លោកប្រធានាធិបតីស.រ.អា ដូណាល់ ត្រាំ និង មេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង កាលពីថ្ងៃអង្គារ ក្នុងរឿងផ្តល់ថវិកាសម្រាប់សង់ជញ្ជាំងមួយនៅតាមបណ្តោយព្រំដែនស.រ.អា ជាមួយប្រទេសមិចស៊ិក។ លោកត្រាំថ្លែងថាលោក មានមោទនភាពក្នុងការបិទរដ្ឋាភិបាលមួយផ្នែក នៅសប្តាហ៍ក្រោយ ដោយសារការខ្វែងគំនិតគ្នានេះ។
«បើសិនជាយើងគ្មានសន្តិសុខនៅទល់ដែនទេ យើងនឹងបិទរដ្ឋាភិបាល» នេះជាសម្តីរបស់លោកត្រាំ ទៅកាន់លោក Charles Schumer មេដឹកនាំព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យនិង លោកស្រី Nancy Pelosi ដែលបច្ចុប្បន្នជាមេដឹកនាំនៃគណបក្សមានសំឡេងភាគតិច ក្នុងរដ្ឋសភា តែនឹងក្លាយជាប្រធានរដ្ឋសភា នៅពេលដែលគណបក្សប្រជាធិបតេយ្យ កាន់កាប់រដ្ឋសភា នៅខែក្រោយ។
លោកត្រាំ បានជជែកជាមួយលោក Schumer និង លោកស្រី Pelosi លើរឿងសង់ជញ្ជាំងនេះ នៅពេលដែលពួកអ្នកយកព័ត៌មានឈរមើល ក្នុងការិយាល័យប្រធានាធិបតី មុននឹងលោកត្រាំ បណ្តេញពួកអ្នកយកព័ត៌មានចេញ ហើយបន្ទាប់មកបានពិភាក្សាជាមួយមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យទាំង២រូប ក្នុងលក្ខណៈឯកជន។ លោកត្រាំចង់បានថវិកាចំនួន៥ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំងកំពស់១៥ម៉ែត្រ ដែលនៅទីបំផុត អាចត្រូវចំណាយអស់ ២០ពាន់លានដុល្លារ នៅតាមបណ្តោយព្រំដែនប្រវែង៣ពាន់២រយគីឡូម៉ែត្រ ជាមួយប្រទេសមិចស៊ិក។ លោក Schumer ថ្លែងថាគណបក្សប្រជាធិបតេយ្យ សុខចិត្តឲ្យប្រាក់ ១ពាន់៣រយលានដុល្លារ សម្រាប់ចាយវាយក្នុងកិច្ចការសន្តិសុខតាមទល់ដែន សម្រាប់ឆ្នាំ២០១៩៕