ភាពតានតឹងនៅកូរ៉េខាងជើងកំពុងក្លាយជាបញ្ហាព្រួយបារម្ភរបស់ពិភពលោក ដោយសារការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់។ ការចរចាទៅលើអាវុធនុយក្លេអ៊ែរណាមួយហាក់ដូចជាមិនអាចនឹងកើតមានរហូតមកដល់ពេលនេះ។ មានការលើកឡើងជាសំណួរថា ដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសកូរ៉េទាំងពីរ តើកម្ពុជាមានតួនាទីអ្វីដើម្បីជួយឲ្យមានការចរចាក្នុងបញ្ហាឧបទ្វីបកូរ៉េឬទេ?
អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឈាង វុន បាននិយាយថាអំឡុងពេលលោកបំពេញអាណត្តិជាមន្រ្តីទូតចាប់ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០៤ ប្រធានាធិបតីកូរ៉េខាងត្បូងពេលនោះ លោក Kim Dae Jung ធ្លាប់បានលើកឡើងទៅកាន់រូបលោកក្នុងជំនួបក្រៅផ្លូវការមួយថា កូរ៉េខាងត្បូងចង់ឲ្យអតីតព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ មានតួនាទីសម្របសម្រួលឲ្យមានការចរចាជម្លោះរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។
លោក ឈាង វុន ដែលបច្ចុប្បន្នជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន មានប្រសាសន៍ថា លោកនៅចាំបានថា ប្រធានាធិបតីកូរ៉េខាងត្បូងចង់ឲ្យព្រះបាទនរោត្តម សីហនុ មានតួនាទីនៅក្នុងការសម្របសម្រួលឲ្យមានការចរចារវាងប្រទេសកូរ៉េទាំងពីរ។ ប៉ុន្តែលោកថា នៅពេលនោះ កូរ៉េខាងជើងមិនមានជំហរចង់ចរចានោះទេ។
លោក ឈាង វុន បានថ្លែងប្រាប់ VOA ថា៖ «តែព្រះអង្គលោកមានបន្ទូលប្រាប់ខ្ញុំថាទាល់តែខាងត្បូងនិងខាងជើង គេស្នើមក អាហ្នឹងបានយើងអាចធ្វើទៅកើត។ អានេះជាការងារការទូត»។
លោកមានប្រសាសន៍បន្ថែមថា៖ «ដើម្បីធ្វើអាជ្ញាកណ្តាលកើត លុះតែប្រទេសទាំងពីរគេយល់ព្រមទាំងពីរ។ (បើ)កូរ៉េខាងត្បូងគាត់ស្នើយើងឲ្យធ្វើអាជ្ញាកណ្តាល ហើយបើកូរ៉េខាងជើងអត់ព្រម អត់ដែលស្នើយើង ក៏យើងធ្វើមិនកើតដែរ»។
លោក ឈាង វុន បន្តទៀតថា ប្រទេសកម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណានោះទេ ហើយកម្ពុជារាប់អានជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដោយមិនប្រកាន់និន្នាការអ្វីឡើយ។
ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងកូរ៉េខាងជើង បានបន្សល់ទុកតាំងពីព្រះបាទនរោត្តម សីហនុ អំឡុងសម័យកាលដឹកនាំដោយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលកាលនោះលោកបានសង់ព្រះរាជដំណាក់ថ្វាយព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ១៩៧៤។ ទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៥ ហើយព្រះបរមរតនកោដ្ឋ ក៏ធ្លាប់មានអង្គរក្សជាជនជាតិកូរ៉េខាងជើងផងដែរ។
