អ្វីដែលបានកើតឡើងជាលទ្ធផលមិនបានគ្រោងទុកបន្ទាប់ពីការបង្ហាញខ្លួនរបស់លោកប្រធានាធិបតីត្រាំនៅឯសន្និសីទកំពូល G-20 ក្នុងក្រុងហាំប៊ីគ (Hamburg) នោះគឺថា សន្និសីទកំពូលនៅប្រទេសអាល្លឺម៉ង់នេះបានឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀតពីភាពមិនច្បាស់លាស់រវាងភារកិច្ចផ្លូវការរបស់លោកប្រធានាធិបតី និងគ្រួសាររបស់លោក។ ភាពមិនច្បាស់លាស់នេះកើតឡើងក្រោយពីលោកស្រី Ivanka Trump ដែលជាកូនស្រីរបស់លោកត្រាំ បានចូលអង្គុយតំណាងឲ្យលោកប្រធានាធិបតី អំឡុងពេលសម័យប្រជុំមួយក្នុងសន្នីសីទកំពូល G-20។
សម្រាប់សេតវិមាន សន្និសីទកំពូល G-20 គឺជាសន្និសីទផ្លូវការទូទៅមួយ។ ហើយនាយខុទ្ទកាល័យសេតវិមានលោក Reince Priebus (រ៉េន្ស ព្រីប៊ូស) បានបង្ហាញថា សន្និសីទនេះជា សន្និសីទវិជ្ជមានមួយ។ លោក Priebus បានថ្លែងថា៖ «លោកប្រធានាធិបតីបានដឹកនាំសន្និសីទយ៉ាងល្អមួយនៅអឺរ៉ុប។ ក្រុមមេដឹកនាំប្រទេស G-20 បានមកសំណេះសំណាលជាមួយនឹងលោកប្រធានាធិបតី។ លោកជា បុគ្គលលេចធ្លាមួយនៅក្រុងហាំប៊ឺគ ហើយគ្មាននរណាម្នាក់អាចបដិ សេធការណ៍នេះបាននោះទេ។ ហើយអ្វីដែលសំខាន់នោះគឺ ខ្ញុំគិតថា លោកប្រធានាធិបតីចាត់ទុកសហរដ្ឋអាមេរិកជាអាទិភាព»។
ប៉ុន្តែមនុស្សមួយចំនួនយល់ឃើញថា លោកត្រាំចាត់ទុកគ្រួសារលោកជាអាទិភាពទៅវិញ។ លោកប្រធានាធិបតីបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការចាកចេញទាំងកម្រោលយ៉ាងហោចណាស់ ក្នុងអំឡុងពេលសម័យប្រជុំចំនួនបី ហើយឲ្យកូនស្រីមកអង្គុយនៅកៅអីរបស់លោក។
ការចាកចេញទាំងកំរោលនេះ គឺមានមួយករណីនៅអំឡុងពេលសម័យប្រជុំការអភិវឌ្ឍទ្វីបអាហ្វ្រិក ដែលត្រូវបានលាតត្រដាងនៅក្នុងសារលើគេហទំព័រ (Twitter) របស់សមាជិកមួយរូបនៃគណៈប្រតិភូរុស្ស៊ី។ សារគេហទំព័រ (Twitter)នោះត្រូវបានលុបចោលនៅពេលបន្ទាប់មក។
ក្រុមអ្នករិះគន់បានហៅការចាកចេញពីសម័យប្រជុំទាំងកំរោលរបស់លោកត្រាំថាជាការបំពានពិធីការការទូត ដែលមិនធ្លាប់មានពីមុនមក។
អតីតរដ្ឋមន្រ្តីក្រសួងរតនាគារលោក Lawrence Summers បានសរសេរនៅក្នុងកាសែត Financial Times និងកាសែត The Washington Post ថា «មិនមានកាលពីមុនមកដែលកូនរបស់ប្រមុខរដ្ឋាភិបាលអង្គុយកៅអីជំនួសនោះទេ... នេះជាការប្រមាថទៅកាន់មេដឹកនាំដទៃ និងជាសញ្ញាបង្ហាញពីការបំបាក់មុខមាត់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល»។
