សង្គ្រាមរ៉ាំរ៉ៃបានអូសបន្លាយនៅក្នុងប្រទេសយេម៉ែន ហើយធម្មជាតិក៏បង្កផលលំបាកដល់ប្រទេសយេម៉ែនផងដែរ។ ហ្វូងសត្វកណ្តូបវាលខ្សាច់ពណ៌ក្រហមដ៏ច្រើនណែនណាន់តាន់តាប់ ដែលបានត្រូវគេប្រទះឃើញហើរកាត់តាមរដ្ឋធានីសាណាអា កំពុងគំរាមកំហែងផលិតផលកសិកម្មរបស់យេម៉ែនដែលនៅសេសសល់ ហើយ បានបន្ថែមទុក្ខលំបាកដល់អសន្តិសុខម្ហូបអាហារដែលកំពុងជួបការលំបាកយ៉ាងខ្លាំងរួចទៅហើយរបស់ប្រទេសនោះ។
លោក Saleh Mohammed ព្រួយបារម្ភអំពីការជួយឧបត្ថម្ភក្រុមគ្រួសាររបស់លោក ហើយប្រែក្លាយគ្រោះកាចញាំញីទៅជាការជួយសង្គ្រោះមួយ។ លោកនិងកូន៥នាក់ទៀតរបស់លោក ព្យាយាមប្រមូលសត្វកណ្តូបពីលើដំបូលផ្ទះរបស់លោកដើម្បីលក់ជាម្ហូបអាហារ។ ក៏ប៉ុន្តែការលក់ដូរនេះមិនសូវដាច់ឡើយ ដោយសត្វកណ្តូបច្រើនពេក។កណ្តូបមួយថង់ដែលពួកគេ ជាធម្មតាលក់បានតម្លៃ ៧០ដុល្លារ ឥឡូវនេះអាចលក់បានតែ ១២ដុល្លារប៉ុណ្ណោះ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោករាយការណ៍ថា ពលរដ្ឋយេម៉ែន១០លាននាក់ ត្រូវការជំនួយឧបត្ថម្ភម្ហូបអាហារ ហើយប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះស្ទើរតែជួបប្រទះនូវការស្លាប់អត់បាយយ៉ាងខ្លាំង។ អង្គការកម្មវិធីស្បៀងអាហារពិភពលោកកាលពីពេលថ្មីៗនេះ បានឈប់ផ្តល់ជំនួយទៅឲ្យយេម៉ែនដោយចោទប្រកាន់ថា ពួកឧទ្ទាម Houthis បានបង្វែជំនួយម្ហូបអាហារទាំងនោះទៅជាថវិកាសម្រាប់សង្គ្រាម។
លោក Mohammed Ali al-Houthis អ្នកនាំពាក្យពួកឧទ្ទាម Houthis បានបញ្ជូនសារប្រព័ន្ធ Twitter ថា ក្រុមឧទ្ទាមដែលបានបណ្តេញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិនៅឆ្នាំ២០១៤ ឥឡូវនេះបានធ្វើកិច្ចព្រមព្រៀងជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោកដើម្បីធ្វើឲ្យមានជំនួយនោះឡើងវិញ។
គិតត្រឹមខែកញ្ញានេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានរាយការណ៍ពីការ ផ្គត់ផ្គង់ជំនួយសង្គ្រោះហើយបានបញ្ឈប់ការផ្អាកកាលពីពេលមុនដែលមានរយៈពេល២ខែ។ ក្រុម Houthis បានយល់ព្រមអនុវត្តតាមគម្រោងនៃការពិនិត្យមើលកែវភ្នែកនិងទម្រង់មុខដើម្បីធ្វើឲ្យប្រាកដថា ការផ្គត់ផ្គង់ជំនួយទាំងនោះ បានទៅដល់អ្នកដែលត្រូវការបំផុត។ ទោះជាយ៉ាងណាក៏ដោយ ក៏យេមែ៉ននៅតែត្រូវបានគេចាត់ទុកជាប្រទេសមួយដែលមានវិបត្តិមនុស្សធម៌ធំបង្អស់របស់ពិភពលោកហើយសត្វកណ្តូបដ៏ច្រើនបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងមហន្តរាយកាន់តែខ្លាំងឡើង។ប្រសិនបើហ្វូងសត្វកណ្តូបដ៏ណែនណាន់តាន់តាប់មិនត្រូវបានគេត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ វាបណ្តាលឲ្យមានហានិភ័យយ៉ាងខ្លាំងដល់ដំណាំ។
