ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​អុំទូកឆ្នាំ​នេះ​មានការ​រៀបចំ​សន្តិសុខ​​និង​ការ​ហ្វឹកហាត់​កម្រិតខ្ពស់


អ្នកដើេរលេងនៅ​មុខវាំង​មើលការ​ហាត់​អុំទូកប្រណាំង​​​នៅទន្លេចតុមុខ​
អ្នកដើេរលេងនៅ​មុខវាំង​មើលការ​ហាត់​អុំទូកប្រណាំង​​​នៅទន្លេចតុមុខ​

ក្រុម​កីឡាករ​ និង​កីឡា​ការីនី​អុំទូក​បាន​ស្រែក​យ៉ាង​កង​រំពង​នៅ​លើ​ទឹក​ទន្លេ​ពី​មុខ​ព្រះ​បរម​រាជ​វាំង។​ សំឡេងស្រែក​នេះ​គឺ​ជា​ការ​ហាត់​សម​មុន​ពេល​នៃ​ពិធីបុណ្យ​អុំទូក​គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។​

កីឡា​ករ​អុំទូក​ស្រែក​ថា៖ «យក្ស​អរ​ៗៗ​ លេង​មិន​លេងៗៗ​ ឈ្នះ​ឬ​អត់​ ឈ្នះៗៗ​ ឈ្នះ​ហោ​មួយ​មក!»​

ក្រោយ​ពី​បាន​ហាត់​សម​មួយ​ជុំ​ ទូក​ឈ្មោះ​ 'ថេង​ស​ជ័យ​បារមី​ក្រពើ​ហា' ​បាន​រំកិល​ខ្លួន​ចូល​ចត​ច្រាំង​ទន្លេ​នៅ​ពី​មុខ​វត្ត​ឧណ្ណាលោម។

ទូក​នេះ​ជា​ប្រភេទ​ទូក​អុំ​ខ្នាត​ធំ​ដែល​មាន​ប្រវែង​បណ្តោយ​៣៤​ម៉ែត្រ​២​តឹក​និង​មាន​កីឡាករ​ចំនួន​៧៤​នាក់​មក​ពី​ខេត្ត​កណ្តាល។

គ្រង​សម្លៀក​បំពាក់​ពណ៌​ក្រហម​ចាស់​ 'ទូក​ថេងជ័យ​បារមី​ក្រពើ​ហា'​រំពឹង​ថា​ នឹង​ទទួល​បាន​ជ័យ​ជំនះ​សម្រាប់​ឆ្នាំ​នេះ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ផា សុផល​ អ្នក​គ្រប់​គ្រង​ទូក។​

លោក​និយាយ​ថា៖​«ឆ្នាំ​នេះ​ប្រហែល​ជា​បាន​លេខ​មួយ​ទៀត​ បាទ! ​សំខាន់​គឺ​នៅ​លើ​កីឡាករ​ទាំង​អស់​ហ្នឹង​វា​ហ្វឹក​ហ្វឺន​បាន​យូរ​ ហើយ​បច្ចេក​ទេស​អុំ​ក៏​បាន​ត្រឹម​ត្រូវ​ ហើយ​ការ​ដឹក​នាំ​ក៏​វា​ល្អ​ប្រសើរ។​ ​កីឡាករ​ចេះ​សាមគ្គី​គ្នា​ ដូច្នេះ​ទូក​វា​អាច​លឿន»។​

នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ កីឡា​ករ​និង​កីឡា​ការិនី​ចាប់​ផ្តើម​ហ្វឹក​ហ្វាត់​មុន​ការ​ប្រកួត​ចាប់​ផ្តើម។​ ចំណែក​នៅ​តាម​សួន​ច្បារ​វិញ​មានចង​ខ្សែ​ព័ទ្ធ​ជុំ​វិញ​មិន​ឲ្យមនុស្ស​ដើរ​ឆ្លង​កាត់​ទេ។​

លោក​ឡុង នី​ អ្នក​ដឹក​នាំ​ក្រុម​ទូក​ចែវផ្នែក​បុរស​ និង​ស្រ្តី​ឈ្មោះ​'សំហេងសែន​ដែក​ជះ​បារមី​សារាវ័ន្ត​ដែក​ជោ'​ និង​ 'ដូន​ពេញ​សែន​ជ័យ​សារាវ័ន្ត​តេជោ'​មាន​ចំណុះ​២២​នាក់​មាន​ប្រសាសន៍​ថា​ ទូក​របស់​លោក​ទើប​នឹង​ហ្វឹក​ហ្វាត់​រយៈ​ពេល​២​ថ្ងៃ​តែ​ប៉ុណ្ណោះ។​

លោក​បាន​បញ្ជាក់​ថា​ ទូក​របស់​លោក​ទាំង​ផ្នែក​នារី ​និង​បុរស​តែង​តែ​ទទួល​បាន​ជ័យ​ជំនះ​លេខ​មួយ​ជា​រៀង​រាល់​ការ​ប្រកួត។​