ជាមួយភាពតានតឹងដែលកើតចេញពីបញ្ហាអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងជើង សំណួរត្រូវបានលើកឡើងថា តើប្រទេសជាសមាជិកអាស៊ាន អាចធ្វើអ្វីបានខ្លះដើម្បីកាត់បន្ថយភាពតានតឹងនេះ ជាពិសេសប្រទេសកម្ពុជាដែលបានធ្វើឲ្យមានតុល្យភាពនៃទំនាក់ទំនងល្អជាមួយប្រទេសកូរ៉េទាំងពីរ។
អ្នកជំនាញនិយាយថា កម្ពុជាគួរតែមានតួនាទីសកម្មជាងនេះ ទៅលើបញ្ហានៅកូរ៉េខាងជើង ដោយប្រើប្រាស់យន្តការអាស៊ាន។ ទោះជាយ៉ាងណា ការប្រើប្រាស់គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាមួយ នៅតែជាសំណួរសម្រាប់កម្ពុជា។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្រ្តមានប្រសាសន៍ថា ដោយសារទំនាក់ទំនងជិតស្និទ្ធិរវាងប្រទេសទាំងពីរ កម្ពុជាអាចចូលរួមក្នុងការកាត់បន្ថយភាពតានតឹងនៅកូរ៉េខាងជើង នៅពេលមានការស្នើសុំណាមួយមកកម្ពុជា។
លោកបានថ្លែងប្រាប់ VOA ថា៖
«អញ្ចឹងទេក្នុងករណីដែលប្រទេសកូរ៉េទាំងពីរហ្នឹងមកស្នើសុំឲ្យកម្ពុជាធ្វើជាអាជ្ញាកណ្តាល ឬក៏យកប្រទេសកម្ពុជាទៅជាកន្លែងដើម្បីពិភាក្សាណាមួយ។ ខ្ញុំគិតថា កម្ពុជាអាចធ្វើបាន ក៏ប៉ុន្តែបើឲ្យកម្ពុជាយើងទៅទំនាក់ទំនងដើម្បីស្វែងរកដំណោះស្រាយ ប្រហែលជាមិនអាចទេ»។ លោកបញ្ជាក់ថា កម្ពុជាក៏អាចជាទីតាំងសម្រាប់ការចរចារវាងប្រទេសកូរ៉េទាំងពីរផងដែរ។
លោកមានប្រសាសន៍ថា៖ «បើទីតាំងពិភាក្សារវាងកូរ៉េទាំងពីរ ប្រហែលជាភាគីកម្ពុជាស័ក្តិសមដែរដែលប្រទេសទាំងពីរអាចជឿទុកចិត្តបានដែរ»។
លោក ឈាង វណ្ណារិទ្ធិ បន្តថា ប្រទេសជាសមាជិកអាស៊ានអាចបើកឱកាសឲ្យមានការជជែកគ្នារវាងកូរ៉េខាងជើងនិងប្រទេសពាក់ព័ន្ធ នៅក្រៅកិច្ចប្រជុំផ្លូវការនានា នៅពេលមានកិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសជាច្រើនចូលរួម។
«(កម្ពុជាយើងគួរតែ)សកម្មជាងមុន នៅក្នុងការផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមណាមួយ ដើម្បីធានានូវស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់ហ្នឹង។ ប៉ុន្តែបច្ចុប្បន្នហ្នឹងប្រហែលជាបញ្ហាផ្ទៃក្នុង វាស្មុគស្មាញច្រើនពេក»។
ប្រទេសកម្ពុជាបានព្យាយាមធ្វើឲ្យមានតុល្យភាពនៃទំនាក់ទំនងជាមួយប្រទេសកូរ៉េទាំងពីរ បើទោះជាកម្ពុជាមិនមានប្រយោជន៍សេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងជើង។ កម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងច្រើន ក្នុងនោះមានការវិនិយោគ ទេសចរណ៍ និងការបញ្ជូនកម្លាំងពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងជាដើម។
លោក ឈាង វណ្ណារិទ្ធិ មានប្រសាសន៍ថា កម្ពុជាមិនសូវជាមានផលប្រយោជន៍សេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងជើងនោះទេ។
