លោកប្រធានាធិបតី Joe Biden គ្រោងនឹងរៀបចំទទួលជួបក្រុមសមាជិកព្រឹទ្ធសភាទ្វេភាគីនៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីពួកគេបានបង្ហាញការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងស្តីពីកញ្ចប់ថវិកាសំខាន់សម្រាប់ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ។ការពិភាក្សាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះបានផ្តោតលើផែនការចំណាយជាង១លានលានដុល្លារ។គោលដៅជាក់លាក់រួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់និងបណ្តាញអគ្គិសនីជាតិនិងពង្រីកសេវាអ៊ីនធឺណិតលឿន។
លេខាព័ត៌មានសេតវិមានគឺអ្នកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា៖« បុគ្គលិកជាន់ខ្ពស់នៃសេតវិមានមានការប្រជុំប្រកបដោយផលិតភាពជាមួយក្រុមសមាជិកព្រឹទ្ធសភាទ្វេភាគីនៅថ្ងៃនេះដែលបានចរចាអំពីហេដ្ឋារចនាសម្ព័ន្ធ។ក្រុមនេះមានការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងជាសក្តានុពលហើយលោកប្រធានាធិបតីបានអញ្ជើញក្រុមនេះមកសេតវិមាននៅថ្ងៃស្អែកដើម្បីជួបពិភាក្សាដោយផ្ទាល់»។
ក្រុមនេះរួមមានសមាជិកព្រឹទ្ធសភា២១រូបហើយនេះជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់អ្នកប្រជាធិបតេយ្យនិងសាធារណរដ្ឋដើម្បីធ្វើកិច្ចព្រមព្រៀងអំពីទំហំអាទិភាពនិងប្រភពថវិកាសម្រាប់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធធំមួយ។
មុននេះលោក Biden បានស្នើកញ្ចប់ថវិកាប្រមាណ២,៣លានលានដុល្លារហើយក្រោយមកបានបានកាត់បន្ថយមកត្រឹម១,៧លានលានដុល្លារដើម្បីទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋដើម្បីជំរុញវិធានការនេះនៅក្នុងព្រឹទ្ធសភាដែលមានសំឡេងស្មើគ្នា។ចំណុចសំខាន់មួយនៃការខ្វែងគំនិតគ្នាគឺរបៀបចំណាយប្រាក់សម្រាប់ផែនការនេះ។ លោក Biden បានតស៊ូមតិបង្កើនអត្រាពន្ធដារលើសាជីវកម្ម ប៉ុន្តែក្រុមសាធារណរដ្ឋបានជំទាស់នឹងជំហរនោះបន្ទាប់ពីបានកាត់អត្រាការប្រាក់ដោយជោគជ័យក្នុងអំឡុងរដ្ឋបាលមុនរបស់ប្រធានាធិបតី Donald Trump៕