ក្នុងរយៈពេល៣ខែចុងក្រោយនេះ អង្គការអន្តរជាតិនានាបានឃ្លាំមើលចលនារបស់ហ្វូងសត្វកណ្តូបទាំងនោះ។ អង្គការម្ហូបអាហារនិងកសិកម្ម ឬ FAO បានតាមដានឃើញចំនួនសត្វកណ្តូបនោះកើនឡើងជិត២ដង។
ពលរដ្ឋយេម៉ែន ជាទូទៅបរិភោគសត្វកណ្តូប ហើយបានប្រទះឃើញជាលើកទី១ នូវហ្វូងសត្វកណ្តូបទាំងនោះបានចូលក្នុងស្រុក៣គឺ ស្រុកHamdan ស្រុក Arahb និងស្រុក Bani Matar ដែលត្រូវបានគេចាប់ហើយបរិភោគវា។ ក៏ប៉ុន្តែ ហ្វូងសត្វកណ្តូបដែលបានឃើញក្នុងពេលថ្មីៗនេះ មានលក្ខណៈខុសពីហ្វូងសត្វកណ្តូបដែលគេបានបរិភោគកាលពី៣ខែមុន ហើយមិនត្រូវបានគេចាប់ដូចជាហ្វូងសត្វកណ្តូបកាលពីពេលមុនទេ។
ពលរដ្ឋក្នុងរដ្ឋធានីសាណាអារាយការណ៍ពីការឃើញការព្រមានលើបណ្តាញព័ត៌មានសង្គមថា ដង្កូវបានចូលទៅក្នុងខ្លួនសត្វកណ្តូបទាំងនោះ។ មានសេចក្តីរាយការណ៍ថា ក្រុមអ្នកទទួលជំនួយជជែកដេញដោលថាតើពួកគេត្រូវតែបដិសេធពុំទទួលកម្មវិធីជំនួយទាំងស្រុងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រឈមនឹងហានិភ័យនៃសត្វកណ្តូបមានដង្កូវ។ លោកRajeh al-Hiyafi ជាកសិករបានប្រាប់ VOA ថា «នៅពេលដែលអ្នកទាញក្បាលសត្វកណ្តូបចេញពីខ្លួនវា អ្នកនឹងឃើញសត្វដង្កូវពីបីទៅបួនក្បាលនៅក្នុងនោះ»។
លោក Ayoub Mohammed ជាជនជាតិយេម៉ែនម្នាក់ ដែលត្រូវបានគេបណ្តេញចេញពីផ្ទះរបស់លោកដោយសារសង្គ្រាម បានឆ្លើយថា ការជាប់គាំងរវាងក្រុមឧទ្ទាម Houthis និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននាំឲ្យមានកម្មវិធីម្ហូបអាហារកាន់តែតិចទៅៗ រួមមានប្រេង បន្លែក្រៀម និងស្រូវសាលីប្រហែលចំនួនពាក់កណ្តាលកាលពីពេលមុន។ គ្រួសាររបស់លោកអត់ឃ្លាន ក៏ប៉ុន្តែពួកគេនឹងមិនបរិភោគសត្វកណ្តូបមានដង្កូវនោះទេ។
ការដាំដុះក្នុងប្រទេសយេម៉ែន កំពុងជួបប្រទះបញ្ហារួចហើយបណ្តាលមកពីសង្គ្រាម។ការខ្វះខាតប្រេងឥន្ធនៈ ការរាំងស្ងួត និងផ្លូវថ្នល់ដែលត្រូវបានបំផ្លាញកំពុងធ្វើឲ្យការដាំដំណាំមានការលំបាកខ្លាំងបំផុត។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ខ្លះ ក្រុមគ្រួសារយេម៉ែនមិនទទួលបានដំណាំទេ ហើយត្រូវពឹងផ្អែកទាំងស្រុងលើរបបរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ ក្នុងអំឡុងពេលនៃការចរចាអំពីជំនួយបានធ្វើឲ្យក្រុមគ្រួសារជាច្រើនមិនមានម្ហូបអាហារហើយពលរដ្ឋស្ទើរតែដាច់ពោះស្លាប់។
