បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងសមាជិក រួមទាំងសកម្មជនគណបក្សមួយចំនួនត្រូវបានរារាំងមិនឲ្យធ្វើដំណើរឆ្លងកាត់ប្រទេសទីពីរ ដើម្បីវិលចូលប្រទេសកម្ពុជាវិញ អ្នកនយោបាយនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់លោកខាងលិច បានជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំនិងសមាជិកបក្សប្រឆាំងកម្ពុជា។
សមាជិកសភាបារាំងចំនួន១៩នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយស្នើឲ្យរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប «ធានានិងគាំទ្រគម្រោងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ» ក្នុងការធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជាវិញ បើទោះបីជាមានការគំរាមកំហែងនិងការទប់ស្កាត់ពីសំណាក់រដ្ឋាភិបាលកម្ពុជាក៏ដោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក André Gattolin សមាជិកព្រឹទ្ធសភាបារាំងម្នាក់ប្រចាំតំបន់ Hauts-de-Seine នៃប្រទេសបារាំង ដែលត្រូវបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Mediapart កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ សមាជិកសភាបារាំងទាំង១៩នាក់នេះ បានអះអាងថា ពួកគេ«សូមប្រកាសគាំទ្រយ៉ាងសកម្មនិងយ៉ាងពេញទំហឹងដល់គោលជំហរសន្តិវិធីរបស់លោកសម រង្ស៊ី» ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីរក្សាឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីសហភាពអឺរ៉ុប។
អ្នកនយោបាយបារាំងទាំងអស់នេះ ក៏បានទទួលស្គាល់យន្តការរបស់គណៈកម្មការសហភាពអឺរ៉ុប ដែលកំពុងតាមដានស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមលក្ខខណ្ឌឋានៈអនុគ្រោះពន្ធ «គ្រប់ទំនិញទាំងអស់លើកលែងតែអាវុធ» ឬហៅកាត់ថា (EBA) ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញផលិតផលក្នុងស្រុករបស់ខ្លួនទៅកាន់ប្រទេសនៃសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។
នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ គណៈកម្មការសហភាពអឺរ៉ុបគ្រោងនឹងចេញរបាយការណ៍វាយតម្លៃលើកទីពីររបស់ខ្លួន លើស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលរដ្ឋាភិបាលរបស់ប្លុកមួយនេះជឿថា ត្រូវបានខូចខាតយ៉ាងខ្លាំង ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧។ សហភាពអឺរ៉ុបកំពុងពិចារណាថា តើត្រូវផ្អាក ឬដកហូតឋានៈអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសារតែស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យធ្លាក់ដុនដាបនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
«នេះក៏ជាបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ចម្បងមួយរបស់កម្ពុជា ដែលមានសន្ទុះសេដ្ឋកិច្ចក្នុងចន្លោះអត្រាពី ៦ ទៅ ៧ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប [ដែលកម្ពុជាទទួលបាន]»។
នៅប្រទេសអូស្ត្រាលីវិញ លោកស្រី Christine Milne អតីតប្រធានគណបក្ស Green Party ដែលជាគណបក្សធំទី៣នៅអូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison គួរតែឃ្លាំមើលស្ថានភាពនៅកម្ពុជា ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិ គ្រោងធ្វើដំណើរវិលចូលប្រទេសរបស់ខ្លួនវិញ។
នៅលើបណ្តាញ Twitter របស់ផ្ទាល់ខ្លួនរបស់លោកស្រីចុះថ្ងៃទី៨ ខែវិច្ឆិកានេះ អ្នកនយោបាយជើងចាស់របស់អូស្ត្រាលីរូបនេះ បានសរសេរថា៖ «ប្រទេសអូស្ត្រាលីមានការទទួលខុសត្រូវលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់កម្ពុជា។ សូមលោកនាយករដ្ឋមន្ត្រី Scott Marrison កុំបិទភ្នែកលើរឿងនេះ ខណៈលោក សម រង្ស៊ី ធ្វើដំណើរវិលចូលប្រទេសវិញ»។