«និយាយឲ្យចំទៅ ផលប្រយោជន៍ជាតិយើងជាមួយកូរ៉េខាងត្បូង វាច្រើនជាងកូរ៉េខាងជើង។ កូរ៉េខាងជើង វាមានលក្ខណៈប្រវត្តិសាស្រ្តអញ្ចឹងទៅ។ យើងចេះតែរក្សាទុកប្រវត្តិសាស្រ្តទាំងហ្នឹង ក៏ប៉ុន្តែជាដុំកំភួនផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្ម ផ្នែកវិនិយោគហើយ»។
លោកបញ្ជាក់ថា បើស្ថិតនៅក្នុងស្ថានភាពបង្ខំឲ្យជ្រើសរើស កម្ពុជាត្រូវតែជ្រើសរើសប្រទេសកូរ៉េខាងត្បូង ដោយសារផលប្រយោជន៍ជាតិ។
កាលពីឆ្នាំ២០០៧ អតីតប្រធានាធិបតីកូរ៉េខាងជើង លោក គីម យ៉ុងអ៊ីល បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាទស្សនកិច្ចធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច មានប្រសាសន៍ថាព្រះមហាក្សត្របច្ចុប្បន្ន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងជើងនោះទេ ដូច្នេះលោកមើលឃើញថាទំនាក់ទំនងនេះមិនដូចទំនាក់ទំនងកាលពីអតីតកាលនោះទេ។
លោកបន្តថា ដោយសារបញ្ហាកូរ៉េខាងជើងមានប្រទេសមហាអំណាចមួយចំនួននៅពីក្រោយ ដូច្នេះប្រទេសកម្ពុជានឹងមិនមានលទ្ធភាពអាចធ្វើជាអ្នកសម្របសម្រួលបាននោះទេ។
លោក សុខ ទូច មានប្រសាសន៍ថា៖ «កូរ៉េ(ខាងជើង)ជាឧបករណ៍របស់ចិន សព្វថ្ងៃនេះ ដើម្បីពង្រឹងកម្លាំងរបស់ខ្លួនទប់ជាមួយអាមេរិក។ ចិនប្រើប្រាស់កូរ៉េខាងជើងជារនាំង ដើម្បីឲ្យអាមេរិកកាំង ហូរថវិកាឲ្យបានច្រើន ដើម្បីកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់អាមេរិក ព្រោះចិនមានបំណង តាមគោលនយោបាយរបស់បក្សរបស់គេ គឺគេនៅឆ្នាំ២០២០ គេនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក»។
លោកបន្តថា ប្រសិនបើអាស៊ានមានបញ្ហាប្រឈមជាមួយកូរ៉េខាងជើង នោះកម្ពុជានឹងដើរតួនាទីសំខាន់ក្នុងបញ្ហាទាំងនេះ។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូរ៉េខាងជើងមានបញ្ហាជាមួយអាស៊ាន នោះកម្ពុជានឹងអាចដើរតួនាទីបាន»។
ចាប់តាំងពីលោក គីម ជុងណាម បងប្អូនប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានសម្លាប់នៅព្រលានយន្តហោះក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែដុនដាបទៅៗ។
លោក Paul Chambers សាស្រ្តាចារ្យ និងទីប្រឹក្សាស្តីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuanក្នុងប្រទេសថៃ មានប្រសាសន៍ថា បញ្ហាឃាតកម្មលោក គីម ជុងណាម អាចជាបញ្ហាដល់ប្រទេសកម្ពុជា ដោយសារមានសេចក្តីរាយការណ៍ថាជនសង្ស័យបានមកហាត់សមការសម្លាប់លោក គីម ជុងណាម នៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ប្រសិនបើការចោទប្រកាន់នោះជាការពិត លោក ហ៊ុន សែន ត្រូវតែដកខ្លួនរបស់លោកចេញពីប្រទេសកូរ៉េខាងជើង ដើម្បីរក្សាមុខមាត់របស់រដ្ឋាភិបាល។
ទោះជាយ៉ាងណា លោក Paul Chambers មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលអាចដើរតួនាទីក្នុងការកាត់បន្ថយនូវភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ។
