សេតវិមានកាលពីថ្ងៃអាទិត្យ បានការពារបរាជ័យនៃជំនួបកំពូលរបស់ប្រធានាធិបតីដូណាល់ ត្រាំកាលពីសប្តាហ៍មុនក្នុងទីក្រុងហាណូយជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនិយាយថា ផលប្រយោជន៍របស់អាមេរិកត្រូវបានការពារដោយការមិនចុះសម្រុងគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់បណ្តាញទូរទស្សន៍ CBS News ថា «បញ្ហាគឺថាកូរ៉េខាងជើងបានប្រុងប្រៀបសុខចិត្តទទួលយកអ្វីដែលលោកប្រធានាធិបតីហៅថា «កិច្ចព្រមព្រៀងដ៏ធំមួយ» ដែលធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរទាំងស្រុងនៅក្រោមលក្ខខណ្ឌដែលប្រធានាធិបតីបានប្រគល់ឲ្យគីម ជុងអ៊ុន ហើយនឹងមានសក្តានុពលសម្រាប់សេដ្ឋកិច្ចនៅពេលអនាគត ឬព្យាយាមធ្វើអ្វីតិចជាងលក្ខខណ្ឌដែលជាការមិនអាចទទួលយកបានសម្រាប់យើង»។
លោក Bolton និយាយទៀតថា៖ «ដូច្នេះ លោកប្រធានាធិបតី បានប្រកាន់យកទស្សនៈរបស់លោក។ លោកចង់ធ្វើឲ្យមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយគីម ជុងអ៊ុន។ ខ្ញុំមិនចាត់ទុកជាការបរាជ័យទាល់តែសោះ នៅពេលដែលផលប្រយោជន៍ជាតិអាមេរិកត្រូវបានការពារនោះ»។
លោក Bolton បានប្រាប់ទូរទស្សន៍ខ្សែកាប CNN ថា៖ «យើងបានបង្ហាញម្តងទៀតពីសក្តានុពលដល់កូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើង មានឆន្ទៈធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរនោះ»។
លោក Bolton បានប្រាប់បណ្តាញទូរទស្សន៍ CBS ថា កូរ៉េខាងជើង មានឆន្ទៈធ្វើការផ្តល់សម្បទានដែលមានកម្រិតដើម្បីរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅ Yongbyon ដែលលោក Bolton ពណ៌នាថា ជាម៉ាស៊ីន Reactor ចាស់ទ្រុឌទ្រោម៕