ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​មិន​បាន​លើកឡើង​ពី​ជំនួប​របស់​លោក​ប្រធានាធិបតី Trump ជាមួយ​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី


លោក​ប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​ដែន​សមុទ្រ និង​ការវិនិយោគ​ប្រទេស​ឥណ្ឌូណេស៊ី​លោក Luhut Binsar Pandjaitan នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​ដែន​សមុទ្រ និង​ការវិនិយោគ​ប្រទេស​ឥណ្ឌូណេស៊ី​លោក Luhut Binsar Pandjaitan នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​ដែន​សមុទ្រ​និង​ការ​វិនិយោគ​ប្រទេស​ឥណ្ឌូណេស៊ី​លោក Luhut Binsar Pandjaitan កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ជំនួប​មួយ​ដែល​សេតវិមាន​មិន​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កាលវិភាគ​ប្រជុំ​សាធារណៈ​របស់​លោក​ប្រធានាធិបតី Trump និង​ថែម​ទាំង​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ផង​ដែរ។

អ្នកស្រី Ivanka Trump និង​លោក Jared Kushner ដែល​ជា​ទីប្រឹក្សា​សេតវិមាន រួម​ជាមួយ​លោក Adam Boehler ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (DFC) ក៏​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​និង​រូបថត​នៃ​ជំនួប​នេះ ដែល​បាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី។

លោក Pandjaitan ដែល​ជារឿយៗ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា «រដ្ឋមន្ត្រី​គ្រប់​បែប​យ៉ាង» នោះ បាន​និយាយ​ថា៖ «តាង​នាម​ឲ្យ​លោក​ប្រធានាធិបតី Joko Widodo ខ្ញុំ​សូម​សម្តែង​អំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី Donald Trump។ ទោះបីជា​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​ជា​បែប​ណា​ក៏ដោយ ក៏​មិត្តភាព​ត្រូវតែ​រក្សា​ដដែល។ យើង​នឹង​នៅតែ​ជា​មិត្តភក្ដិ។ ខ្ញុំ​សង្ឃឹម​ថា ទំនាក់ទំនង​ដ៏​ល្អ​នេះ​ជាមួយ​សេតវិមាន​ ក៏​អាច​ត្រូវ​បាន​ជំរុញ​ទៅ​មុខ​បន្ថែម​ទៀត​នៅ​ក្រោយ​ខែ​មករា ឆ្នាំ ២០២១ ផង​ដែរ»។

លោក Pandjaitan បាន​និយាយ​ថា លោក​និង​លោក​ប្រធានាធិបតី Trump បាន​ពិភាក្សា​អំពី «ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច» រវាង​ប្រទេស​ទាំង ២ ជាពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បន្ត​ឋានៈ​អនុគ្រោះ​ពន្ធ GSP ដល់​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ដើម​ខែ​នេះ​មក។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ឥណ្ឌូនេស៊ី​ បានចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៧៥០ លាន​ដុល្លារ​ជាមួយ​ធនាគារ​អាហរ័ណ​នីហរ័ណ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​នេះ លោក Pandjaitan បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ដែល​បើ​យោង​តាម​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ស្នើ​ផ្តល់ «កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា​នៅ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​រវាង​ក្រុមហ៊ុន​អាមេរិកាំង​និង​ឥណ្ឌូនេស៊ី» និង​បាន​ជួប​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Robert O' Brien អំពី «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» នៅ​ក្នុង​វិស័យ​ការពារ​ប្រទេស​ និង​បច្ចេកវិទ្យា៕

XS
SM
MD
LG