ទោះជាអាកាសធាតុក្តៅនៅខែចែត្រអំឡុងពេលចូលឆ្នាំក្តី ជនជាតិថៃ និងអ្នកទេសចរនៅក្នុងប្រទេសនេះមិនក្តៅទេ តែបែរជាត្រជាក់វិញនៅក្រោមកម្តៅថ្ងៃ ព្រោះការប្រារព្ធពិធីចូលឆ្នាំនៅក្នុងប្រទេសនេះមានការបាចទឹកដាក់គ្នា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសនោះគឺដំរីដែលគ្រងគ្រឿងតុបតែងសម្រាប់ពិធីចូលឆ្នាំបានយកប្រមោយបាញ់ទឹកប្រោសព្រហ្មឲ្យពរសម្រាប់ឆ្នាំថ្មីផងដែរ។
ដំរីត្រូវបានគេលាបពណ៌ចម្រុះតាំងពីប្រមោយ ដើមទ្រូងរហូតដល់ក្រចកជើង។ ដំរីទាំងអស់ក្នុងពិធីបុណ្យចូលឆ្នាំនេះបាញ់ទឹកប្រោសព្រហ្ម ដល់កុមារ និងមនុស្សពេញវ័យនៅពេលពួកគេលាងសម្អាតដំរី និងលាបថ្នាំតុបតែងសត្វដ៏ពេញនិយមនេះ។
ការបាចទឹក ប៉ាតម្សៅដាក់គ្នាក្នុងពិធីបុណ្យមហាសង្ក្រាន្តនៅប្រទេសថៃត្រូវបានគេទទួលថា មានលក្ខណៈទូលំទូលាយជាងប្រទេសជិតខាងដែលប្រារព្ធពិធីបុណ្យចូលឆ្នាំដូចគ្នាដូចជាប្រទេសកម្ពុជា ប្រទេសឡាវ និងភូមា។
ប្រទេសកម្ពុជាមានការរឹតបន្តឹងការបាចទឹក និងប៉ាតម្សៅដាក់គ្នា ព្រោះអាជ្ញាធររកឃើញថា ការធ្វើដូច្នេះបានបណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ដែលមានច្រើនណាស់ទៅហើយនៅក្នុងប្រទេសនេះ ជាពិសេសកំណើតគ្រោះថ្នាក់ចរាចរណ៍ពេលបុណ្យចូលឆ្នាំ។
ពិធីបុណ្យចូលឆ្នាំនៅឆ្នាំនេះក្នុងប្រទេសថៃ មានរយៈពេលបីថ្ងៃដូចរាល់ឆ្នាំ គឺពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមេសា៕