លោក Larry kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន «ជាជោគជ័យដ៏ធំមួយ» ក៏ប៉ុន្តែ លោកទទួលស្គាល់ថា មិនមានសញ្ញាណថា កិច្ចព្រមព្រៀងរវាងប្រទេសសេដ្ឋកិច្ចយក្សទាំង២នេះ ទទួលបានជោគជ័យភ្លាមៗនោះទេ។
លោក kudlow បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News Sunday ថា «ការចរចា នឹងបន្តធ្វើមួយរយៈពេលធំ»។
លោកនិយាយទៀតថា ប្រទេសទាំង២បានព្រមព្រៀងគ្នាចំនួន៩០ភាគរយនៃកិច្ចព្រមព្រៀងថ្មីកាលពីដើមខែឧសភាមុនពេលការចរចាបានបរាជ័យនៅក្នុងអ្វីដែលបានក្លាយទៅជាការជាប់គាំងអស់រយៈពេល៧សប្តាហ៍។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅខាងក្រៅសន្និសីទកំពូលប្រទេស G20 ក្នុងប្រទេសជប៉ុនដើម្បីចាប់ផ្តើមការចរចាឡើងវិញ។
ក៏ប៉ុន្តែ លោក kudlow បានប៉ាន់ស្មានថា «ចំនួន១០ភាគរយចុងក្រោយបង្អស់ដែលមិនព្រមព្រៀងគ្នា អាចក្លាយជាការលំបាកបំផុត» ដែលជាបញ្ហាមិនអាចដោះស្រាយបានដូចជា៖ ការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ ការទាមទាររបស់ចិនឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកប្រគល់បច្ចេកវិទ្យាដែលក្រុមហ៊ុនទាំងនោះប្រើ ការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះក្រុមហ៊ុនរបស់ខ្លួន និងការលក់គ្រឿងបម្លាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកទៅឲ្យមហាក្រុមហ៊ុន Huawei របស់ចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានព្រមព្រៀងនៅក្នុងជំនួបរបស់លោកជាមួយប្រធានាធិបតីចិនស៊ី ជីនពីង ដើម្បីបន្ធូរបន្ថយការលក់គ្រឿងបម្លាស់ខ្លះដែលធ្វើនៅក្នុងសហរដ្ឋអាមេរិកទៅឲ្យក្រុមហ៊ុន Huawei របស់ចិន ជាការផ្លាស់នយោបាយមួយដែលសហការីខ្លះខាងគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំនៅក្នុងសហរដ្ឋអាមេរិក មិនយល់ស្រប ពីព្រោះតែពួកគេបានចោទប្រកាន់ថា ក្រុមហ៊ុន Huawei របស់ចិន អាចដាក់ឧបករណ៍ស៊ើបយកការណ៍សម្ងាត់របស់ចិននៅក្នុងផលិតផលរបស់ពួកគេដែលលក់ទៅបរទេស។ លោក Marco Rubio សមាជិកព្រឹទ្ធសភាសហដ្ឋអាមេរិកមកពីរដ្ឋ Florida បានហៅការសម្រេចនេះថា «ជាកំហុសប្រកបដោយមហន្តរាយ»៕