ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​​ធ្លាក់​ចុះ​ ប៉ះពាល់​ចំណួល​របស់​​អាជីវករ


ទិដ្ឋភាព​ទូទៅ​នៅ​ក្បែរ​ព្រះបរម​រាជវាំង​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ។​ (នូវ ពៅលក្ខិណា VOA)
ទិដ្ឋភាព​ទូទៅ​នៅ​ក្បែរ​ព្រះបរម​រាជវាំង​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ។​ (នូវ ពៅលក្ខិណា VOA)

ក្រុម​អាជីវករបាន​ត្អូញ​ត្អែរ​និង​សម្តែងការ​ខក​ចិត្ត ដោយ​សារតែការ​រកប្រាក់​ចំណូល​មាន​ការ​ធ្លាក់​ចុះ ​នៅ​ពេល​ដែល​ទេសចរ​ក្នុង​ស្រុក​ដែល​បាន​មក​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ អក​អំបុក ​និង​សំពះ​ព្រះខែ ​មិន​មាន​ចំនួន​ច្រើនដូចពួក​គេ​រំពឹង​ទុកទេ។​

ចំនួនអ្នក​ទស្សនា​ព្រះរាជ​ពិធី​ដ៏​មាន​ប្រជា​ប្រិយ​មួយ​នេះ​ធ្លាប់​កើន​ដល់​ប្រមាណពីរ​លាន​នាក់​ ឬ​ច្រើន​ជាង​នេះ នៅ​ឆ្នាំ​២០១០​ ដែល​ជា​ឆ្នាំចុង​ក្រោយ​មុន​នឹង​ពិធី​ប្រពៃណី​នេះ​ត្រូវ​ព្យួរ​អស់​រយៈ​ពេល​បី​ឆ្នាំ។

នៅ​ឆ្នាំ​នេះរដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ថោង ខុន​វាយ​តម្លៃ​ថា ​ប្រជា​ពល​រដ្ឋ​មក​ទស្សនា​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកមាន​ត្រឹម​តែ​ប្រមាណ​តែ​៥០​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។​

នៅ​លើសួន​ច្បារ​មុខ​វត្តបទុមវត្តី​ ស្តង់​ទំនិញ​ជា​ច្រើន​បាន​តម្រៀប​លើ​កម្រាល​ឥដ្ឋ។ ប៉ុន្តែអតិថិជន​ហាក់​ដូចជា​មាន​មិន​បាន​១០០​នាក់​ទេ​រហូតមក​ទល់​នឹង​ម៉ោង​១១​ផ្លាយ​នៃ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែល​ជា​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ចុង​ក្រោយ។​

លោក​ខៀវ សុវីរៈ ​អ្នក​លក់ទំនិញ​របស់​ក្រុម​ហ៊ុន​តាំងងួនងួន ​ដែល​លក់​ផលិត​ផល​ Perfect Care ​ដូចជា​សាប៊ូ​ម្សៅ សាប៊ូដុសខ្លួន ​ប្រេង​កូឡា​ និង​គ្រឿង​សម្អាង​ស្ត្រី​មួយ​ចំនួន។​ លោក​និង​ក្រុម​បុគ្គលិក​កំពុង​អង្គុយ​រង់​ចាំ​អតិថិជន។​

លោក​ខៀវ វីរៈ​ខក​ចិត្ត​នៅ​ពេលដែល​ការលក់​បាន​ធ្លាក់ចុះ​ប្រមាណ​៩០​ភាគ​រយ​ បើធៀប​ទៅ​នឹងព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​កាល​ពី​លោក​មុនៗ​ ដែល​ក្រុម​ហ៊ុន​របស់​លោក​អាច​លក់​បាន​ជាង​មួយ​ម៉ឺន​ទៅ​ពីរម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

«កាល​ពី​លើក​មុន​លក់​បាន​ពី​១៥០០០​ទៅ​២០០០០​(ដុល្លារ)​ក្នុង​មួយ​ថ្ងៃ។ឥឡូវ​លក់​សរុប​បាន​ប្រមាណ​ពី​២​ទៅ​៣​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​ ខក​ចិត្ត​ច្រើន។ ​យើង​មិន​នឹក​ស្មាន​ថា​ មនុស្ស​តិច​មែន​ទែន»។​

ក្រុម​ហ៊ុនតាំងងួនងួន​របស់​លោកវីរៈ​បាន​ជួល​តូប​ចំនួន​បី​ជាប់​គ្នា។ ​តូប​និមួយៗ​មាន​តម្លៃ​១០០០​ដុល្លារ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។​

«ជួល​រាង​ថ្លៃ​ដែរ។ ​បីតូប​នេះ​អស់​៣០០០​ដុល្លារ​ក្នុង​រយៈ​ពេល​បីថ្ងៃ។​ ​សង្ឃឹម​ថា ​ថ្ងៃ​ទី​៣​នេះ​អាច​បាន​រួច​ខ្លួន​ ឬ​ចំណេញ​តិច​តួច។​ តែ​មិន​បាន​ដូច​មុន​ទេ»។​

​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ​អក​អំបុក ​និង​សំពះ​ព្រះខែ​តែង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែវិច្ឆិកា​ ​ក្នុង​ទន្លេ​សាប​ នៅ​ពីមុខ​ព្រះ​បរមរាជ​វាំង​ ក្នុង​រាជ​ធានីភ្នំពេញ។ ព្រះរាជ​ពិធី ដែលមាន​រយៈ​ពេល​បី​ថ្ងៃ​នេះ​គឺ​ដើម្បី​ឧទ្ទិស​ដល់​វីរភាព​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នា​សម័យ​បុរាណ។​

ជា​ទម្លាប់​ ​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​នៅ​ជុំវិញ​រាជ​ធានី​ភ្នំពេញ​តែងតែ​សម្រុក​ចូល​មក​ទស្សនា​ដោយ​ផ្ទាល់ដែល​ធ្វើ​ឲ្យ​តាម​ដង​ផ្លូវ​មាត់​ទន្លេ ​និង​មុខ​ព្រះ​បរមរាជ​វាំង​ណែនស្ទះ​ដោយ​មនុស្ស​ច្រើន​ដូច​ស្រមោច។​

ប៉ុន្តែ​ព្រះរាជ​ពិធី​នេះ​បាន​ផ្អាក​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ ដោយ​សារ​មាន​ឧបទ្ទវហេតុ​ដើរ​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មណ្ឌល​កម្សាន្តកោះ​ពេជ្រ​និង​ដោយ​សារ​ព្រះ​មហា​វីរក្សត្រ​សម្តេច​ព្រះ​នរោត្តម ​សីហនុ​បានយាង​ចូល​ទិវង្គត។ ​ការ​ភ័យ​ខ្លាចចំពោះ​សោកនាដ​កម្ម​កាល​ពី​បី​ឆ្នាំ​មុន​ទំនង​ជា​នៅ​ស្ថិត​ក្នុង​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​មក​កម្សាន្តនៅ​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ។​ ជា​ពិសេស​នៅ​ក្នុង​ពិធី​រំឭកខួប​គម្រប់​ដប់​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​មាន​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​គ្រាប់​កាំជ្រួច ​និង​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រង​របួស។​

