អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គាំទ្រប្រជាពលរដ្ឋអ៊ីរ៉ង់ និងបាននិយាយថាប្រហែលជាមានកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ីនៅក្នុងការទប់ទល់នឹងក្រុមបាតុករនៅអ៊ីរ៉ង់។
អ្នកស្រី Jean-Pierre បានប្រាប់ក្រុមអ្នកកាសែតថា៖ «យើងឈរជាមួយពលរដ្ឋនិងស្ត្រីអ៊ីរ៉ង់ដ៏អង់អាចក្លាហាន ដែលនៅពេលនេះពួកគេកំពុងធ្វើបាតុកម្មដើម្បីទាមទារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន»។
អ្នកស្រីបាននិយាយថា សហរដ្ឋអាមេរិក «មានក្ដីបារម្ភថារដ្ឋាភិបាលរុស្ស៊ីប្រហែលជាកំពុងផ្ដល់ដំបូន្មានដល់រដ្ឋាភិបាលអ៊ីរ៉ង់អំពីវិធីអនុវត្តនៅក្នុងការទប់ទល់នឹងការតវ៉ា ដោយសារតែរុស្ស៊ីមានបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងការបង្ក្រាបបាតុកម្មសាធារណៈ»។
អ្នកស្រីបានបន្ថែមថា ភ័ស្តុតាងដែលបង្ហាញថាអ៊ីរ៉ង់កំពុងជួយរុស្ស៊ីនៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនគឺមានភាព «ច្បាស់ក្រឡែតនិងជាសាធារណៈ»។
កន្លងមក ប្រទេសអ៊ុយក្រែននិងដៃគូបស្ចិមប្រទេសរបស់ខ្លួនដែលរួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានបញ្ជាក់ថា ដ្រូនដែលកងកម្លាំងរុស្ស៊ីបានប្រើដើម្បីវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះត្រូវបានផ្តល់ឱ្យដោយអ៊ីរ៉ង់។ រុស្ស៊ីបានបដិសេធថាខ្លួនមិនបានប្រើដ្រូនរបស់អ៊ីរ៉ង់ទេ ហើយអ៊ីរ៉ង់ក៏បានបដិសេធផងដែរថាខ្លួនមិនបានផ្តល់ដ្រូនទាំងនេះឱ្យរុស្ស៊ីនោះឡើយ។
អ្នកស្រី Jean-Pierre បាននិយាយថា៖ «អ៊ីរ៉ង់និងរុស្ស៊ីកាន់តែមានភាពជិតស្និទ្ធជាមួយនឹងគ្នានៅពេលដែលពួកគេកាន់តែឯកោឡើង។ សាររបស់យើងចំពោះអ៊ីរ៉ង់គឺបញ្ជាក់យ៉ាងច្បាស់ថា ឈប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងនិងឈប់បញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីដើម្បីសម្លាប់ប្រជាពលរដ្ឋអ៊ុយក្រែន»។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធនោះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា រុស្ស៊ីនិងអ៊ីរ៉ង់កំពុងធ្វើការជាមួយគ្នាដើម្បីរំលោភលើសិទ្ធិមនុស្សនិងសិទ្ធិស៊ីវិលរបស់ពលរដ្ឋអ៊ីរ៉ង់ និងដើម្បីបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋអ៊ុយក្រែន។
លោក Kirby បានថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកឈរជាមួយនឹងស្ត្រីនិងពលរដ្ឋអ៊ីរ៉ង់ទាំងអស់ដែលបំផុសគំនិតដល់ពិភពលោកទាំងមូលដោយសារភាពក្លាហានរបស់ពួកគេ។ យើងនឹងបន្តចាត់វិធានការដើម្បីដាក់ទណ្ឌកម្មលើអ្នកដែលប្រព្រឹត្តិអំពើហិង្សាលើក្រុមអ្នកតវ៉ា់ដោយសន្តិវិធី»៕