អង្គការស្បៀងអាហារនិងកសិកម្មឬ FAO រាយការណ៍ថា ប្រសិនបើគ្មានការចាត់វិធានការរាំងខ្ទប់ទេ ដង្កូវតូចៗអាចស៊ីម្ហូបអាហារដែលអាចឲ្យមនុស្សប្រហែល ៣ម៉ឺន៥ពាន់នាក់បរិភោគ។ អត្រានៃការបង្កើតកូនចៅរបស់សត្វកណ្តូបក៏បណ្តាលឲ្យមានការព្រួយកង្វល់ដែរ នៅពេលដែលសត្វកណ្តូបញីអាចពងបានរហូតដល់៣០០។
អង្គការស្បៀងអាហារនិងកសិកម្មឬ FAO ក៏បានរាយការណ៍ដែរថា យេម៉ែន ខ្វះថវិកា និងឧបករណ៍ដើម្បីប្រុងប្រៀបសម្រាប់បញ្ហាដែលបណ្តាលមកពីសត្វកណ្តូបដល់កសិកម្មរបស់ពលរដ្ឋយេម៉ែន។ រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិនិងដែលមានការគាំទ្រខាងហិរញ្ញវត្ថុដោយប្រទេសអារ៉ាប៊ី សាអូឌីតបានសន្និដ្ឋានថា ខ្លួនមានលទ្ធភាពតិចតួចដើម្បីដោះស្រាយបញ្ហានេះនៅពេលដែលពួកគេមិនអាចធ្វើការនៅក្នុងតំបន់នានាដែលពួកឧទ្ទាម Houthis ត្រួតត្រា។
ទោះជាយ៉ាងណាក៏ដោយ ពួកអាជ្ញាធរ Houthis បាននិយាយថា ពួកគេ បានទទួលលិខិតពីការព្រួយបារម្ភរបស់កសិករហើយកំពុងចាត់វិធានការបន្ទាប់ពីសត្វកណ្តូបបានបំផ្លាញដំណាំយ៉ាងច្រើននៅក្នុងតំបន់ភាគនិរតីនិងខាងកើតរដ្ឋធានីសាណាអា។
លោក Ameen Al-Zarqa មន្រ្តីរបស់ពួកឧទ្ទាម Houthis ជា ប្រធានក្រុមសិក្សាកសិកម្មឬ Field Survey Team នៅឯមជ្ឈមណ្ឌលត្រួតត្រាសត្វកណ្តូបនៅវាលខ្សាច់។លោកបាននិយាយថា «ដោយការប្រើប្រាស់ធនធានមានកម្រិតរបស់ខ្លួន មជ្ឈមណ្ឌលនេះ បានធ្វើយុទ្ធនាការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វកណ្តូបវាលខ្សាច់។ លោក បាននិយាយទៀតថា «វិធានការទាំងនេះ នៅតែមិនទាន់គ្រប់គ្រាន់»។
ជនស៊ីវិលដែលត្រូវបានសម្ភាសដោយ VOA បានរាយការណ៍ថា ពួកគេមិនបានឃើញឬបានឮពីការផ្តួចផ្តើមឬវិធានការការពាររបស់រដ្ឋាភិបាលត្រូវបានអនុវត្តទេ។
ខណៈដែលកម្លាំងប្រឆាំងទាំង២ បន្តការតស៊ូរបស់ខ្លួន ហ្វូងសត្វល្អិតដ៏ច្រើនណែនណាន់តាន់តាប់ កំពុងរាលដាលទៅកាន់តំបន់ក្បែៗនោះនៅពេលដែលវា បានធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រ។អង្គការស្បៀងអាហារនិងកសិកម្មឬ FAO បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា «ក្នុងករណីអាក្រក់បំផុត ហ្វូងសត្វកណ្តូបនោះ អាចផ្លាស់ទីពីប្រទេសយ៉េមែននៅរដូវស្លឹកឈើជ្រុះទៅកាន់តំបន់ដែលស្ថិតនៅប៉ែកឦសាន្តនៃទ្វីបអាហ្វ្រិកហើយទៅដល់ប្រទេសកេនយ៉ានៅចុងឆ្នាំ»។
កិច្ចប្រតិបត្តិការត្រួតពិនិត្យការខូចខាតនិងវិធានការការពារដំណាំបានចាប់ផ្តើមរួចហើយនៅក្នុងប្រទេសជិតខាងមានស៊ូដង់ អ៊ីរីទ្រានិងអារ៉ាប់ប៊ីសាអូឌីត៕
ប្រែសម្រួលដោយជឹង ប៉ូជីន