ការចេញផ្សាយរបាយការណ៍នេះបានធ្វើឲ្យមានភាពចម្រូងចម្រាសនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងផ្នែកភាគច្រើនក្នុងសហរដ្ឋអាមេរិកផងដែរ។ ពួកអ្នកសាធារណរដ្ឋដែលគាំទ្រលោកប្រធានាធិបតី Donald Trump និយាយថារបាយការណ៍នេះបានបង្ហាញពីភាពស្អាតស្អំរបស់លោក Trump។ ប៉ុន្តែពួកអ្នកប្រជាធិបតេយ្យវិញបាននិយាយថាមានចំណុចជាច្រើននៅក្នុងរបាយការណ៍ដែលបង្ហាញថាលោកប្រធានាធិបតីមានជាប់ពាក់ព័ន្ធនឹងការរារាំងដល់យុត្តិធម៌។
បន្ទាប់ពីការចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller លោកប្រធានាធិបតី Donald Trump បានស្វាគមន៍អ្នកគាំទ្ររបស់លោកប្រកបការរំភើបនៅក្នុងរដ្ឋ Florida។ លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយថា លោកប្រធានាធិបតីរីករាយយ៉ាងខ្លាំងអំពីរបាយការណ៍នេះ «របាយការណ៍បង្ហាញថាលោកប្រធានាធិបតីមិនបានឃុបឃិតជាមួយរុស្ស៊ីទេ»។
លោក Trump ថ្លែងថារបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller បានជួយឲ្យលោករួចផុតពីការសង្ស័យអំពីការឃុបឃិតជាមួយនឹងប្រទេសរុស្ស៊ី និងអំពីការរារាំងដល់យុត្តិធម៌។ លោក Donald Trump បានថ្លែងថា «បញ្ហានេះមិនត្រូវកើតឡើងម្តងទៀតលើប្រធានាធិបតីផ្សេងទៀតទេ។ វាជារឿងឆបោក។ វាមិនគួរកើតឡើងម្តងទៀតទេ»។
ក៏ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហារារាំងដល់យុត្តិធម៌វិញ របាយការណ៍របស់លោករដ្ឋអាជ្ញាពិសេសបានបង្ហាញយ៉ាងលម្អិតអំពីការព្យាយាមជាច្រើនដងរបស់លោក Trump ដើម្បីមានឥទ្ធិពលលើការស៊ើបអង្កេតនេះ។
លោក Adam Schiff សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ California បានថ្លែងថាសកម្មភាពរបស់លោក Trump អាចមិនមែនជាសកម្មភាពផ្លូវច្បាប់ ប៉ុន្តែជាការបង្ករឿង។ លោក Adam Schiff បានថ្លែងថា «សកម្មភាពទាំងនោះគ្មានភាពស្មោះត្រង់ គ្មានសីលធម៌ និងជាទង្វើក្បត់ជាតិ និងត្រូវថ្កោលទោសដោយពលរដ្ឋអាមេរិកាំង។ វាមិនមែនជាអ្វីដែលអាចឲ្យគេកែតម្រូវបាននោះទេ» ។
សម្រាប់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យមួយចំនួន រួមទាំងសមាជិកសភាប្រចាំរដ្ឋ Texas លោក Al Green ផងដែរនោះយល់ថា ខ្លឹមសារនៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller មានហេតុផលគ្រប់គ្រាន់ដើម្បីប្តឹងទម្លាក់លោកប្រធានាធិបតីចេញពីតំណែងបាន។ លោក Al Green បានថ្លែងថា «លោក Mueller បានបញ្ចប់ការងាររបស់លោកហើយ។ ឥឡូវនេះដល់ពេលដែលសភាត្រូវធ្វើការងាររបស់ខ្លួនហើយ»។
