ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ច្រាន​ចោល​សេចក្តី​រាយ​ការណ៍​អំពី​កិច្ច​ព្រម​ព្រៀង​ដាក់​មូលដ្ឋាន​ទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ


លោក Wu Qian អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (AP Photo/Andy Wong)
លោក Wu Qian អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (AP Photo/Andy Wong)

បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ និង​ក្រុម​មន្ត្រី​យោធា​កម្ពុជា​ចេញ​មុខ​បដិសេធ​ថា​មិន​មាន​​កិច្ច​ព្រម​ព្រៀង​សម្ងាត់​កម្ពុជា​ចិន​អំពី​ការ​ដាក់​កង​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ​ក្រសួង​ការពារ​ជាតិ​ចិន​ចេញ​មុខ​ច្រាន​ចោល​ព័ត៌មាន​នេះ​ ដោយ​និយាយ​ថា​ នោះ​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម។

បន្ទាប់​ពី​លោក​ហ៊ុន សែន​ និង​ក្រុម​មន្ត្រី​យោធា​កម្ពុជា​បដិសេធ​ព័ត៌មាន​អំពី​កិច្ច​ព្រម​ព្រៀង​សម្ងាត់​កម្ពុជា​ចិន​សម្រាប់​ដាក់​កង​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​នោះ អ្នក​នាំពាក្យក្រសួង​ការពារ​ជាតិ​ចិន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​មុខ​បដិសេធ​ថា ​មិន​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ណាមួយ​ជាមួយប្រទេស​កម្ពុជា​ ដើម្បី​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​ក្នុង​ដែន​សមុទ្រ​រាម​ នៅ​ខេត្ត​ព្រះ​សីហនុ​នោះ​ទេ។​

កាសែត​ The Wall Street Journal ​ដែល​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​អាទិត្យ​បាន​សរសេរ​ថា ​ប្រទេស​កម្ពុជា ​និង​ចិន​បាន​ចុះ​ហត្ថ​លេខា​រួម​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​កាល​ពី​និទាឃ​រដូវ​កន្លង​ទៅ។​ ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់​មុខធ្វើ​មូលដ្ឋាន​ទាហាន​ជើង​ទឹក​ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ហើយ​នៅ​ជិត​អាកាស​យានដ្ឋាន​ធំ​មួយ ​ដែល​កសាង​ដោយប្រទេស​ចិន។​

The Wall Street​ Journal​ ​បញ្ជាក់​បន្ថែមថា​ កិច្ច​ព្រម​ព្រៀង​នោះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រើ​កំពង់ផែ​កម្ពុជា​ជា​មូលដ្ឋាន​យោធា​រយៈពេល​៣០​ឆ្នាំ​ ដើម្បី​ដាក់​កង​ទ័ព ​ផ្ទុក​សព្វាវុធ ​និង​កន្លែង​ចត​នាវា​ជា​ដើម​ ហើយ​កិច្ច​ព្រម​ព្រៀង​នេះអាច​បន្តដប់​ឆ្នាំ​ម្តង​ក្រោយ​ពី​ចប់​កុង​ត្រា។​

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន ​លោក​ Wu Qian ​ឆ្លើយ​តប​ថា​ ​នេះ​ជា​ព័ត៌មាន​«ចចាម​អារ៉ាម ​និង​ថា​ ​ជា​របាយ​ការណ៍​មិន​ពិត‍»។​

លោក ​Wu ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ក្នុង​ឱកាស​ដែល​ប្រទេស​ចិន​ចេញ​ផ្សាយ​សៀវភៅ​ស​របស់​ក្រសួង​ការពារ​ជាតិ​ចិនក្នុង​ទី​ក្រុង​ប៉េកាំង​ នៅ​ពុធ​ទី​២៤ ​ខែ​កក្កដា​នេះ។​

តាម​រយៈ​ការ​ផ្សាយតាម​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន​ CGTN លោក ​Wu Qian ​និយាយ​ជា​ភាសា​ចិន​ ដោយ​មាន​អ្នក​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ថា៖​ «ប្រទេស​ចិន ​និង​កម្ពុជា​មានកិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ហ្វឹកហ្វឺន​យោធា​ជាមួយ​គ្នា​ ព្រម​ទាំង​ការ​ផ្តល់​ជំនួយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​នេះ​គឺ​គ្មាន​ការ​កំណត់​គោល​ដៅ​ទៅ​លើ​ប្រទេស​ទីបី​ណា​មួយ​ឡើយ»។​

កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ក៏​បាន​បដិសេធ​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ The Wall Street Journal ​នេះ​ដែរ ​ដោយ​លោក​ហៅ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​នោះ​ថា​ «ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។

លោក​ហ៊ុន​ សែន បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​មិន​ដែល​បាន​ធ្វើការ​ពិភាក្សា​ណា​មួយ​ជាមួយ​ប្រទេស​ចិន​អំពី​ការ​ដាក់​មូលដ្ឋាន​កង​ទ័ព​ចិន​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នោះ​ទេ។​

កាសែត ​The Wall ​Street ​Journal ​របស់​សហរដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​បន្ថែម​ថា ​ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា នោះ​ចិន​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ និង​មាន​ប្រៀប​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។​

ជាមួយ​គ្នា​នោះ ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា អ្នក​ស្រី ​Emily V Zeeberg​ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ​ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​«អំពី​វត្តមាន​យោធា​បរទេស​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ ដោយ​ថា ​វា​អាច​«គំរាម​កំហែង​ដល់​ទំនាក់​ទំនង​ និង​ភាព​ជា​កណ្តាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ក្នុង​អាស៊ាន»។​

អ្នក​កាទូត​ដដែល​បាន​អំពាវនាវ​ឲ្យ​អ្នក​ដឹក​នាំ​កម្ពុជា​គោរព​ការ​ប្តេជ្ញា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន ​ក្នុង​ការ​គោរព​នយោបាយ​ការ​បរទេស​ឯករាជ្យ ​និង​ការពារ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​ខ្លួន។​

នៅ​ថ្ងៃ​អង្គារ​ លោក​សម រង្ស៊ី ​ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវ​បាន​តុលាការ​កម្ពុជារំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​បញ្ជាក់​ថា​ «ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ភាព​ឯករាជ្យ​ និង​មិន​ត្រូវ​បាន​រួម​បញ្ចូល​ជាមួយ​ប្រទេស​ចិន​ដែល​មាន​មហិច្ឆតា​ខ្ពស់​នោះ​ទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG