស់ពិភពលោកក្នុងអំឡុងឆ្នាំដំបូងនៃការរាតត្បាតក៏ដោយ ជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក អាចស្ថិតនៅយូរនៅក្នុងអ្វីដែលរបាយការណ៍បានហៅថា «ចំណុចក្តៅ»។
លោកវេជ្ជបណ្ឌិត Matshidiso Moeti នាយកប្រចាំតំបន់អាហ្វ្រិករបស់អង្គការសុខភាពពិភពលោក បាននិយាយថា៖ «ជំងឺកូវីដ១៩ អាចស្ថិតនៅក្នុងជីវិតរបស់យើងជាច្រើនឆ្នាំ ប្រសិនបើ វិធីដោះស្រាយដែលជំរុញឲ្យមានសកម្មភាព មិនត្រូវបានអនុវត្តដោយរដ្ឋាភិបាលជាច្រើននៅក្នុងតំបន់ទេ។ យើងចាំបាច់ធ្វើតេស្ត តាមដាន ដាក់មនុស្សដែលមានមេរោគឲ្យនៅដាច់ពីគេនិងព្យាបាល»។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជាតិ កំពុងបង្កើនការអំពាវនាវរបស់ខ្លួនដើម្បីរកជំនួយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីជួយប្រទេសក្រីក្រខ្លះនៅក្នុងពិភពលោកធ្វើការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា។
កាលពីថ្ងៃព្រហស្បតិ៍ ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចីក្នុងគ្រាអាសន្នដែលមានទឹកប្រាក់ ៥០៦ លានដុល្លារសម្រាប់ប្រទេសអេក្វាទ័រ ដែលកំពុងខិតខំដោះស្រាយការផ្ទុះឡើងដ៏អាក្រក់បំផុតមួយនៅតំបន់អាមេរិកឡាទីន។
នាយកវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក បានប្រាប់គណៈកម្មាធិការព្រឹទ្ធ សភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារសុខាភិបាល បានចូលរួមជា មួយឧស្សាហកម្មឯកជនដើម្បីបង្កើតនិងចែកចាយបច្ចេកវិទ្យាដែលលោក បាននិយាយថា អាចធ្វើតេស្តមនុស្សរាប់លាននាក់នៅចុងរដូវក្តៅខាងមុខ មុនពេលរដូវគ្រុនផ្តាសាយចាប់ផ្តើម៕