ក៏ប៉ុន្តែសម្រាប់ពួកអ្នកគាំទ្ររបស់លោក Trump វិញ ដូចជាលោក Rich George មកពីរដ្ឋ Michigan យល់ថារបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller ស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីបានជួយផាត់ពពកចេញពីសេតវិមាន។ លោក Rich George បានថ្លែងថា «ឥឡូវនេះលោកប្រធានាធិបតីរួចផុតពីការស៊ើបអង្កេតហើយ ហើយរបាយការណ៍នេះបានជួយធ្វើឲ្យលោកប្រធានាធិបតីរួចផុតពីការចោទប្រកាន់នានា»។
លោក Robert Ray អតីតរដ្ឋអាជ្ញាឯករាជ្យម្នាក់បាននិយាយថា ដំណាក់កាលបន្ទាប់គឺអាស្រ័យលើសភា។ លោក Robert Ray បានថ្លែងថា «តើយើងត្រូវធ្វើអ្វីបន្ទាប់ទៀត? វិធានការបន្ទាប់ទៀតគឺមានតែការប្តឹងចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីចេញពីតំណែងតែប៉ុណ្ណោះ ហើយសំណួរថាតើពេលណាគណបក្សប្រជាធិបតេយ្យចាប់ផ្តើមដំណើរការនីតិវិធីនេះ?»។
គណបក្សប្រជាធិបតេយ្យមានគំនិតខ្វែងគ្នាអំពីការប្តឹងចោទប្រកាន់នេះ។ ប៉ុន្តែពួកគេបង្ហាញគោលបំណងរួមគ្នា គឺធ្វើយ៉ាងណាឲ្យលោកប្រធានាធិបតីមកទទួលខុសត្រូវ។ នេះបើយោងតាមលោក David Abraham អ្នកវិភាគមកពីសាកលវិទ្យាល័យ Miami។ លោក David Abraham បានថ្លែងថា «វាពិបាកក្នុងការព្យាករណ៍អំពីថាតើនឹងមានការផ្លាស់ប្តូរកម្រិតណាក្នុងចំណោមប្រជាពលរដ្ឋ។ ប៉ុន្តែថ្នាក់នាំរបស់យើងនៅក្នុងសភា និងនៅតាមស្ថាប័នផ្សេងទៀតមានកាតព្វកិច្ចចំពោះពលរដ្ឋអាមេរិកាំងក្នុងការបន្តស្វែងរករហូតដល់ការពិតត្រូវលាតត្រដាងទាំងស្រុង»។
លោក Jim Kessler មកពីវិទ្យាស្ថានស្រាវជ្រាវ Third Way ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា ទាំងរបាយការណ៍និងការយល់ឃើញរបស់ពួកអ្នកបោះឆ្នោតអំពីការសន្និដ្ឋាននេះ ពិតណាស់នឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ខាងមុខនេះ។
លោក Jim Kessler បានថ្លែងថា
«ប្រទេសរុស្ស៊ីនឹងមិនដកលោកប្រធានាធិបតីចេញពីការបោះឆ្នោតនេះទេ។ រឿងរ៉ាវនឹងកើតឡើងខ្លាំងជាងមុន ហើយគណបក្សប្រជាធិបតេយ្យចាំបាច់ត្រូវតែងតាំងបេក្ខជនណាដែលអាចយកឈ្នះលោក Donald Trump បាន ហើយបេក្ខជននោះត្រូវតែមានគំនិតជឿនលឿនដែលអាចអនុវត្តបានតាមភាពជាក់ស្តែងជាងបេក្ខជនផ្សេងទៀតនៅក្នុងតំបន់ដែលមានទំនោរឆ្វេងនិយមជ្រុល»។
នាពេលបច្ចុប្បន្នលោក Trump កំពុងអមអរជាមួយនឹងជ័យជម្នះដូចដែលមានបង្ហោះនៅលើបណ្តាញសង្គម Twitter។ ក៏ប៉ុន្តែសំណួរនានាអំពីការរារាំងដល់យុត្តិធម៌ទំនងជានឹងតាមលងបន្លាចលោករហូតដល់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ៕
ប្រែសម្រួលដោយស៊ូ ពេជ្រចិន្តា