ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​ហេតុ​ដែល​អាច​កើត​​ក្រោយ​​ពេល​លោក​ Trump​ ត្រូវ​បាន​នាំខ្លួន​មក​កាន់តុលាការ​​


អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អញ្ជើញ​មក​ដល់​អគារ​ Trump Tower នៅ​កណ្តាល​ក្រុង New York កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​ប្រឈម​នឹង​រឿង​ក្តីក្តាំ​មួយ​តាម​ការ​កោះហៅ​របស់​មហាគណៈវិនិច្ឆ័យ​ក្នុង​ទីក្រុង​ New York។
អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អញ្ជើញ​មក​ដល់​អគារ​ Trump Tower នៅ​កណ្តាល​ក្រុង New York កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​ប្រឈម​នឹង​រឿង​ក្តីក្តាំ​មួយ​តាម​ការ​កោះហៅ​របស់​មហាគណៈវិនិច្ឆ័យ​ក្នុង​ទីក្រុង​ New York។

ការ​នំា​ខ្លួន​លោក​ Donald Trump មក​កាន់​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក ​ត្រូវ​គេ​រំពឹង​ថា​ នឹងប្រើរយៈពេល​តិច​ជាង​មួយ​ម៉ោង ​ប៉ុន្តែ​សំណុំ​រឿង​ក្តី​ក្តាំ​មួយ​នេះ នឹង​អាចប្រើពេល​រាប់​ឆ្នាំ​ទៀត​ ដើម្បី​បញ្ចប់ ខណៈពេល​ដែល​អតីត​ប្រធានាធិបតី​ដែល​សម្បូរ​រឿង​ក្តី​ក្តាំមួយ​នេះ​ បង្កើត​ក្រុម​ការពារ​ក្តី​មួយ​ ​ដែល​អាច​ធ្វើ​ឱ្យ​សំណុំ​រឿង​មួយ​នេះ​អាច​អូសបន្លាយ​ពេល​រហូត​ដល់​ក្រោយការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២៤​ ដែល​លោក​កំពុង​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​មួយ​រូប​ផង​ដែរ។​ ​

លោកTrump ​បាន​ក្លាយ​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ដំបូង​គេ​ ដែល​ប្រឈម​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ នៅ​ពេល​ដែល​មហាគណៈវិនិច្ឆ័យ​ក្នុង​ទីក្រុង​ New York កាល​ពី​សប្តាហ៍​បាន​បោះឆ្នោត​ ឱ្យ​ចោទ​ប្រកាន់​លោក​ នៅ​ក្នុង​សំណុំ​រឿង​ផ្តល់លុយ​បំបិទមាត់តារាសម្តែងអាសអាភាស​ម្នាក់​គឺ​នាង​ Stormy Daniels ​កាល​ពី​ឆ្នាំ​២០១៦។

ដីកា​ចោទ​ប្រកាន់​ ដែល​នៅ​បិទជិត​នៅ​ឡើយ​ ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្រោយ​ការ​បង្ហាញ​ខ្លួនរបស់​លោក​Trump នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ក្នុង​ការ​នាំខ្លួន​លោក Trump ​មកកាន់​តុលាការ ឬ​ការ​បង្ហាញ​ខ្លួនក្នុង​តុលាការ​ជា​លើក​ដំបូង​នេះ​ ចៅក្រម​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​នេះ​ គឺ​លោក​ Juan Merchan។ ចៅ​ក្រម​រូប​នេះ​នឹង​អាន​បទចោទ​ប្រកាន់​ទៅលើ​លោក​ Trump ហើយ​ជា​រឿង​ដែល​គេ​ធ្លាប់តែ​ឃើញ​សម្រាប់​ចុងចោទនានា​ក្នុង​ពេល​កន្លង​ទៅនោះ គឺ​លោក Trump ​នឹង​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ដោយ​និយាយ​ថាលោក​គ្មាន​កំហុស​ឡើយ។​ ​


ជំហានផ្លូវ​ច្បាប់​បន្ទាប់​មក​ទៀត​ គឺ​រួម​មាន​ដំណើរការ​បុរេអង្គ​ជំនុំជម្រះ​ ដែល​មាន​រយៈពេល​រាប់ខែ​ឬអាច​រាប់ឆ្នាំ​ ​ទម្រាំ​ទៅ​ដល់​ការ​ជ្រើសរើសគណៈវិនិច្ឆ័យ​ ដើម្បី​បើក​សវនាការ​មួយ។​ ​ ​

បើ​ទោះ​បី​ជាមានករណី​បទ​ឧក្រិដ្ឋជាង​៩០% ​ក្នុង​រដ្ឋ New York ក៏​ដូច​ជា​នៅក្នុង​សហរដ្ឋ​អាមេរិក​ទាំង​មូល​ដែរ​ ដែល​មាន​ការ​សម្រប​សម្រួល​ទទួល​កំហុស​ដោយចុងចោទ​នោះ មេធាវី​របស់​លោក​ Trump និយាយ​ថា​ អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ នឹង​មិន​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ឡើយ។

នៅ​ក្រោម​ច្បាប់​ពន្លឿន​សវនាការរបស់​រដ្ឋ New York សវនាការ​ក្តីបទ​ឧក្រិដ្ឋ​មួយ​ ត្រូវ​ចាប់​ផ្តើម​ឡើង​ក្នុង​រយៈពេល​៦​ខែ​ ​ក្រោយការ​នាំ​ខ្លួនចុងចោទមក​កាន់​តុលាការ​នោះ។​ ប៉ុន្តែ​ជា​ទូទៅ​ កាលបរិច្ឆេទ​នេះ​ តែង​តែ​មាន​ការ​លើក​ពេល​ជា​និច្ច ដោយ​គូភាគីក្នុង​ក្តីក្តាំ​តែង​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ត្រៀម​ខ្លួន​។​

លោក​ Trump បាន​បដិសេធ​រាល់កំហុស​ឆ្គង​នានា​ នៅ​ក្នុង​សំណុំ​រឿង​មួយ​នេះ​ ហើយ​ក្រុម​មេធាវី​របស់​លោក​ដែល​ក្នុង​ពេល​ថ្មីៗ​នេះមាន​ចំនួន​កាន់តែ​ច្រើន​ឡើងនោះ​ បាន​សន្យា​ថា​នឹង​ស្វែង​រក​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ពួក​គេ​ដល់​ទី​បំផុត​ ចាប់​តាំង​ពី​មុនពេល​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយនៅ​ចំពោះ​មុខ​គណៈវិនិច្ឆ័យ​ទៅទៀត៕​

XS
SM
MD
LG