លោកប្រធានាធិបតីត្រាំបានសរសេរការពារខ្លួនកាលពីថ្ងៃចន្ទកន្លងទៅ ដោយប៉ុនប៉ងបង្វែរការផ្តោត តាមរយៈគេហទំព័រ (Twitter) ទៅលើគូប្រជែងរបស់លោកនៅក្នុងការបោះ ឆ្នោតកាលពីឆ្នាំមុន គឺលោកស្រីហ៊ីលឡារី គ្លីនតុន ដែលធ្លាប់ជារដ្ឋមន្រ្តីការបរទេស។
លោកស្រី Chelsea Clinton កូនស្រីអ្នកស្រីហ៊ីឡារី គ្លីនតុន បានសរសេរសារវាយបកភ្លាមៗនៅលើគេហទំព័រ (Twitter) ប្រឆាំងនឹងការលើកឡើងរបស់លោកត្រាំ។ លោកប្រធានាធិបតីត្រាំ មិនខុសទេ ក្នុងការនិយាយថាប្រទេសអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះសន្និសីទកំពូលG-20 បានការពារលោកស្រី Ivanka Trump ដែលបានមកអង្គុយកន្លែងឪពុករបស់លោកស្រីនេះ។
អធិការបតីអាល្លឺម៉ង់លោកស្រីអង់គេឡា ម៉ាគែលបាននិយាយថា៖ «គណៈប្រតិភូខ្លួនឯងធ្វើការសម្រេច ថាតើប្រធានាធិបតីគួរមានវត្តមានឬទេនៅក្នុងកិច្ចប្រជុំ និងថាតើនរណានឹងមកអង្គុយជំនួស។ លោកស្រី Ivanka Trump ជាសមាជិកម្នាក់ក្នុងជួរគណៈប្រតិភូអាមេរិកាំង ដូច្នេះនេះជាអ្វីមួយដែលគណៈប្រតិភូដទៃទៀតត្រូវធ្វើផងដែរ។ គេបានដឹងឮច្បាស់ណាស់ថា លោកស្រីធ្វើការនៅសេតវិ មាន ហើយបានចូលរួមក្នុងផែនការមួយចំនួន»។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បានហៅការរិះគន់លោក ស្រីIvanka Trump ថា «ជាការវាយប្រហារឃោរឃៅ»។
លោកស្រីបានថ្លែងថា៖ «យើងគួរតែមានមោទនភាពដែលមានលោកស្រី Ivanka អង្គុយនៅកៅអីនោះ ដោយសារតែប្រធានបទនៅគ្រានោះគឺជាផ្នែកមួយនៃរបៀបវារៈរបស់លោកស្រី។ ប្រសិនបើលោកស្រីមិនមានត្រកូលដូចដែលលោក ស្រីមានពេលឥឡូវនេះទេ ខ្ញុំគិតថា លោកស្រីនឹងត្រូវបានគេសាទរ ជាជាងរងការរិះគន់ជាបន្ត បន្ទាប់»។
លោក Steve Herman អ្នកសារព័ត៌មាន VOA បាននិយាយថា៖«កូនស្រីរបស់លោកត្រាំ និងស្វាមីរបស់លោកស្រី គឺលោក Jared Kusher គឺជាទីប្រឹក្សាផ្លូវការរបស់លោកប្រធានាធិបតី។ ប៉ុន្តែអ្វីដែលញាំញីចិត្តក្រុមអ្នករិះគន់លោកប្រធានា ធិបតី និងថែមទាំងក្រុមអ្នកគាំទ្រលោកមួយចំនួនផងដែរនោះគឺ ភាពមិនច្បាស់ លាស់រវាងកិច្ចការក្នុងសេតវិមាន និងក្រុមហ៊ុនអចលនទ្រព្យរបស់គ្រួសារលោកត្រាំផ្ទាល់។ ការណ៍នេះបានបង្កឲ្យមានការព្រួយបារម្ភពីក្រមសីលធម៌ និងបង្កឲ្យមានការចោទសួរពីតម្លាភាព»៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា