លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានស្វាគមន៍លោកស្រី Betsy DeVos កាលពីថ្ងៃអង្គារចំពោះការទទួលបានការតែងតាំងកាលពីសប្តាហ៍មុនជារដ្ឋមន្រ្តីក្រសួងអប់រំ ហើយលោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកស្រីជាមនុស្សដ៏ត្រឹមត្រូវដើម្បីដោះស្រាយអ្វីដែលលោកប្រធានាធិបតីបានពណ៌នាថាជាវិបត្តិសិក្សាអប់រំនៅក្នុងប្រទេសអាមេរិក។
លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា៖ «យើងនឹងធ្វើការផ្លាស់ប្តូរការសិក្សាអប់រំ ជាពិសេសសម្រាប់សហគមន៍អាហ្វិ្រក អាមេរិកាំង។ វាមានការពិបាកហើយនិងមានភាពអយុត្តិធម៌ខ្លាំងណាស់។ ដោយហេតុនេះ បានជាខ្ញុំចង់ឲ្យកូនក្មេងដែលមិនមានឱកាសនៅក្នុងប្រទេសអាមេរិក ដោយមិនគិតពីប្រវត្តិរបស់ពួកគេយ៉ាងដូចម្តេចឬពួកគេរស់នៅទីណា ឲ្យមានជម្រើសអំពីទីកន្លែងដែលពួកគេទៅរៀន»។
កំណត់សម្គាល់របស់លោកប្រធានាធិបតី បានធ្វើឡើងនៅឯសេតវិមានដែលមានការចូលរួមពីលោកគ្រូអ្នកគ្រូដែលបានបង្រៀននៅសាលារៀនសាធារណៈនិងឯកជនហើយនិងពីមាតាបិតាដែលបានបង្រៀនកូននៅផ្ទះ។
លោកស្រី DeVos បានទទួលការតែងតាំងពីព្រឹទ្ធសភាជារដ្ឋមន្រ្តីក្រសួងអប់រំកាលពីសប្តាហ៍មុននៅពេលដែលលោកអនុប្រធានាធិបតី Mike Pence ដែលជាប្រធានព្រឹទ្ធ សភាដែរនោះ បានបោះឆ្នោតបំបែកភាពស្មើគ្នា។ ការបោះឆ្នោតបែបនេះជាលោកទីមួយនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិកដែលលោកអនុប្រធានាធិបតីបានបំបែកសំឡេងឆ្នោតស្មើគ្នាដើម្បីតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីនោះ។
លោកប្រធានាធិបតី ត្រាំ មានប្រសាសន៍ថា៖ «ខ្ញុំសូមស្វាគមន៍លោកស្រីដែលបានឆ្លង កាត់ការសាកល្បងដ៏តឹងតែងនិងអយុត្តិធម៌ហើយលោកស្រីបានទទួលជ័យជម្នះនេះ»៕