«ការដើរតួនាទីបែបនេះនឹងបង្កើនកេរ្តិ៍ឈ្មោះនៅក្នុងតំបន់របស់លោក ហ៊ុន សែន ជាអ្នកការទូតមួយដែលអាចដោះស្រាយបញ្ហា។ វេទិកាថ្នាក់តំបន់អាស៊ាន អាចត្រូវយកមកប្រើប្រាស់សម្រាប់បរិបទនេះ»។
លោកបន្តថា ដោយសារកម្ពុជាបានឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក ដូច្នេះកូរ៉េខាងជើងអាចគិតថា កម្ពុជាជាប្រទេសមួយដែលអាចទុកចិត្តបាន។
«ដោយសារប្រទេសចិនស្និទ្ធិនឹងប្រទេសកម្ពុជា និងកូរ៉េខាងជើង ខណៈសហរដ្ឋអាមេរិកហាក់នៅឆ្ងាយពីកម្ពុជា ដូច្នេះប្រទេសកូរ៉េខាងជើងគិតថាអាចទុកចិត្តកម្ពុជា។ នៅចំណុចនេះ ខ្ញុំគិតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចរឹងមាំគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជា ហើយនៅថ្ងៃណាមួយ អាចសម្របសម្រួលរវាងប្រទេសទាំងពីរ»។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យOccidental College នៃទីក្រុង Los Angelesសហរដ្ឋអាមេរិកបានចោទជាសំណួរពីតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ដោយលោកបានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង។
«ខ្ញុំមិនច្បាស់ថា អាស៊ានមានសមត្ថភាព ដើម្បីចូលរួមដោះស្រាយនោះឬយ៉ាងណា។ វាមិនមានការឯកភាពលើបញ្ហាសមុទ្រចិនខាងត្បូង»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson បាននិយាយថា គោលនយោបាយនៃ «ការអត់ធន់បែបយុទ្ធសាស្ត្រ» ជាមួយប្រទេសកូរ៉េខាងជើងបានចប់ហើយ ហើយថាសកម្មភាពយោធាប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងជា «ជម្រើសមួយនៅលើតុចរចា»។ជាមួយការផលិតអាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើង កម្ពុជាបានប្រកាសជំហរច្បាស់លាស់ថាខ្លួនមិនគាំទ្រកិច្ចប្រឹងប្រែងណាមួយរបស់កូរ៉េខាងជើងក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេ។
លោក Raoul M.Jennar ទីប្រឹក្សាផ្នែកការទូតរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងប្រាប់VOAថា កម្ពុជានឹងគោរពទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបញ្ជាក់បន្ថែមថា កម្ពុជាមិនមានហេតុផលណាមួយ ដើម្បីចូលខ្លួនទៅក្នុងបញ្ហាកូរ៉េខាងជើងនោះទេ។
«យើងមិនមានការពាក់ព័ន្ធពិសេសណានៅក្នុងបញ្ហានេះ។ យើងមិនមានហេតុផលណាមួយ ដើម្បីព្យាយាមឲ្យប្រទេសយើងពាក់ព័ន្ធនឹងបញ្ហានេះទេ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី មានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េខាងជើង ជាទំនាក់ទំនងទូត មិត្តភាព និងត្រូវបានបន្សល់ទុកជាប្រវត្តិសាស្រ្ត ហើយកម្ពុជានៅតែបន្តរក្សាទំនាក់ទំនងល្អនេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា កម្ពុជាចង់ឃើញឧបទ្វីបកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ ហើយចាប់ផ្តើមការចរចាជាមួយប្រទេសពាក់ព័ន្ធឡើងវិញ ដើម្បីដោះស្រាយដោយសន្តិវិធី។
