សេតវិមានកាលពីថ្ងៃអាទិត្យបានបង្កើនការទាមទាររបស់ខ្លួនឲ្យសាងសង់ជញ្ជាំងនៅតាមព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកដើម្បីរារាំងដល់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់មកក្នុងសហរដ្ឋអាមេរិក បើទោះជាសេតវិមានត្រូវបង្ខំឲ្យបិទរដ្ឋាភិបាលមួយផ្នែកនៅក្នុងសប្តាហ៍នេះក៏ដោយ។
លោក Stephen Miller ដែលជាទីប្រឹក្សាអន្តោប្រវេសន៍ដ៏សំខាន់មួយរូបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងទៅកាន់បណ្តាញសារព័ត៌មាន CBS ថា «យើងនឹងធ្វើអ្វីៗដែលចាំបាច់ដើម្បីសាងសង់ជញ្ជាំងនៅព្រំដែន ដើម្បីបញ្ឈប់វិបត្តិអន្តោប្រវេសន៍ដែលកំពុងកើតឡើងនេះ»។
នៅពេលសួរថាទោះជាការទាមទារនេះតម្រូវឲ្យបិទរដ្ឋាភិបាលអាមេរិក២៥ភាគរយ នៅពេលដែលថវិកាសម្រាប់ក្រសួងសន្តិសុខមាតុភូមិនិងទីភ្នាក់ងារអាមេរិកដទៃទៀតអស់នៅអាធ្រាត្រថ្ងៃសុក្រនេះក៏ដោយ លោក Miller បានឆ្លើយតបវិញថា «ប្រសិនបើពិតជាដូច្នេះមែន គឺចៀសមិនផុតទេ»។
កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា លោកនឹងយល់ព្រមឲ្យមានការបិទរដ្ឋាភិបាល ប្រសិនបើសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំង បន្តបដិសេធលើការទាមទាររបស់លោកចំពោះថវិកា៥ពាន់លានដុល្លារ ដើម្បីចាប់ផ្តើមសាងសង់ជញ្ជាំងនៅតាមផ្នែកខ្លះនៃព្រំប្រទល់រវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកដែលមានចម្ងាយ៣២០០គីឡូម៉ែត្រ ដែលអាចត្រូវចំណាយប្រាក់អស់ជាង២០ពាន់លានដុល្លារ។ សមាជិកគណបក្សប្រជាធិបតេយ្យបានផ្តល់ប្រាក់១ពាន់៣រយលានដុល្លារដើម្បីពង្រឹងសន្តិសុខនៅព្រំប្រទល់ ប៉ុន្តែមិនបានផ្តល់ថវិកាសម្រាប់សាងសង់ជញ្ជាំងនោះទេ៕