ការកាត់ទោសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅព្រឹទ្ធសភា នឹងចាប់ផ្ដើមដោយមានសវនាការបឋមនៅថ្ងៃព្រហស្បតិ៍នេះ ដែលនៅក្នុងនោះ សមាជិករដ្ឋសភាដែលដើរតួជារដ្ឋអាជ្ញានឹងបង្ហាញជូនសមាជិកព្រឹទ្ធសភាដែលដើរតួជាគណៈកម្មការវិនិច្ឆ័យ នូវបទចោទប្រកាន់ដើម្បីដកលោក Trump ចេញពីតំណែង។
ប្រធានតុលាការកំពូលលោកចៅក្រម John Roberts នឹងស្បថចូលបំពេញតួនាទីជាអ្នកមើលការខុសត្រូវលើដំណើរការកាត់ទោសនេះ ហើយបន្ទាប់មក សមាជិកព្រឹទ្ធសភាទាំង ១ រយនាក់នឹងស្បថចូលបំពេញតួនាទីសម្រាប់ដំណើរការនេះផងដែរ។
មេដឹកនាំខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បាននិយាយថា ជំហានចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ គឺការជូនដំណឹងដល់សេតវិមាន និង «កោះហៅលោកប្រធានាធិបតី Trump ឲ្យឆ្លើយសំណួរអំពីបទចោទនេះ និងឲ្យលោកបញ្ជូនមេធាវីរបស់លោកមកកាន់សវនាការ»។
ផ្នែកសំខាន់នៃសវនាការកាត់ទោសលោក Trump នឹងចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានចុះហត្ថលេខាលើបទចោទប្រកាន់ដើម្បីទម្លាក់លោក Trump ពីតំណែងនេះ នៅក្នុងពិធីមួយកាលពីថ្ងៃពុធម្សិលមិញ ដោយធ្វើឲ្យដំណើរការនេះវិវត្តន៍ទៅមុខ បន្ទាប់ពីត្រូវបានពន្យារពេលអស់ប្រហែល ១ ខែ ដោយសារតែសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាបានព្យាយាមធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំព្រឹទ្ធសភាយល់ព្រមអនុញ្ញាតឲ្យមានការផ្ដល់សក្ខីកម្មពីសាក្សីថ្មីៗនៅក្នុងសវនាការ។ ប៉ុន្តែ លោក McConnell បានបញ្ជាក់ថា ការសម្រេចអំពីការកោះហៅសាក្សីនឹងធ្វើឡើងនៅពេលក្រោយនៅក្នុងសវនាការ។
រដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យក៏បានបោះឆ្នោតផងដែរកាលពីថ្ងៃពុធម្សិលមិញ ដើម្បីជ្រើសរើសជាផ្លូវការនូវថ្នាក់ដឹកនាំរឿងចោទប្រកាន់លោក Trump នេះ ឲ្យធ្វើជារដ្ឋអាជ្ញា។ រដ្ឋអាជ្ញាទាំងនេះបានចោទប្រកាន់លោក Trump ថាបានរំលោភអំណាច និងរារាំងដំណើរការស៊ើបអង្កេតរបស់សភា៕