ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ​កំពូល​រវាង​លោក​ ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន


លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស្តាប់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។
លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស្តាប់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

មិន​ដល់​ជិត​មួយ​ខែ​ទៀត មុន​ពេល​ដែល​កិច្ចប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នឹង​កើត​ឡើង​ រដ្ឋាភិបាល​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ត្រៀម​ខ្លួន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បោះ​ជំហាន​ទៅ​មុខ ឬ​ក៏​គ្រោះថ្នាក់​ណា​មួយ ដែល​នឹង​អាច​កើត​ឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ដែល​ត្រូវបាន​គេ​រំពឹង​ទុក​មួយ​នេះ។

យុទ្ធសាស្ត្រ​ការពារ​ខ្លួន​របស់​កូរ៉េ​ខាង​ជើង​បន្តកើត​ឡើង ក្រោយ​ពី​ប្រទេស​នេះ​បាន​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​បី​នាក់ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ត្រាំ។​

លោក​ ត្រាំ បាន​ថ្លែង​ថា៖​ «‍យើង​ចង់​ថ្លែង​អំណរ​គុណ​ដល់​លោក គីម ជុងអ៊ុន»។

កូរ៉េ​ខាង​ជើង​បាន​សន្យា​កម្ទេច​ចោល​កន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន មុន​នឹង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅថ្ងៃទី១២ ខែមិថុនា​ខាង​មុខ​នេះ។ នៅ​លើ​បណ្តាញ​សង្គម Twitter លោក​ ត្រាំ បាន​ចាត់​ទុក​ចំណាត់ការ​របស់​កូរ៉េខាងជើង​នេះ​ថា​ជា «‍កាយវិការ​ដ៏​ឆ្លាតវៃ និង​សក្តិសម»។

ទីប្រឹក្សាសន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ប្រាប់​លោកស្រី Greta Van Susteren អ្នក​រាយការណ៍​បន្ថែម​ឲ្យ VOA ថា ​វា​ពិបាក​ក្នុងការ​សន្មត​ឲ្យ​ប្រាកដ​ពី​គោល​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ បាន​ថ្លែង​ថា៖

«‍វា​អាច​ទៅ​រួច​ថា នេះ​គឺជា​ផ្នែក​មួយ​នៃ​ចេតនា​ល្អ ហើយ​វា​ក៏​អាច​ទៅ​រួច​ដែរ​ថា ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​កូរ៉េខាង​ជើង​ខ្លួនឯង​ ប្រទេស​ទាំង​នេះ​បង្ក​ការ​លំបាក​ដោយ​ខ្លួន​ឯង ដូច្នេះ​ពួកគេ​កំពុង​តែ​ចាត់​វិធានការ​ទាំង​ឡាយ​ណា​ដែល​ចាំបាច់។ ខ្ញុំ​សង្ឃឹម​ថា នេះ​ជា​ចេតនា​ល្អ​ទៅ​ចុះ»។​

រហូត​មក​ដល់​ពេល​នេះ ការ​សន្យា​ជា​សាធារណៈ​តែ​មួយ​គត់​របស់​សេតវិមាន គឺ​ជំនួយ​ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​កូរ៉េខាងជើង ​ប្រសិន​បើ​កិច្ច​ព្រមព្រៀង​បញ្ឈប់​អាវុធ​នុយក្លេអ៊ែរ​សម្រេច​បាន ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង គោរព​តាម​កិច្ច​ព្រមព្រៀង​នោះ។

លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​ បាន​ថ្លែង​បន្ថែម​ទៀត​ថា៖

«‍ខ្ញុំ​យល់​ថា យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​បណ្តាក់ទុន​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​ឆាប់​រហ័ស​តាម​តែ​យើង​អាច​ធ្វើ​បាន»។

លោក​ប្រធានាធិបតី ត្រាំ បាន​សរសើរ​ជំនាញ​របស់​លោក ក្នុង​ការ​ចរចា ​ដែល​នឹង​ត្រូវ​បាន​យក​ទៅ​សាកល្បង​នៅ​ក្នុង​ជំនួប​លក្ខណៈ​ប្រវត្តិសាស្ត្រ​ជាមួយ​លោក គីម ជុងអ៊ុន នា​ពេល​ខាង​មុខ​នេះ។

លោក Bolton បាន​ថ្លែង​ថា៖

«‍ខ្ញុំ​គិត​ថា ភាគី​ទាំង​ពីរ​នឹង​ពិនិត្យ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក​ប្រធានាធិបតី ត្រាំ នឹង​មាន​ឱកាស​មើល​មុខ​លោក គីម ជុងអ៊ុន ​ដោយ​ផ្ទាល់ ហើយ​សម្រេច​ថា​តើ លោក គីម ជុង​អ៊ុន​ ពិត​ជា​ប្រាកដប្រជា​មែន​ឬ​ទេ»។

លោក Bolton ក៏​បាន​ថ្លែង​ថា លោក​ប្រធានាធិបតី ត្រាំ នឹង​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​ មុន​នឹង​លោក​សម្រេច​ទទួល​យក​កិច្ច​ព្រមព្រៀង​ដែល​មាន​ចន្លោះ​ប្រហោង។ ស្របពេល​ដែល​អ្នក​គាំទ្រ​លោក ត្រាំ បាន​ស្រែក​ហ៊ោរ​បន្លឺ​ពាក្យ​ពាន​រង្វាន់ «‍ណូប៊ែល» នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នយោបាយ​ ​អ្នក​តាមដាន​មួយ​ចំនួន ជឿ​ជាក់​ថា លោក​ប្រធានាធិបតី នឹង​ត្រូវបាន​អ្នក​គាំទ្រ​របស់​លោក​ស្អប់ បើសិន​ជា​លោក​ត្រឡប់​ពី​ប្រទេស​សិង្ហបុរី​វិញ ដោយ​មិន​សម្រេច​បាន​កិច្ចការ​អ្វី​ទាល់​តែ​សោះ៕

​ប្រែសម្រួល​ដោយ ទែន សុខស្រីនិត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG