ក្រុមហ៊ុនពហុជាតិរបស់សហរដ្ឋអាមេរិក Walmart ដែលជាអ្នកនាំចេញនូវផលិតផលស្បែកជើងឈានមុខគេ និងជាអ្នកនាំចេញឈានមុខលំដាប់ទី២នៃសម្លៀកបំពាក់របស់ប្រទេសកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជារក្សាឲ្យបាននូវស្ថិរភាពសង្គម និងការគោរពសិទ្ធិមនុស្ស ដើម្បីបើកផ្លូវឲ្យមានភាពរលូននៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសនេះ។ នេះបើយោងតាមលិខិតមួយដែលក្រុមហ៊ុននេះបានផ្ញើជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីដើមខែធ្នូ។
ការស្នើរបស់ក្រុមហ៊ុន Walmart ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក កើតមានឡើងនៅចំពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ និងសំខាន់មួយនៅកម្ពុជា។
លិខិតរបស់លោក Scott Price អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Walmart ដែលបានផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា កំណើននៃការនាំចេញរបស់យើងនៅប្រទេសកម្ពុជា អាស្រ័យលើបរិយាកាសពាណិជ្ជកម្មរឹងមាំមួយ។ ស្ថិរភាព ភាពអាចព្យាករណ៍បាននិង «នីតិរដ្ឋ» បង្កើតជាមូលដ្ឋានមួយនៃការចូលរួមធ្វើពាណិជ្ជកម្មរបស់យើងនៅជុំវិញពិភពលោក និងអនុញ្ញាតឲ្យយើងធ្វើការប្តេជ្ញាចិត្ត និងវិនិយោគទុនក្នុងទីផ្សាររយៈពេលយូរអង្វែង។
លិខិតរបស់លោក Scott ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានសរសេរក្នុងន័យដើមថា៖
«បន្ថែមលើនេះទៀត អតិថិជនរបស់យើងតម្រូវឲ្យយើងមានបទដ្ឋានខ្ពស់ និងយកចិត្តទុកដាក់លើលក្ខខណ្ឌសង្គមកិច្ច និងការងារនៅក្នុងបណ្តាប្រទេសដែលយើងកំណត់ថា ជាប្រភពទីផ្សារនៃផលិតផល។ ខណៈដែលយើងត្រូវបានតម្រូវឲ្យមានបទដ្ឋានខ្ពស់នេះ យើងសូមស្នើដោយសេចក្តីគោរពថា រដ្ឋាភិបាលរបស់លោកបន្តធ្វើឲ្យប្រសើរដល់លក្ខខណ្ឌការងារសម្រាប់កម្មកររោងចក្រកម្ពុជា និងប្រព្រឹត្តចំពោះអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលរបស់យើងដោយយុត្តិធម៌ ដោយអនុលោមតាមបទដ្ឋាន និងវិធានអន្តរជាតិនានា។ ជាមួយគ្នានេះដែរ យើងសូមវាយតម្លៃកិច្ចការរបស់លោក ក្នុងការការពារ និងផ្តល់នូវសិទ្ធិសម្រាប់ប្រជាជនកម្ពុជាដែលបានជ្រើសរើសធ្វើការនៅក្រៅប្រទេស»។
លិខិតរបស់លោក Scott ធ្វើឡើង ក្រោយកិច្ចប្រជុំរបស់ប្រតិភូក្រុមហ៊ុន Walmart នៅកម្ពុជា ជាមួយក្រសួងការងារ ដែលបានធ្វើឡើង កាលពីថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺជាងមួយសប្តាហ៍ មុនការរំលាយគណបក្សសង្គ្រោះជាតិដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង៤០ភាគរយ ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ។ លិខិតនេះក៏បានធ្វើឡើងក្រោយពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI គាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការពង្រឹងប្រព័ន្ធប្រជាធិបតេយ្យ។
ក្រុមហ៊ុន Walmart បានបញ្ជាក់ឲ្យដឹងបន្តថា នៅឆ្នាំខាងមុខនេះ ខ្លួនសង្ឃឹមថា នឹងចាប់ផ្តើមនាំចេញនូវផលិតផលសម្រាប់ការធ្វើដំណើរ ដូចជាកាបូប វ៉ាលីសជាដើម។ ក្រុមហ៊ុនរបស់អាមេរិកនេះបានបន្ថែមថា ខ្លួនមានសេចក្តីរីករាយ ចែករំលែកនូវបទពិសោធន៍ការងាររបស់ខ្លួនជាមួយប្រភពទីផ្សារផ្សេងទៀត និងដើម្បីជួយដល់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដើម្បីបង្កើនផលិតភាព ការប្រកួតប្រជែង និងប្រសិទ្ធភាព៕