«ហើយជំហរដែលកម្ពុជាលើកឡើងហ្នឹង គឺពុំមែនសំដៅកាន់ជើងភាគីណាមួយ ឬក៏ប្រឆាំងនឹងភាគីណាមួយទេ ជំហររបស់កម្ពុជាគឺយើងចង់ឃើញ សន្តិភាព ស្ថិរភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ»។
លោកបន្ថែមថា៖ «នយោបាយការបរទេសរបស់កម្ពុជាយើង គឺយើងរក្សាទំនាក់ទំនងមិត្តភាព ទំនាក់ទំនងល្អជាមួយរាល់បណ្តាប្រទេសទាំងអស់នៅលើសកលលោក»។
លោក ជុំ សន្ទរី បានឲ្យដឹងទៀតថា កម្ពុជានឹងពិចារណា ប្រសិនបើមានការស្នើសុំណាមួយ ឲ្យកម្ពុជាធ្វើជាអ្នកសម្របសម្រួលលើបញ្ហានៅឧបទ្វីបកូរ៉េ។
«កម្ពុជារីករាយប្រសិនមានសំណើណាមួយឲ្យកម្ពុជាជួយសម្របសម្រួល គឺយើងរីករាយនឹងជួយសម្របសម្រួល ប៉ុន្តែឲ្យយើងមានជាគម្រោង ជាក់ស្តែងច្បាស់លាស់ ក្នុងការអន្តរាគមន៍ជួយសម្របសម្រួលក្នុងបញ្ហានេះ គឺកម្ពុជាអត់ទាន់មានទេ»។
កាលពីថ្ងៃចន្ទសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា អាស៊ានត្រូវដើរតួនាទីសំខាន់មួយក្នុងការសម្របសម្រួលក្នុងកិច្ចប្រជុំកំពូលនានា។
«មួយទៀត ខ្ញុំក៏បានប្រាប់ថា អាស៊ាននិងសមាជិកអាស៊ានមិនត្រូវទុកខ្លួន ធ្វើជាស្មៅសម្រាប់ដំរីជាន់ទេ ព្រោះអាស៊ានជាតួអង្គដែលធ្វើការសម្របសម្រួល រាប់ទាំងនៅពេលដែលប្រជុំអាស៊ានម្តងៗ ទាំងមហាអំណាចចិន ទាំងមហាអំណាចអាមេរិក មកចូលរួមប្រជុំ រាប់ទាំងប្រជុំនៅកម្ពុជាដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០១២»។
លោក ឈាង វណ្ណារិទ្ធិ មានប្រសាសន៍ថា កម្ពុជាគួរតែធ្វើឲ្យមានតុល្យភាពនៃការគាំទ្រប្រទេសមហាអំណាច ហើយដើរតាមចរន្តពិភពលោកចំពោះប្រទេសកូរ៉េខាងជើង តាមរយៈការចូលរួមដាក់ទណ្ឌកម្ម ឬរិះគន់លើប្រទេសមួយនេះ។
«ក្នុងករណីមានសង្រ្គាមកើតឡើង ដើម្បីរិះគន់ប្រទេសណាមួយ ហើយកម្ពុជាត្រូវតែចេញនូវសេចក្តីថ្លែងការណ៍ និងដាក់សម្ពាធលើប្រទេសណាមួយ»។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា កម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់នោះទេ ដោយសាររដ្ឋាភិបាលរវល់នឹងផ្តោតលើកិច្ចការបោះឆ្នោត។
«ខ្ញុំគិតថាកម្ពុជាយើងពុំទាន់រួចរាល់ទេនៅក្នុងការឆ្លើយតបភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយសារកម្ពុជានៅផ្តោតលើបញ្ហាបោះឆ្នោត ដោយសារបញ្ហានយោបាយការបោះឆ្នោតមិនទាន់យកចិត្តទុកដាក់ខ្ពស់។ ក៏ប៉ុន្តែខ្ញុំគិតថា ក្រោយពីការបោះឆ្នោត រដ្ឋាភិបាលថ្មីកើតឡើង។ ខ្ញុំគិតថា កម្ពុជាយើងគួរតែដើរតួនាទីជាប្រទេសមួយដែលអាចចូលរួមនៅក្នុងការពារសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ តាមមធ្យោបាយដែលអាចទៅរួច»៕