ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​​ធ្វើ​ឱ្យ​​ចំណាកស្រុក​ក្នុង​តំបន់​​មជ្ឈិម​បូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង​កើនឡើង​ដល់​កំណត់​​ត្រា​ថ្មី


រូបឯកសារ៖​ ជនភៀសខ្លួន​កំពុង​ដើរ​នៅ​ក្នុង​បរិវេណ​ជំរំ​ជនភៀសខ្លួន ក្នុង​ប្រទេស​ស៊ីរី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖​ ជនភៀសខ្លួន​កំពុង​ដើរ​នៅ​ក្នុង​បរិវេណ​ជំរំ​ជនភៀសខ្លួន ក្នុង​ប្រទេស​ស៊ីរី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការធ្វើ​ចំណាក​ស្រុក​ក្នុង​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង​បាន​ឡើង​ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​បន្ទាប់​ពី​បដិវត្តន៍ Arab Spring បាន​បង្ក​ឱ្យ​មាន​ចលាចល​នយោបាយ​នៅ​ទូទាំង​តំបន់​នេះ​។

មជ្ឈមណ្ឌល​តាមដាន​ការធ្វើ​ចំណាក​ស្រុក​ក្នុង​ប្រទេស (IDMC) ​បាន​រាយការណ៍​ថា ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ចំនួន​មនុស្ស​ធ្វើ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​ បាន​កើន​ឡើង​ជាង​៣ដង​ ពោល​គឺ​កើន​ឡើង​ចាប់​ពី​៣លាន​៥សែន​នាក់​ ដល់​១២​លាន​៤សែននាក់។ មជ្ឈមណ្ឌល​នេះ​និយាយ​ថា នៅ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ ជន​ភៀស​ខ្លួន​និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ចំនួន​៧លាន៨សែននាក់​ បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែង​រក​សុវត្ថិភាព។

លោក Vicente Anzellini ប្រធាន​ក្រុម​រាយការណ៍​ និង​តាមដាន​ជា​សាកល​នៅ​មជ្ឈមណ្ឌល IDMC បាន​និយាយ​ថា​ កត្តា​ជាច្រើន​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​កម្រិត​ខ្ពស់​បែប​នេះ។ កត្តា​ទាំង​នោះ​រួម​មាន​ការ​ធ្វើអន្តរាគមន៍​របស់​បរទេស​នៅ​ក្នុង​ជម្លោះ​ស៊ីវិល​នៅ​ក្នុង​តំបន់ ជម្លោះ​ក្នុង​មូលដ្ឋាន​ដែល​បង្ក​ឡើង​ដោយ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ជាតិសាសន៍​ និង​សាសនា អស្ថិរភាព​ដែល​បង្ក​ឡើង​ដោយ​ក្រុមជ្រុល​និយម និង​ក្រុម​ជីហាដ​ និង​គ្រោះ​ធម្ម​ជាតិ​ជា​ដើម​។

លោក​ Anzellini បាន​ប្រាប់​ VOA ​ថា​ ការ​ធ្វើ​ចំណាកស្រុក​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៥ នៅ​ពេល​ដែល​រុស្ស៊ី​លូកដៃ​ទៅ​ក្នុង​ជម្លោះ​នៅ​ស៊ីរី និង​នៅ​ពេល​ដែល​អារ៉ាប៊ី​សាអូឌីត​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេសយេម៉ែន។ លោក​បាន​និយាយ​ថា កត្តា​មួយ​ទៀត​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​ការ​ធ្វើ​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់​ផង​ដែរ គឺ​ការ​ពង្រីក​សង្គ្រាម​ដោយ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ទូ​ទាំងប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​នោះ​។

លោកAnzellini បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ហើយ​ក្រោយ​មក ​ការ​វាយប្រហារ​សងសឹក​ដោយ​រដ្ឋាភិបាល និង​ដោយ​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ពិត​ជា​ធ្វើ​ឱ្យ​ជម្លោះ​ទាំង​នេះ​កាន់​តែ​តានតឹង។ ជម្លោះ​ភាគច្រើន​កើត​ឡើង​នៅ​ក្នុង​តំបន់​ទីក្រុង​ដូចជា ក្រុង Aleppo ប្រទេស​ស៊ីរី និង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់​ជា​ដើម។ នេះ​យើង​លើក​តែ​២​ប៉ុណ្ណោះ។ ច្បាស់​ណាស់ តំបន់​ទីក្រុង​ទាំង​នេះ​ជា​ផ្ទះ​សម្បែង​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​រត់​ភៀស​ខ្លួន»។

លោកAnzellini និយាយ​ថា អ៊ីរ៉ាក់​គឺជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ ដែល​ចំនួន​នៃការ​ធ្វើ​ចំណាក​ស្រុក​ធ្លាក់​ចុះ។ លោក​យល់​ថា​ ការ​ធ្លាក់​ចុះ​នេះគឺ​ដោយសារ​តែ​ការ​បរាជ័យ​របស់​យុទ្ធជន​រដ្ឋ​ឥស្លាម ដែល​បាន​អនុញ្ញាត​ឱ្យ​មនុស្ស​ជាច្រើន​ត្រឡប់​មក​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​កត់សម្គាល់​ថា ​ការ​ត្រឡប់​ទៅ​កាន់លំនៅ​ដ្ឋាន​របស់​មនុស្ស​ជា​ច្រើន​នៅ​ក្នុងតំបន់​ទាំង​មូល ​កំពុង​ត្រូវ​បាន​រំខាន​ដោយ​កត្តា​ជាច្រើន។

លោកAnzellini បានបន្ថែមក្នុង​សម្តី​ដើម​ទៀត​ថា៖ «ទីក្រុង​ជាច្រើន​នៅ​តែ​មាន​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​អន្ទាក់​គ្រាប់​បែក។ ដូច្នេះ​សំណល់​នៃ​សង្គ្រាម​ទាំង​នេះ​ត្រូវ​តែ​បោសសម្អាត ​មុន​ពេល​ប្រជា​ពលរដ្ឋ​អាច​ត្រឡប់​ទៅ​លំនៅដ្ឋានវិញ​ ​ដោយ​សុវត្ថិភាព​នោះ​។ មិន​មាន​យន្តការ​ល្អ​ណា​មួយ​នៅ​ក្នុង​ប្រទេស​ភាគច្រើន​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ ​ដើម្បី​គាំទ្រ​ដល់​ការ​វិល​ត្រឡប់​មក​វិញ​របស់​ជន​ចំណាក​ស្រុក​ក្នុង​ប្រទេស​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​ភាព​ថ្លៃថ្នូរ​នោះ​ទេ»។

ប្រសិនបើ​កិច្ចប្រឹងប្រែង​ការទូតបច្ចុប្បន្ន​ ដែលដឹកនាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ស៊ីរី លីប៊ី និង​យេម៉ែន​ នាំ​មក​នូវ​លទ្ធផល​វិជ្ជមាននោះ​ លោក Anzellini បញ្ជាក់​ថា មនុស្ស​កាន់​តែ​តិច​ទៅៗ​នឹង​មិន​ត្រូវ​បង្ខំ​ចិត្ត​ឱ្យ​រត់គេច​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នោះ​ទេ។ ប៉ុន្តែ​លោក​និយាយ​ថា​ ក្តីសង្ឃឹម​នៅ​តែ​មាន​តិច​តួច​នៅ​ឡើយ​សម្រាប់​ពេល​នេះ ហើយ​ជម្លោះ​ដែល​បាន​បន្ត​នៅ​ក្នុង​តំបន់​នេះ ​ទំនង​នឹង​ធ្វើ​ឱ្យ​មាន​ការ​ចំណាកស្រុក​ថ្មីៗ​បន្ថែម​ទៀត៕

XS
SM
MD
LG