លោក​និយាយ​ថា៖​ «ត្រៀម​លក្ខណៈ​ហ្វឹក​ហ្វាត់​ដើម្បី​ឲ្យកម្លាំងមាំ​មួន​ហើយ​កម្លាំងអត់​សូវ​ហត់​ដើម្បី​យក​ជ័យ​ជំនះ​លើ​ដៃ​គូ»។​

នៅ​មិន​ឆ្លាយ​ប៉ុន្មាន​ពី​ដៃ​គូ​របស់​ខ្លួន​ កីឡាការិនីមួយ​រូប​ផ្សេង​ទៀត​មាន​ជំនឿ​ថា​ នឹង​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​នាពេល​ខាង​មុខ​នេះ។​

អ្នក​ស្រី​និយាយ​ថា៖​ «មាន​យុទ្ធសាស្ត្រ​ថា ​ប្រឹង​ពី​កង​ព័ន្ធ​ទីមួយ​រហូត​ដល់​កង​ព័ន្ធ​ទី​បញ្ចប់​តែ​ម្តង។ ​ប្រឹង​រហូត​តែ​ម្តង​ ទោះ​បី​ធ្លាក់​ដៃ​យ៉ាង​ណា​ក៏​ត្រូវ​តែ​មក​ដែរ។ ​ត្រូវ​តែមក​ដល់​ទី​បញ្ចប់​តែ​ម្តង»។​

ពិធី​បុណ្យ​អុំទូក​បាន​អាក់​ខាន​រយៈ​ពេល​បី​ឆ្នាំ​ក្រោយ​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ថ្ងៃពិធីបុណ្យ​អុំទូក​កាល​ពី​ឆ្នាំ​២០១០ដែល​បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​និង​រង​របួស​ជិត​មួយ​ពាន់​នាក់។​

នៅ​ឆ្នាំ​នេះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យមាន​ពិធី​បុណ្យ​អុំទូក​ឡើងវិញ​ដែល​គេ​រំពឹង​ថា​ នឹង​មាន​មនុស្ស​ច្រើន​រាប់​សែន​នាក់​មក​ពី​តាម​បណ្តា​ខេត្ត​នា​នា​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

កំពុង​តែ​ត្រួត​ពិនិត្យ​តាម​គោល​ដៅ​ឈរ​ជើង​របស់​ក្រុម​គ្រួពេទ្រ​ប្រចាំ​ការ​នៅ​ពី​មុខ​វត្ត​ឧណ្ណា​លោម​ ​លោក​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​មាន​ប្រសាសន៍ថា​ ក្រសួង​បាន​បញ្ជូន​បុគ្គលិក​ពេទ្រ​ប្រមាណ​៥០០​នាក់​ឈរ​ជើង​២៤​គោល​ដៅ​ ព្រម​ទាំង​មាន​បុគ្គលិកស្ម័គ្រ​ចិត្ត​ពី​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​ត្រៀមជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​បុណ្យ​អុំទូក។​

លោក​និយាយ​ថា៖​ «សំខាន់​បំផុត​គឺ​យើង​រៀប​ស្ថានីយ​នេះ ​ទីមួយ​ប្រសិន​បើ​ជា​មនុស្ស​ដែល​អាច​ដឹង​ខ្លួន​ថា ​ឈឺ​ យើង​អញ្ជើញ​គាត់​មក។​ ប៉ុន្តែ​បើ​សំខាន់​បំផុត​ណែ​នាំ​ឲ្យប្រជាពល​រដ្ឋ​យើង​ពេល​វិលមុខ​ ឬ​ស្រវាំង​ភ្នែក​ត្រូវ​អង្គុយ​ ឲ្យគាត់​អង្គុយ​ កុំ​ដើរ​ទៅណា​ ហើយ​ប្រាប់​បង​ប្អូន ឬមួយ​ក៏​អ្នក​មក​ជាមួយ​ដើម្បី​ទាក់​ទង​ជាមួយ​នឹង​សន្តិ​សុខ​យើង។​ ​យើង​ធ្វើ​ការ​ជាមួយ​ហ្នឹង​ក្រសួង​មហា​ផ្ទៃ​ ជា​មួយ​សន្តិ​សុខ​ជាតិ»។​

លោក​ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ សាលា​ក្រុង​ភ្នំពេញ​បាន​ត្រៀម​ទាំងកម្លាំងសន្តិសុខ​ ទាំង​កម្លាំង​នគរបាល​ កង​រាជ​អាវុធ​ហត្ថ​ និង​កង​អង្គរក្ស​ប្រមាណ​១​ម៉ឺន​នាក់​ដើម្បី​ការ​ពារ​សុវត្ថិភាព​ពេល​បុណ្យ​អុំទូក។​

លោក​មាន​ប្រសាសន៍​ថា បង្គន់​ចល័ត​សារធារណះ​មាន​ដាក់​ពង្រាយ​ប្រមាណ​២១០​គ្រឿង​នៅ​តាម​ទី​ប្រជុំ​ជន​សំខាន់ៗ៕

XS
SM
MD
LG