ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ត្រាំ​និង​គណបក្ស​ប្រជាធិបតេយ្យ​ប្រឈម​នឹង​ទិដ្ឋភាព​ផ្ទុយ​គ្នា​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ


ប្រធានា​ធិបតី​ ត្រាំ ស្តាប់​​ក្នុង​វេទិកា​តុមូល​ជាមួយ​សមាជិក​សភា​ នៅ​បន្ទប់ Roosevelt នៃ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២៣ សីហា ២០១៨។
ប្រធានា​ធិបតី​ ត្រាំ ស្តាប់​​ក្នុង​វេទិកា​តុមូល​ជាមួយ​សមាជិក​សភា​ នៅ​បន្ទប់ Roosevelt នៃ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២៣ សីហា ២០១៨។

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ខាង​ក្រៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិកអ្នក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែល​ក្នុង​នោះ​មាន​ទាំង​តារា​កំប្លែង​អ្នកស្រី ​Rosie O'Donnell ផង​ដែរ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ក្នុង​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​មួយ។

អ្នកស្រី Rosie O'Donnell និយាយ​ថា៖ «លោក​ប្រធានាធិបតី ត្រាំ​ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ពួក​យើង​នៅ​រស់ ភ្ញាក់​រឭក និង​ដឹង​ពី​បញ្ហា​សង្គម។ យើង​នឹង​មិន​ទៅ​ណា​នោះ​ទេ‍»។

លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​បឋម និង​ការ​បោះ​ឆ្នោត​ពិសេស បាន​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ប្រមូល​ផ្ដុំ​កម្លាំង​ដើម្បី​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​មាន​សារ​ប្រឆាំង​នឹង​លោក ត្រាំ​ យ៉ាង​ពិត​ប្រាកដ។

សមាជិក​ព្រឹទ្ធសភា​លោក Bernei Sanders និយាយ​ថា៖ «ប្រជាពលរដ្ឋ​កំពុង​ងើប​ឡើង​ហើយ។ ពួកគេ​កំពុង​ប្រយុទ្ធ​តបត​ទៅ​វិញ ហើយ​ពួកគេ​នឹង​រួម​គ្នា​ដើម្បី​ផ្លាស់ប្ដូរ​សហរដ្ឋ​អាមេរិក​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច‍»។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​មួយ​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ ក្នុង​ក្ដី​សង្ឃឹម​ដើម្បី​ប្រឆាំង​នឹង​ក្ដី​រំពឹង​ទុក​នៃ​រលក​គាំទ្រ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន។

លោក ត្រាំ​ និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​គោរព​ឡើង​វិញ​ហើយ ហើយ​សហរដ្ឋ​អាមេរិក​ឈ្នះ​ឡើង​វិញ​ហើយ ដោយសារតែ​យើង​ផ្ដល់​អាទិភាព​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​មុន‍»។

សារ​បែប​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​គាំទ្រ​របស់​លោក ត្រាំ​ ដែល​ក្នុង​នោះ​មាន​ទាំង​លោក Jim Jordan សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Ohio ផង​ដែរ។

លោក Jim Jordan និយាយ​ថា៖ «ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល​ប្ដូរ​ទៅ​ទីក្រុង​ហ្ស៊េរុយ​សាឡិម​ ហើយ​ចំណាប់​ខ្មាំង​ត្រូវ​បាន​បញ្ជូន​មក​វិញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។ ទាំង​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ត្រាំ»។

ប៉ុន្តែ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ លោក ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​មួយ​ដ៏​លំបាក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក John Fortier អ្នក​វិភាគ​នៃ​មជ្ឈមណ្ឌល​ Bipartisan Policy Center។

លោក John Fortier និយាយ​ថា៖ «ខ្ញុំ​គិត​ថា គណបក្ស​សាធារណរដ្ឋ​អាច​ទាក់ទាញ​អ្នក​គាំទ្រ​របស់​ពួកគេ​មួយ​ចំនួន​ឲ្យ​ចេញ​មក​បោះ​ឆ្នោត។ ប៉ុន្តែ ខ្ញុំ​គិត​ថា វា​ប្រាកដ​ជា​លំបាក​នៅ​ក្នុង​ការ​ទប់ទល់​នឹង​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ខ្លាំងក្លា​របស់​អ្នក​គាំទ្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ដូច្នេះ យើង​ឃើញ​ថា គណបក្ស​ប្រជាធិបតេយ្យ​មាន​ឱកាស​ល្អ​បំផុត​នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋសភា ឬ​ក៏​បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ទទួល​បាន​ចំនួន​អាសនៈ​កើន​ឡើង‍»។

ទោះបីជា​លោក ត្រាំ​ ប្រហែល​ជា​អាច​ជួយ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ក៏​ដោយ ក៏​គេ​ឃើញ​មាន​ហានិភ័យ​ផង​ដែរ​ថា លោក​បាន​ធ្វើ​ឲ្យ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​សន្ទុះ​ចិត្ត។ នេះ​បើ​តាម​ការ​ព្រមាន​ឲ្យ​ដឹង​របស់​លោក John Hudak នៃ​វិទ្យាស្ថាន Brookings។

លោក John Hodak និយាយ​ថា៖ «នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម និង​ការ​បោះ​ឆ្នោត​ពិសេស​ជា​ច្រើន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ការ​រួម​ចំណែក​របស់​លោក ត្រាំ​ ទំនងជា​បង្ក​ជា​បញ្ហា​ច្រើន​ជាង​ជួយ​ដល់​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​លោក ត្រាំ​ គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​សង្កាត់​ណា​មួយ និង​រដ្ឋ​ណា​មួយ​ដែល​លោក​គួរ​ផ្ដោត​លើ‍»។

ការ​ស្ទង់​មិត​អ្នក​បោះ​ឆ្នោត​កន្លង​មក​បង្ហាញ​ថា ទោះបីជា​អ្នក​បោះ​ឆ្នោត​ដែល​ជា​អ្នក​ធ្វើ​ការ​ដោយ​កម្លាំង​ភាគ​ច្រើន​នៅតែ​គាំទ្រ​លោក ត្រាំ​ ក៏​ដោយ ក៏​គេ​ឃើញ​ថា ស្ត្រី និង​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ទំនងជា​ងាក​ចេញ​ពី​គណបក្ស​សាធារណរដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Michael Barone អ្នក​វិភាគ​នៃ​វិទ្យាស្ថាន American Enterprise។

លោក Michael Barone បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​ការ​បោះ​ឆ្នោត​រដ្ឋសភា​ខាង​មុខ​នេះ គេ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ដែល​មាន​ការ​អប់រំ​ខ្ពស់ មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​លោក ដូណាល់ ត្រាំ និង​គណបក្ស​សាធារណរដ្ឋ។ ពួកគេ​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត‍»។

ឥឡូវ​នេះ គេ​ឃើញ​កាន់តែ​ច្បាស់​ឡើង​ថា សកម្មជន​មក​ពី​គណបក្ស​ទាំង​ពីរ​ចាត់ទុក​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ខាង​មុខ​នេះ​ថា​ជា​ការ​ធ្វើ​ប្រជាមតិ​ថ្នាក់​ជាតិ​មួយ​ទៅ​លើ​ការ​ដឹកនាំ​របស់​លោក ត្រាំ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG