នៅថ្ងៃទី១ ខែធ្នូ យើងប្រារព្ធទិវាប្រឆាំងជំងឺអេដស៍លើកទី៣០។ មានការជឿនលឿនយ៉ាងច្រើនក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក៏ប៉ុន្តែមនុស្សនៅតែស្លាប់ដោយសារការឆ្លងជំងឺនេះថ្មីជារៀងរាល់ថ្ងៃ។
អង្គការសុខភាពពិភពលោកនិយាយថា ការភ័យខ្លាច ស្នាមទុរយ៌ស និង ភាពល្ងង់ខ្លៅ គឺជាមូលហេតុដែលការរាលដាលជំងឺអេដស៍ មិនទាន់ចប់។ មិនទាន់មានការព្យាបាលឲ្យជាសះស្បើយនៅឡើយទេ ក៏ប៉ុន្តែពួកអ្នកវិទ្យាសាស្រ្តអាចព្យាបាលមេរោគហ៊ីវដែលជាមេរោគបណ្តាលឲ្យកើតជំងឺអេដស៍។ ដោយសារមានការព្យាបាលមេរោគនេះ មិនមាននរណាម្នាក់គួរស្លាប់ដោយសារជំងឺអេដស៍ទេ។
អ្នកដែលមានផ្ទុកមេរោគហ៊ីវ (HIV) អាចរស់នៅធម្មតា រស់នៅប្រកបដោយសុខភាពល្អ។ អ្នកដែលបានទទួលការព្យាបាលមិនអាចចម្លងមេរោគនេះទៅមនុស្សណាផ្សេងទៀតទេ។ ដោយមានវិធីព្យាបាលដើម្បីការពារ មិនមាននរណាម្នាក់គួរឆ្លងមេរោគនោះទេ។
វេជ្ជបណ្ឌិត Jared Baeten នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន និយាយថា៖ «យើងមិនទាន់ធ្វើបាននៅឡើយទេពីព្រោះតែយើងនៅមិនទាន់មានសមត្ថភាពដើម្បីចែកចាយឱសថមានទ្រង់ទ្រាយធំដើម្បីលុបបំបាត់មេរោគហ៊ីវនោះ»។
មនុស្សជិត១លាននាក់នៅតែស្លាប់ជារៀងរាល់ឆ្នាំដោយសារមេរោគអេដស៍ ពីព្រោះតែពួកគេមិនបានដឹងថា ខ្លួនមានមេរោគហ៊ីវ។ ពួកគេមិនបានព្យាបាល ឬពួកគេចាប់ផ្តើមព្យាបាលយឺត។ បញ្ហាប្រឈមមួយនៃបញ្ហាប្រឈមនានាគឺថា មេរោគហ៊ីវជារឿយៗប៉ះពាល់មនុស្សដែលរស់នៅក្រៅសង្គម។
លោកស្រី Steffanie Strathdee នៃសាកលវិទ្យាល័យ California San Diego និយាយថា៖ «មានមនុស្សជាច្រើននៅលើពិភពលោកដែលមិនបានទទួលការព្យាបាល ហើយអ្នកទាំងនោះរួមមានអ្នកប្រើថ្នាំញៀនដោយការចាក់ម្ជុលហើយជាពិសេសអ្នករកស៊ីផ្លូវភេទ»។
ការឆ្លងទាំងនោះរួមមានពួកបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសគ្នាឯង មនុស្សប្តូរភេទ ពួកអ្នកទោសនិងដៃគូរបស់អ្នកទាំងនោះ។ សាស្រ្តាចារ្យ Strathdee និយាយថា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតមានការព្រួយកង្វល់ខ្លាំងបំផុតអំពីតម្រូវការជាបន្ទាន់របស់ពួកគេ ដូចជាម្ហូបអាហារ ទីជម្រកនិងការងារ។ លោកស្រី Steffanie Strathdee នៃសាកលវិទ្យាល័យ California San Diego បាននិយាយថា៖ «ការស្រាវជ្រាវរបស់ខ្ញុំនៅក្នុងវិស័យនេះបង្ហាញថា លោក អ្នក ត្រូវតែជួយដោះស្រាយសេចក្តីត្រូវការរបស់ពួកគេដើម្បីដោះស្រាយបញ្ហាមេរោគហ៊ីវ ដែលជាការព្រួយកង្វល់មួយខាងសុខភាពរបស់ពួកគេ»។
ការណ៍នេះមានន័យថា រដ្ឋាភិបាលត្រូវតែផ្តល់មធ្យោបាយជាមូលដ្ឋាន រួមមានការថែទាំសុខភាព ដោយមិនពិចារណាពីច្បាប់ សីលធម៌ ឬសង្គមឡើយ។ បើពុំដូច្នេះទេ ប្រទេសទាំងនោះ ត្រូវទទួលបន្ទុកការខាតបង់ខាងសង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺអេដស៍។
វេជ្ជបណ្ឌិត Jared Baeten នៃសាកលវិទ្យាល័យវ៉ាស៊ីនតោននិយាយថា៖ «បញ្ហាធំបំផុតដែលយើងបានរៀនសូត្រពីការរារាំងមេរោហ៊ីវក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះគឺថា មិនមានឱសថទិពទេ ក៏ប៉ុន្តែនៅពេលណាដែលលោក អ្នក ដាក់រឿងល្អៗទាំងនោះជាមួយគ្នា វាប្រាកដមានឥទ្ធិពល ដូចឱសថទិពដែលផ្តល់ទៅឲ្យលោក អ្នកអញ្ចឹង»។
អ្នកវិទ្យាសាស្រ្តនិយាយថា ការប្រើឧបករណ៍ ការអប់រំមនុស្សនិងការធ្វើឲ្យមនុស្សកាន់តែច្រើនឡើងទៅព្យាបាល នឹងជួយកាត់បន្ថយស្នាមទុរយ៌ស។ ហើយបន្ទាប់មក នៅពេលដែលគេរកឃើញថ្នាំវ៉ាក់សាំងចាក់ការពារ ពិភពលោកនឹងខិតកាន់តែជិតទៅនឹងការបញ្ចប់ជំងឺអេដស៍៕
ប្រែសម្រួលដោយជឹង ប៉ូជីន