សហរដ្ឋអាមេរិកប្ដេជ្ញាជួយជ្រោមជ្រែងប្រទេសហ្វីលីពីននៅក្នុងកិច្ចប្រឹងប្រែងអនុវត្តច្បាប់នៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែក៏មានបំណងចង់ធ្វើឲ្យច្បាស់ថា រដ្ឋាភិបាលក្រុងម៉ានីលប្ដេជ្ញាប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក John Kirbyអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ។
លោក John Kirby បាននិយាយយ៉ាងដូច្នេះថា៖ «កម្មវិធីជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកត្រូវបានតាក់តែងឡើងដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដោយការបង្កើនសមត្ថភាពរបស់ប្រទេសហ្វីលីពីនដើម្បីអាចធ្វើកិច្ចការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវតាមច្បាប់ និងដោយការធ្វើឲ្យប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅក្នុងប្រទេសហ្វីលីពីនមានលក្ខណៈប្រសើរ ដើម្បីឲ្យវាមានលក្ខណៈទទួលខុសត្រូវជាងមុន មានតម្លាភាព មានប្រសិទ្ធភាព និងប្រកបដោយយុត្តិធម៌»។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានដែលទទួលបានពីសភាសហរដ្ឋអាមេរិក ដែលប្រភពនោះបានបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្អាកការលក់កាំភ្លើងវែងចំនួន ២ ម៉ឺន ៦ ពាន់ដើម ទៅឲ្យប៉ូលិសជាតិរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក Ben Cardin បានប្រឆាំង ដោយសារតែការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន។
លោក Kirby មិនមានយោបល់អ្វីអំពីព័ត៌មានអំពីការលក់អាវុធទាំងនោះនោះទេ។
ដើម្បីធ្វើការលក់អ្វីមួយដោយផ្ទាល់ ក្រុមហ៊ុនអាមេរិកត្រូវផ្ញើសំណើមួយទៅកាន់ការិយាល័យកិច្ចការនយោបាយ និងយោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុននោះបានចរចាពីការលក់នេះជាមួយនឹងរដ្ឋាភិបាលបរទេសរួចមក។ បន្ទាប់មក រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយមានការផ្ដល់ប្រឹក្សាពីសភា ត្រូវឯកភាពជាមួយនឹងការលក់នេះ មុននឹងការលក់នេះអាចយកជាការបានតាមផ្លូវច្បាប់៕