ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា​មាន «មធ្យោបាយ» ជា​ច្រើន​នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​សាកល្បង​មីស៊ីល​ដែល​អាច​ទៅ​រួច​របស់​កូរ៉េ​ខាង​ជើង


មនុស្សម្នា​មើល​កញ្ចក់​ទូរទស្សន៍​បង្ហាញ​រូបភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
មនុស្សម្នា​មើល​កញ្ចក់​ទូរទស្សន៍​បង្ហាញ​រូបភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​មិន​ចង់​ធ្វើ​ការ​ស្មានៗ​មិន​ច្បាស់​អំពី​ការ​គំរាម​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ជូន «កាដូ​ថ្ងៃ Christmas» ដល់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹង «ខក​ចិត្ត​យ៉ាង​ខ្លាំង» ប្រសិនបើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សាកល្បង​មីស៊ីល​ដែល​ហោះ​បាន​ចម្ងាយ​ឆ្ងាយ ឬ​ក៏​មីស៊ីល​ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «សប្ដាហ៍​នេះ» របស់​ទូរទស្សន៍ ABC លោក O'Brien បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​សមរម្យ​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​យោធា និង​សេដ្ឋកិច្ច​នាំ​មុខ​គេ ប្រសិនបើ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សាកល្បង​មីស៊ីល​ទាំង​នេះ។

លោក O'Brien បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន «មធ្យោបាយ​ជា​ច្រើន» នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​រឿង​នេះ។

លោក​លើក​ឡើង​ដូច្នេះ​ថា៖ «យើង​នឹង​នៅ​រង់ចាំ​មើល​ស្ថានការណ៍​សិន ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ ដូច​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ។ ប្រសិនបើ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ធ្វើ​ការ​សាកល្បង​មីស៊ីល​ទាំង​នោះ​មែន សហរដ្ឋ​អាមេរិក​នឹង​ខក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ខក​ចិត្ត​នេះ»។

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ផ្ញើ «កាដូ​ថ្ងៃ Christmas» ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិនព្រម​បន្ធូរបន្ថយ​គោល​ជំហរ​របស់​ខ្លួន​សម្រាប់​ការ​ចរចា​នុយក្លេអ៊ែរ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ ដែល​ជា​កាល​បរិច្ឆេទ​ផុត​កំណត់​ដែល​កូរ៉េ​ខាង​ជើង​បាន​ដាក់​ឲ្យ​សហរដ្ឋ​អាមេរិក។

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ជាប់​គាំង​តាំង​ពី​កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Kim Jong Un ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ បាន​បរាជ័យ​មក៕

XS
SM
MD
LG