ឆ្មាំការពារជាតិសហរដ្ឋអាមេរិក (National Guard) ដែលជាកងទ័ពធ្វើការងារមិនពេញម៉ោង ហើយដែលផ្តល់សន្តិសុខសម្រាប់ការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានដកសមាជិកចំនួន១២នាក់ចេញពីការបំពេញភារកិច្ចខាងសន្តិសុខសម្រាប់ពិធីនេះ។ នេះ តាមការប្រកាសរបស់ក្រុមមន្ត្រីយោធាកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រធានអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Jonathan Hoffman បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ឆ្មាំការពារជាតិ១០នាក់ក្នុងចំណោម១២នាក់ បានត្រូវដកចេញចំពោះ«អាកប្បកិរិយាគួរឲ្យសង្ស័យ» ដែលមិនទាក់ទិននឹងអំពើជ្រុលនិយមទេ ហើយត្រូវបានរកឃើញដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ក្នុងអំឡុងពេលនៃការពិនិត្យពិច្ច័យឆ្មាំការពារចំនួន២៥.០០០នាក់ ដែលត្រូវដាក់ពង្រាយនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ពិធីស្បថចូលកាន់តំណែងនៅថ្ងៃពុធនេះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Biden និងអ្នកស្រីអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris។
ចំណាត់ការនេះ បញ្ជាក់ពីការប្តេជ្ញារបស់ពួកអាជ្ញាធរដើម្បីការពារសន្តិសុខក្នុងពិធី៤ឆ្នាំម្តងនៅពេលមានការព្រួយកង្វល់អំពីអំពើហិង្សានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងធានីរបស់រដ្ឋទាំង៥០ បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃទី៦ មករា លើវិមានសភាសហរដ្ឋអាមេរិកដោយពួកកងជីវពល ដែលគាំទ្រប្រធានាធិបតីចេញតំណែងលោក Donald Trump។ ការព្រួយកង្វល់ខ្លាំងពីការគំរាមកំហែងអ្នកនៅជួយផ្ទៃក្នុងនេះ កើតមានខណៈមានអតីតនិងបុគ្គលិកយោធាបច្ចុប្បន្ន បានរងការចោទប្រកាន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ជាប់ទាក់ទិននឹងកុបកម្មនៅវិមានសភា។
ការបង្កើនកម្លាំងទ័ពដែលមិនធ្លាប់មានពីមុនមកនេះ បានប្រែក្លាយរដ្ឋធានីឱ្យទៅដូចជាបន្ទាយយោធា។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីយោធាខ្លះ កំពុងនិយាយសម្រាលពីការគំរាមកំហែងនេះ៕