អ្នកសេដ្ឋកិច្ចអង្គការសហប្រជាជាតិព្យាករថា កំណើនសាកលក្នុងឆ្នាំនេះនឹងធ្លាក់ចុះយ៉ាងលឿន ដោយសារមានផលប៉ះពាល់ធ្ងន់ធ្ងរពីសង្គ្រាមនៅអ៊ុយក្រែន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា (UNCTAD) បានទម្លាក់ការព្យាករដែលមានសុទិដ្ឋិនិយមជាងនេះកាលពីពេលមុនលើសេដ្ឋកិច្ចសាកលលោកដើម្បីឆ្លុះបញ្ចាំងពីការពិតនាពេលថ្មីៗនេះ។
របាយការណ៍ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍដែលត្រូវបានធ្វើបច្ចុបន្នភាពរបស់អង្គការ UNCTAD បានប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចសាកលោកនឹងធ្លាក់ចុះពី ៣,៦% ទៅ ២,៦% នៅក្នុងឆ្នាំ២០២២។ របាយការណ៍នេះថា កត្តាសំខាន់ៗនៅពីក្រោយការធ្លាក់ចុះយ៉ាងខ្លាំងនេះគឺដោយសារតែភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
របាយការណ៍នេះថា ទំហំនៃការបំផ្លិចបំផ្លាញយោធា រយៈពេលសង្គ្រាម និងការដាក់ទណ្ឌកម្មប្រឆាំងនឹងសហព័ន្ធរុស្ស៊ីនឹងធ្វើឱ្យការធ្លាក់ចុះសេដ្ឋកិច្ចដែលកំពុងតែកើតមានកាន់តែធ្លាក់ចុះបន្ថែមទៀតជាសាកល និងជះឥទ្ធិពលដល់ការងើបឡើងវិញពីការរាតត្បាតជំងឺកូវីដ១៩។ របាយការណ៍នេះលើកឡើងថា រុស្ស៊ីនឹងជួបប្រទះការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងនៅឆ្នាំនេះ។
លោក Richard Kozul-Wright នាយកផ្នែកសាកលភាវូបនីយកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃអង្គការ UNCTAD បានថ្លែងថា សង្គ្រាមទំនងនឹងបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយ ការកំណត់គោលនយោបាយរូបិយវត្ថុជាតិ ការដាក់បន្ទុកបន្ថែមលើសម្ពាធអតិផរណា និងធ្វើឱ្យតម្លៃប្រេង និងទំនិញកើនឡើងខ្លាំង។ លោកថាសេដ្ឋកិច្ចសាកលលោកនឹងរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះ។
លោក Richard Kozul-Wright បានថ្លែងថា៖ «កំណើនសេដ្ឋកិច្ចនៅសហភាពអឺរ៉ុបនឹងមានការធ្លាក់ចុះខ្លាំងគួរសមនៅឆ្នាំនេះ ហើយតំបន់នានានៅអាស៊ីកណ្តាល និងអាស៊ីខាងត្បូងក៏អ៊ីចឹងដែរ។ ប្រទេសដែលមិនសូវមានការធ្លាក់ចុះខ្លាំងក្នុងកំណើនសេដ្ឋកិច្ចដូចជាតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក ងាយនឹងរងគ្រោះចំពោះការកើនឡើងតម្លៃទំនិញ ដែលយើងមើលឃើញក្នុងប្រទេសទាំងនោះ។ ប្រទេសភាគច្រើនជាអ្នកនាំចូលស្បៀងអាហារក្នុងចំនួនច្រើន ជាពិសេសស្រូវសាលី»។
លោក Kozul-Wright បានថ្លែងថា កម្រិតនៃបំណុលបរទេសដ៏ច្រើនដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមគឺជាក្តីបារម្ភមួយ។ របាយការណ៍នេះព្យាករថា ប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវមានទឹកប្រាក់ ៣១០ ពាន់លានដុល្លារដើម្បីទូទាត់បំណុលបរទេសដែលរដ្ឋបានជំពាក់នៅឆ្នាំនេះ។
លោក Kozul-Wright បានថ្លែងបន្ថែមទៀតថា៖ «មួយផ្នែកនៃការខ្ចីបំណុលបន្ថែមនេះគឺដោយសារតែផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩។ ប្រទេសកំពុងអភិវឌ្ឍន៍នៅតែមិនអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ពីស្ថាប័នហិរញ្ញវត្ថុពហុភាគីដែលពួកគេត្រូវការដើម្បីអាចឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចដែលមិនបានព្យាករទុក»។
អ្នកសេដ្ឋកិច្ចអង្គការសហប្រជាជាតិថ្លែងថា គេត្រូវពង្រឹងវិធានការនានា ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ដោះស្រាយវិបត្តិទាំងនេះ។ អ្នកសេដ្ឋកិច្ចទាំងនោះថា ត្រូវតែមានឆន្ទៈកាន់តែរឹងមាំ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីរៀបចំឡើងវិញនូវបំណុលបរទេសដើម្បីអាចឱ្យប្រទេសទាំងនោះត្រឡប់ទៅរកគន្លងកំណើនសេដ្ឋកិច្ចសមរម្យឡើងវិញ៕