សហរដ្ឋអាមេរិក «កំពុងងើបឡើងពីស្ថានភាពលំបាក» នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសំខាន់ម្នាក់នៃសេតវិមាន កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Jeffrey Zients អ្នកសម្របសម្រួលវិធានការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ របស់សេតវិមាន បានប្រាប់បណ្តាញទូរទស្សន៍ CNN ថា សហរដ្ឋអាមេរិកមាន «វ៉ាក់សាំង [កូវីដ១៩] គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់» បើទោះបីជាចំនួនអ្នកចាក់វ៉ាក់សាំងប្រចាំថ្ងៃបានធ្លាក់ចុះមកនៅត្រឹម ២ លាន ១ សែននាក់ ដែលជាការធ្លាក់ចុះចំនួន ៤០% បើប្រៀបធៀបទៅនឹងសន្ទុះកើនឡើងខ្លាំងកាលពីខែមុនក៏ដោយ។
លោកបាននិយាយថា ឥឡូវនេះ ពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើងទៅជិត ១៤៩ លាននាក់ ដែលស្មើនឹងប្រហែល ៥៨% បានចាក់វ៉ាក់សាំងយ៉ាងតិចក៏បានមួយដូសដែរ។ លោកប្រធានាធិបតី Joe Biden និយាយថា លោកសង្ឃឹមថា តួលេខនេះនឹងកើនដល់ ៧០% នៅត្រឹមថ្ងៃទី ៤ ខែកក្កដា ខាងមុខ ដែលជាទិវាបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។
លោក Zients បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុង «ស្ថិតនៅលើផ្លូវ» ដែល «កាន់តែមានសុវត្ថិភាពនិងខិតកាន់តែជិតទៅរកប្រក្រតីភាពឡើងវិញ»។ ក៏ប៉ុន្តែ លោកបានទទួលស្គាល់ថា «មនុស្សគ្រប់គ្នានឿយហត់» នឹងការរឹតត្បិតបង្ការការឆ្លងជំងឺកូវីដ១៩។
លោកបានជំរុញប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំង ប្រសិនបើមិនទាន់បានចាក់ និងឲ្យ «រក្សាការប្រុងប្រយ័ត្ន» និងពាក់ម៉ាស់នៅក្នុងហ្វូងមនុស្ស។
លោក Zients បានបន្ថែមថា ទោះបីជានៅត្រឹមថ្ងៃទី ៤ ខែកក្កដាខាងមុខ ពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ១៩ អាចឈានដល់ចំនួន ៧០% ឬក៏អត់ក៏ដោយ ក៏សហរដ្ឋអាមេរិកនឹងនៅបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានច្រើនតាមដែលអាចធ្វើបានដដែល ហើយប្រសិនបើការចាក់វ៉ាក់សាំងបន្ថែមនៅកន្លះឆ្នាំក្រោយ ឬលើសពីនេះ «ជាការចាំបាច់ សហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចរាល់» សម្រាប់រឿងនេះ៕