នៅ​ពីមុខ​វត្ត​លង្កា​ ក្បែរ​វិមាន​ឯករាជ្យ ​រថយន្ត​លក់​កាហ្វេ​ចល័ត​ហ្វ័រយូ​ (Coffee4u) ​ចំនួន​បី​គ្រឿង​បញ្ឈរ​បន្ត​កន្ទុយ​គ្នា។ ​ប៉ុន្តែអតិថិជន​ចូល​ទិញ​ដោយ​កម្រ​បំផុត​គឺ​ក្នុង​មួយ​ថ្ងៃ​អតិថិជន​ចូល​ទិញ​កាហ្វេ​នេះ​មាន​ចន្លោះ​ពី​៥០​ទៅ​៦០​នាក់​ប៉ុណ្ណោះ​សម្រាប់​រថយន្ត​ចល័ត​ទាំង​បី​ ដ្បិត​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដើរ​ឆ្លង​កាត់​នៅ​ទី​នេះ ​មុន​ពេល​រាត្រី​មក​ដល់។​ ពេល​រាត្រី ​អ្នក​ក្រុង​ភ្នំពេញ​ចេញ​មក​កម្សាន្ត​ការ​បាញ់​កាំជ្រួច​ និង​ដើរ​កម្សាន្តនៅ​មុខ​ព្រះ​បរម​រាជវាំង​និង​នៅ​តាម​សួន​ច្បារ​នានា​ដែល​មាន​ការតាំង​លក់​ផលិត​ផល​ផ្សេងៗ។​

លោក​ហេង យ៉ាលី​ជា​អ្នក​គ្រប់​គ្រង​ការ​លក់​កាហ្វេ​ហ្វ័រយូ​នៃ​រថយន្ត​ចល័ត​ទាំង​បី​នេះ។​

«ធម្មតា​ឱកា​សបុណ្យ​អុំទូក​យើងគិត​ថា ​មាន​មនុស្ស​ច្រើន យើង​លក់​បាន​ច្រើន។​ ប៉ុន្តែ​យើង​លក់​អត់​ដាច់​ ដោយសារ​មនុស្ស​តិច។​ យើង​សាក​ល្បង​ឆ្នាំ​ទី​១ ​ហើយ​បាន​ជួប​បរាជ័យ»។​

លោក​យ៉ាលី​សង្ឃឹម​ថា ​នៅ​ឆ្នាំ​ក្រោយ​ អ្នក​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូកនឹង​មាន​ចំនួន​កើន​ច្រើន​ជាង​នេះ។​

នៅ​ឯច្រាំង​ទន្លេសាប ​មុខ​ព្រះ​បរម​រាជវាំង​ឯណោះ​វិញ ​មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​តែ​នៅ​លើ​ឃឿន​ច្រាំង​ធ្វើ​អំពី​ថ្ម​តែ​ប៉ុណ្ណោះ ​ដើម្បី​គយ​គន់​ដោយ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​ទូក​ប្រណាំង​និង​អ្នក​អុំទូកដែល​ចល័ត​បញ្ច្រាស​ខ្សែ​ទឹក​ដើម្បី​ទៅ​កាន់​ទីកន្លែង​ចេញ​ដំណើរ​ដើម្បី​ប្រណាំង។​ នៅ​ទីនេះ​ធ្លាប់​តែ​មាន​មនុស្ស​ដើរ​ប្រជ្រៀត​គ្នា​ស្ទើរ​ដក​ដង្ហើម​មិន​បាន​នៅ​រាល់ពេល​មាន​ពិធី​បុណ្យ​អុំទូក​ម្តងៗ។​

ធឿន​ ស្រីនាង​គឺជា​អ្នក​លក់​ភេសជ្ជៈ​ មាន​ដូចជា​ទឹកក្រូច ​ទឹក​បរិសុទ្ធ ​និង​ទឹក​ផ្លែ​ឈើ​នៅ​មុខវាំង។​ អង្គុយ​នៅ​ក្រោម​ម្លប់​ឆ័ត្រ ​កញ្ញា​សម្បូរស្រអែម​រូប​នេះតែងតែ​ប្រកប​មុខ​របរ​នេះ​រៀង​រាល់​ឆ្នាំ​ដែល​មាន​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។​

