ផលលំបាកដែលមិនគ្រោងទុកមួយនៃការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងកិច្ចប្រជុំ G ២០ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ គឺការផ្ដោតឡើងវិញនូវទំនាក់ទំនងស្រពិចស្រពិលរវាងតួនាទីផ្លូវការរបស់លោក និងគ្រួសារលោក។ ផលវិបាកនេះបានកើតឡើងដោយសារតែអ្នកស្រី Ivanka Trump ដែលជាកូនស្រីរបស់លោក Trump បានដើរតួតំណាងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលប្រជុំយ៉ាងតិចមួយ នៃកិច្ចប្រជុំ G ២០ នេះ។
ប៉ុន្តែសម្រាប់សេតវិមានប្រធានាធិបតីអាមេរិកវិញ កិច្ចប្រជុំ G ២០ នេះ គឺជាកិច្ចប្រជុំមួយខុសប្លែកពីធម្មតា។
នាយខុទ្ទកាល័យសេតវិមានលោក Reince Priebus បានប្រាប់អ្នកសម្ភាសន៍មួយរូបនៅក្នុងកម្មវិធី «Fox News Sunday» ថា៖ «លោកប្រធានាធិបតី Trump ជាអ្នករៀបចំកិច្ចប្រជុំ G ២០ នេះឲ្យកើតឡើង។ មេដឹកនាំនៃក្រុមប្រទេស G ២០ បានមកសួរនាំលោក Trump នៅក្នុងកិច្ចប្រជុំនោះ។ លោកគឺជាតារាមួយដួងរះនៅក្នុងកិច្ចប្រជុំ G ២០ ក្នុងប្រទេសអាល្លឺម៉ង់នេះ ដោយមិនអាចប្រកែកបាន។ ហើយការពិតគឺថា លោក Trump បានចាត់ទុកសហរដ្ឋអាមេរិកថាជាអាទិភាពលើបញ្ហាអ្វីៗទាំងអស់»។
ប៉ុន្តែ អ្នកខ្លះគិតថា លោក Trump ផ្ដល់អាទិភាពដល់ក្រុមគ្រួសាររបស់លោកមុនគេបង្អស់។ លោក Trump ត្រូវបានគេជួយនិយាយកែតម្រូវអំពីសកម្មភាពរបស់លោកនៅក្នុងការចាកចេញពីការប្រជុំយ៉ាងតិច ១ ឬអាចរហូតដល់ទៅ ៣ នៃកិច្ចប្រជុំ G ២០ កាលពីសប្ដាហ៍មុន និងការអនុញ្ញាតឲ្យកូនស្រីរបស់លោកតំណាងឲ្យរូបលោក រហូតទាល់តែពេលលោកត្រឡប់មកវិញ។
អ្នករិះគន់បានហៅការសម្រេចរបស់លោក Trump ក្នុងការអនុញ្ញាតឲ្យកូនស្រីលោកតំណាងរូបលោក ថាជាសកម្មភាពមិនដែលមានពីមុនមក និងជាការរំលោភទៅលើពិធីការការទូត៕