នៅថ្ងៃទី៨នេះដែរ សមាជិករដ្ឋសភាស៊ុយអ៊ែតម្នាក់ បានបង្ហាញមតិផ្ទាល់ខ្លួនថា លោកស្រីកំពុងតែឃ្លាំមើលស្ថានភាពនៅកម្ពុជា ខណៈដែលមេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងធ្វើដំណើរវិលត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបាននិរទេសខ្លួននៅក្រៅប្រទេសរយៈពេលជាង៤ឆ្នាំ គេចពីបទចោទប្រកាន់ដែលមានចរិតនយោបាយ របស់តុលាការកម្ពុជា។
លោកស្រី Kerstin Lundgren អនុប្រធាននៃសភាជាន់ខ្ពស់ស៊ុយអ៊ែត បានសរសេរនៅលើបណ្តាញ Twitter ផ្ទាល់ខ្លួននៅប៉ុន្មានម៉ោងមុននេះ ថា៖ «អាជ្ញាធរកម្ពុជាហាក់ដូចជាភ័យខ្លាចគណបក្សប្រឆាំងខ្លាំង ដោយមានការចាប់ខ្លួនមនុស្សក្នុងប្រទេស ដាក់សម្ពាធលើប្រទេសជិតខាងដើម្បីរារាំងលោក សម រង្ស៊ី មិនឲ្យធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងបាងកក។ នឹងតាមដានបន្តទៀត»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ កន្លងមក បានសន្យាថានឹងវិលត្រឡប់ទៅកាន់ប្រទេសវិញនៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាច់ខាតថា នឹងចាប់ខ្លួនរូបលោក និងក្រុមរបស់លោក បើសិនជាពួកគេចូលក្នុងទឹកដីប្រទេសកម្ពុជា។ ចាប់តាំងពីការប្រកាសវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ អាជ្ញាធរកម្ពុជាបានចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងនេះ ប្រមាណ ៥០នាក់ និងចោទប្រកាន់ពួកគេពីបទ «រួមគំនិតក្បត់»។
ថ្មីៗនេះ សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាម្នាក់ បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនក្នុងការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA តែមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងមួយនេះដណ្តើមអំណាចបាននោះទេ។ នេះបើយោងតាមការលើកឡើងរបស់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំ ពាក្យរដ្ឋាភិបាល។
លោក អ៊ា សុផល សាស្រា្តចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក យល់ឃើញថា ស្ថានភាពនយោបាយកម្ពុជានាពេលបច្ចុប្បន្ននេះ «មិនល្អនោះទេ» ដោយលោកបានកត់សម្គាល់ឃើញថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការវិលត្រឡប់ចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី។
លោកសាស្ត្រាចារ្យបានសរសេរប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលថា៖ «មកទល់ពេលនេះ នៅតែមិនទាន់មានគន្លឹះដោះស្រាយនៅឡើយទេ។ ប៉ុន្តែ សហភាពអឺរ៉ុបនឹងមើលឃើញស្ថានភាពនេះ ហើយប្រហែលជាពិចារណាគោលជំហរទន់ភ្លន់របស់ខ្លួនឡើងវិញ ពាក់ព័ន្ធនឹងការផ្អាកឋានៈអនុគ្រោះពន្ធ EBA»។
លោក អ៊ា សុផល យល់ថា កូនសោរដោះស្រាយបញ្ហានយោបាយតានតឹងនេះ គឺស្ថិតនៅក្នុងដៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកបានលើកឡើងថា៖ «លោក ហ៊ុន សែន ចាំបាច់ត្រូវតែទទួលស្គាល់សំឡេងឆ្នោតបីលានសន្លឹកដែលបានបោះឲ្យគណបក្សប្រឆាំង ហើយទទួលស្គាល់ថា គណបក្សប្រឆាំងនេះមានសិទ្ធិត្រឹមត្រូវក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរ»។ សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិរូបនេះបានបន្ថែមថា៖ «លោក សម រង្ស៊ី គួរតែត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ហើយដឹកនាំគណបក្សប្រឆាំងជាមួយលោក កឹម សុខា និងលោកស្រី មូរ សុខហួរ»៕