ការ​លក់​ដូរ​ភេសជ្ជៈ​របស់​នាង​បាន​ធ្លាក់​ចុះ​ពី​ជាង​បី​កេស​មក​ត្រឹម​ជាង​មួយ​កេស​នៅ​ឆ្នាំ​នេះ។​

«ខុស​គ្នា​ជាង​ឆ្នាំ​មុនៗ​ច្រើន។ ​មនុស្ស​តិច​ជាង​មុន។​ មុនៗ​មនុស្ស​ដើរ​ មិន​ដូច​ពេល​នេះ​ទេ។ ​យើង​លក់​មិន​សូវ​ដាច់។ ​យើង​ជួល​កន្លែង​គេ​ក្នុង​រយៈ​ពេល​បីថ្ងៃ​នេះ​៣០​ដុល្លារ។ ជួល​កន្លែង​ថ្លៃ​ តែ​លក់​មិន​ដាច់​ ដោយសារ​តែ​អត់​មាន​មនុស្ស»។​

ការ​ប៉ះពាល់​មិន​មែន​មាន​តែ​សម្រាប់​អ្នក​លក់​ដូរ​តែ​ប៉ុណ្ណោះ​ទេ។​ ប៉ុន្តែ​ផ្នែក​សេវកម្ម​ដឹក​ជញ្ជូន​ក៏​ដូច​គ្នា​នេះ​ដែរ។​

លោក​សៀង ពិសិដ្ឋ​ចត​រ៉ឺម៉ក​កង់​បី​របស់​លោក​នៅ​លើ​ផ្លូវសួន​ច្បារ​វិមាន​ឯករាជ្យ។ ​រហូត​ដល់​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ទើប​តែ​ដឹក​អ្នក​ដំណើរ​បាន​ម្នាក់​តែ​ប៉ុណ្ណោះ។​

«ឆ្នាំ​នេះ​មិនសូវ​មាន​មនុស្ស​ទេ។ ​រាល់​ឆ្នាំ​មាន​មនុស្ស​ច្រើន​ថ្មើរ​នេះ។ ​ថ្ងៃ​នេះ​ខ្ញុំ​ទើប​តែ​បាន​មួយ​ម៉ូយ។​ ពេល​មុនៗ​ ថ្មើរ​នេះ​ខ្ញុំ​បាន​បី​បួន​ម៉ូយ​រួច​ទៅ​ហើយ។​ ឆ្នាំ​នេះ​ គេ​មិន​សូវ​ហ៊ាន​ដើរ​លេង​ ព្រោះ​ចេះ​តែ​មាន​ព្រឹត្តិការណ៍​បន្ត​បន្ទាប់ ​ម្ល៉ោះ​ហើយ​អ្នក​ខ្លះ​មិន​ដើរ​លេង​ទេ។​ ហើយ​ណា​មួយ​គេ​ពិបាក​រក​លុយ​ អត់​លុយ​អត់​កាក់»។

ថ្វី​បើ​អ្នក​ជំនួញ​មួយ​ចំនួន​បាន​ត្អូញ​ត្អែរ​ពី​ផល​ចំណូល​របស់​ខ្លួន​ដោយសារ​ចំនួន​អ្នក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​អក​អំបុក ​និង​សំពះ​ព្រះខែ​បាន​ថយចុះ ​ប៉ុន្តែ​លោកឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ពន្យល់​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​មិន​អាច​ផ្តល់​ឱកាស​សម្រាប់​ការ​បញ្ចុះ​តម្លៃ​ជួល​ស្តង់​នេះ​ទេ ​ដោយសារ​ក្រុម​ហ៊ុន​ ឬស្ថានីយ៍​ទូរទស្សន៍​ទទួល​បាន​គោល​ការណ៍​ឯកភាព​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ហើយក្រុម​ហ៊ុន​និង​ស្ថានីយ៍​ទូរទស្សន៍ទាំង​នេះ​បានជួល​ស្តង់​ទំនិញ​បន្ត៕

XS
SM
MD
LG