កាលពីឆ្នាំ ២០១៥ វាជាលើកទីមួយដែលពួកសកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាប់ទីក្រុង Kunduz ដែលជាទីក្រុងនៃខេត្ត Kunduz នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ ពួកតាលីបង់ បានលួចយកឧបករណ៍ម៉ាកថ្មីៗរបស់នាងជាច្រើន ដែលមានតម្លៃ ១០០.០០០ (ដប់ម៉ឺន)ដុល្លារ ពីការវិនិយោគផ្ទាល់ខ្លួន និងជាជំនួយឥតសំណង។
នាងបានចាប់ផ្ដើមដំណើរការវិទ្យុម្តងទៀត ដោយខ្ចីឧបករណ៍ពីស្ថានីយដទៃ និងទទួលបានជំនួយឥតសំណង ១០.០០០ (មួយម៉ឺន)ដុល្លារ ពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន អ្វីៗទាំងអស់បានបាត់បង់ម្តងទៀត។
នាង Hasan មិនបានដឹងថាតើពួកតាលីបង់ ឬក្រុមឧក្រិដ្ឋជនណាទេ ដែលទាញយកផលប្រយោជន៍ពីភាពវឹកវរក្នុងប្រទេស មកចូលលួចយកឧបករណ៍របស់នាងកាលពីខែមុននេះ។ តែអ្វីដែលនាងដឹងគឺថា គ្មានអ្វីត្រូវបានបន្សល់ទុកទេ ក្រៅពីម៉ាស៊ីនភ្លើង និងគ្រឿងសង្ហារឹមបន្តិចបន្តួច។
មុនពេលមានការវាយប្រហាររបស់ពួកតាលីបង់ដែលមានរយៈពេលជិត១០ថ្ងៃទៅលើទីក្រុង Kunduz កាលពីដើមខែតុលា ទីក្រុងមួយនេះបានពង្រីកស្ថានីយវិទ្យុបានចំនួន ១៣ កន្លែង និងស្ថានីយទូរទស្សន៍ ៤ កន្លែង។ ស្ថានីយទាំងនោះភាគច្រើន ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងការវាយប្រហារ និងការចូលលួចយកសម្ភារៈជាបន្តបន្ទាប់។ បុគ្គលិកជាច្រើនបានរត់គេចខ្លួនពីទីក្រុង ដោយមិនដឹងថាតើពួកគេនឹងមានកន្លែងធ្វើការ ឬយ៉ាងណាទេនៅពេលដែលពួកគេត្រឡប់មកវិញ។
បុគ្គលិកទាំងនោះក៏មានលោក Mosaa Forotan ដែលជាអ្នកបញ្ជាកាមេរ៉ា និងអ្នកកាត់តវីដេអូនៅស្ថានីយទូរទស្សន៍ Roshan ផងដែរ។ នៅពេលដែលពួកតាលីបង់បានចូលដល់ទីក្រុង គាត់កំពុងនៅកន្លែងធ្វើការ។ នៅពេលដែលស្នូរកាំភ្លើង និងគ្រាប់រ៉ូកែត បានខិតមកជិតស្ថានីយទូរទស្សន៍របស់លោក លោកបានសម្រេចចិត្តចាកចេញដោយយកឧបករណ៍បញ្ជូនសម្លេង (trnasmiter)ទៅជាមួយផង។ នោះគឺជាឧបករណ៍តែមួយគត់ដែលមិនត្រូវបានបំផ្លាញ។
លោក Shahbaz Sabir អ្នកសម្របសម្រួលថ្នាក់ខេត្តនៃគណៈកម្មាធិការសុវត្ថិភាពអ្នកកាសែតអាហ្វហ្គានីស្ថាន បានឮសំឡេងកាំភ្លើងស្ទើរពេញមួយយប់កាលពីថ្ងៃទី០៣ ខែតុលា។ ជាជាងគិតរកផ្លូវដើម្បីរត់គេច លោកបានចាប់ផ្តើមរៀបចំផែនការរកទីតាំងដែលមានសុវត្ថិភាពសម្រាប់អ្នកកាសែត។ នៅពេលថ្ងៃរះឡើងទើបគេដឹងថា ពួកតាលីបង់បានវាយប្រហារទីក្រុងពីគ្រប់ច្រកល្ហក។ លោកក៏បានបោះជំរំនៅតំបន់ Sar-e-Daura ក្បែរទីក្រុង ហើយអ្នកកាសែតប្រហែល៦០រូប បានចូលរួមជាមួយគាត់នៅទីនោះ។
រឿងដំបូងដែលពួកគេត្រូវធ្វើ គឺរកវិធីផ្តល់ដំណឹងដល់ក្រុមគ្រួសារ និងមិត្តរួមការងារថា ពួកគេមានសុវត្ថិភាពទេ។ ដូច្នេះ គាត់បានរៀបចំផ្តល់កាតទូរស័ព្ទដៃយ៉ាងច្រើនសម្រាប់អ្នកកាសែតទាំងនោះ។ បញ្ហាប្រឈមបន្ទាប់ទៀត គឺការផ្តល់កន្លែងស្នាក់អាស្រ័យដែលមានសុវត្ថិភាព និងម្ហូបអាហារសម្រាប់មិត្តរួមការងាររបស់គាត់។
នៅពេលរាត្រីកាលចូលមកដល់ នាយកដ្ឋានជាតិផ្នែកសន្តិសុខ ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថាន បានមករំដោះពួកគាត់ និងផ្តល់ជម្រកសម្រាប់អ្នកកាសែតនៅប៉ុស្តិ៍យាមរបស់ពួកគេ។
កាលពីឆ្នាំមុន ពួកតាលីបង់ បានលុកលុយពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកបុគ្គលិករដ្ឋាភិបាល និងសមាជិកសង្គមស៊ីវិល។ គ្មាននរណាដឹងថា តើពួកតាលីបង់នឹងធ្វើអ្វីទេ ប្រសិនបើពួកគេបានជួបអ្នកកាសែតនោះ ដោយសារតែពួកគេមិនសប្បាយចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទេ។ កាលពីមុន អ្នកកាសែតត្រូវបានគេចាត់ទុកថាជា អាយ៉ងនៃជនឥតសាសនា។
ជាច្រើនសប្តាហ៍បន្ទាប់ពីការវាយប្រហារនោះ ទីក្រុងនេះត្រូវបានរៀបចំឡើងវិញ ប៉ុន្តែស្រុកជាច្រើននៅជុំវិញនោះនៅតែមានវត្តមានពួកតាលីបង់នៅឡើយ។ នាង Hasan បានចាប់ផ្ដើមដំណើរការស្ថានីយវិទ្យុរបស់នាងឡើងវិញដោយមានតែឧបករណ៍បញ្ជូនសំឡេងមួយប៉ុណ្ណោះ ដែលនាងបានលាក់ទុកនៅឯផ្ទះ និងឧបករណ៍ផ្សេងៗទៀតដែលនាងបានខ្ចីពីអ្នកដទៃ។
ស្ថានីយទូរទស្សន៍ និងវិទ្យុផ្សេងទៀតក៏បានចាប់ផ្តើមដំណើរការឡើងវិញដោយវិធីសាស្ត្រដូចគ្នាដែរ ប៉ុន្តែភាពភ័យខ្លាចពីការវាយប្រហារដោយពួកតាលីបង់នៅតែបន្ត៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង