សហរដ្ឋអាមេរិកបានបញ្ជូនក្រុមប្រយុទ្ធនៃនាវាដឹកយន្តហោះចម្បាំង និងកងកម្លាំងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton និយាយថាជា «សញ្ញា និងការព្រមាននៃបញ្ហាដែលកាន់តែតានតឹងឡើង» ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ លោក Bolton បានបញ្ជាក់ថា វិធានការនេះគឺធ្វើឡើងដើម្បី «ផ្ញើសារដ៏ច្បាស់លាស់ និងមិនយល់ច្រឡំមួយទៅកាន់របបដឹកនាំរបស់អ៊ីរ៉ង់ថា ការវាយប្រហារណាមួយលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬក៏លើផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នឹងប្រឈមនឹងការប្រើកម្លាំងដោយមិនបន្ធូរដៃ»។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក «គ្មានបំណងធ្វើសង្គ្រាមជាមួយនឹងរបបដឹកនាំរបស់អ៊ីរ៉ង់ទេ ប៉ុន្តែយើងត្រៀមខ្លួនពេញលេញដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយ ទោះបីជាការវាយប្រហារដោយក្រុមឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ឬក៏ដោយកងកម្លាំងអ៊ីរ៉ង់ធម្មតាក៏ដោយ»។
រដ្ឋាភិបាលអាមេរិកមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីការគំរាមកំហែងណាមួយជាក់លាក់នោះទេ។
ក្រៅពីនាវាដឹកយន្តហោះចម្បាំង USS Abraham Lincoln ក្រុមប្រយុទ្ធនេះក៏មានផងដែរនូវយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ នាវាពិឃាដ និងពលទាហានជើងទឹកជាង ៦ ពាន់នាក់ នៅពេលដែលក្រុមនេះចាកចេញពីកំពង់ផែសហរដ្ឋអាមេរិកកាលពីដើមខែមេសា។
នៅពេលថ្លែងទៅកាន់ក្រុមអ្នកកាសែតដែលធ្វើដំណើរជាមួយលោកទៅកាន់ទ្វីបអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបដិសេធមិនលើកឡើងពីមូលហេតុដែលបណ្ដាលឲ្យសហរដ្ឋអាមេរិកសម្រេចធ្វើដូច្នេះទេ ប៉ុន្តែបានបញ្ជាក់ថា ការធ្វើដូច្នេះត្រូវបានពិចារណាមួយរយៈមកហើយ ហើយរដ្ឋបាលលោកប្រធានាធិបតី Donald Trump មាន «ហេតុផលត្រឹមត្រូវ» ក្នុងគោលបំណងបញ្ជាក់ឲ្យបានច្បាស់ដល់រដ្ឋាភិបាលអ៊ីរ៉ង់អំពីវិធីដែលសហរដ្ឋអាមេរិកនឹងឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីរ៉ង់៕