ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បដិវត្តន៍​កាហ្វេ​បាន​ទៅ​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង


កាហ្វេ​មួយ​ពែង​ដែល​ត្រូវ​បាន​រចនា​រូប​លើ​ហ្វូម​ពណ៌​ស។​
កាហ្វេ​មួយ​ពែង​ដែល​ត្រូវ​បាន​រចនា​រូប​លើ​ហ្វូម​ពណ៌​ស។​

លោក Pardon Sibanda ក៏​ដូច​ជា​ជន​ជាតិ​អាហ្រ្វិក​ខាង​ត្បូង​ផ្សេង​ទៀត​ដែរ លោក​ធ្លាប់​គិត​ថា​កាហ្វេ​គឺ​ជា​ប្រភេទ​ភេសជ្ជៈ​​ដែល​ត្រូវ​ការ​ស្ករ​ទើប​អាច​ទទួល​ទាន​បាន​ភ្លាមៗ។​ ឥឡូវ​នេះ​លោក​គឺ​ជាអ្នក​ឆុង​កាហ្វេ​ជន​ជាតិ​ស្បែក​ខ្មៅ​ វ័យ​ក្មេង​ម្នាក់​នៅ​ទី​ក្រុង​ Johannesburg ដែល​ជា​ទី​ក្រុង​នាំ​មុខ​គេ​ក្នុង​បដិវត្តន៍​កាហ្វេ​ក្នុងប្រទេស​នេះ។​

អ្នក​ទទួល​ទាន​កាហ្វេ​ជំនាន់​ថ្មី​ ដែល​ភាគ​ច្រើន​មាន​វ័យ​ក្មេង ស្បែក​ខ្មៅ​ និង មាន​ជីវភាព​ធូធារ កំពុង​តែស្រូប​ក្លិន​ទឹក​ស៊ីរ៉ូដែល​គ្មាន​ពណ៌​ហើយ​កំពុង​សួរ​រក​នារី​ស្អាតៗ ដែល​បរិយាកាស​នេះ​បូកផ្សំ​ជាមួយ​នឹង​គ្រាប់​កាហ្វេ​ដែល​នាំចូល​ពី​ប្រភព​ដើម​តែមួយ​។

​លោក Sibanda និយាយ​បែប​កំប្លែង​នៅពេល​ដែល​លោក​ឆុង​កាហ្វេ Cappuccino ជា​មួយ​នឹង​គ្រាប់​កាហ្វេ​ថ្មី​ៗ​រួច​លោក​រចនាដោយ​ប្រើ​ហ្វូម​ថា​ «ខ្ញុំ​ធ្លាប់​តែ​ដាក់​ស្ករ​៦​ដុំ​ក្នុង​កាហ្វេ​ពី​ព្រោះ​ខ្ញុំ​ធ្លាប់​ជឿថា​កាហ្វេ​គឺ​ល្វីង។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ស្គាល់​ពី​កាហ្វេ​បាន​ច្រើន​ ខ្ញុំ​ចាប់​ផ្តើម​កាត់​បន្ថយ​ស្ករ រហូត​មក​ដល់​ថ្ងៃ​នេះ​ ឥឡូវ​ខ្ញុំ​មិន​ដែល​ផឹក​កាហ្វេ​ជាមួយ​នឹង​ស្ករ​ទៀត​ទេ។​»

មិន​មែន​មាន​តែ​លោក​ Sibanda ទេ​ដែល​ទើប​តែ​ដឹង​ពី​ការ​ទទួល​ទានកាហ្វេ​ដែល​មាន​រស​ជាតិ​ប្រសើរ​ជាង​មុន។​

ក្រុម​ស្រាវ​ជ្រាវ​ទីផ្សារ​មួយ​ ឈ្មោះ​ Insight Survey បាន​និយាយ​ក្នុង​របាយការណ៏​របស់​ខ្លួន​ថា​ «អាហ្រ្វិក​ខាងត្បូង​នឹង​ចូល​រួម​បដិវត្តន៏​កាហ្វេ​ហើយ​គេច​ចេញ​ពី​ដើម​កំណើត​កាហ្វេ​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​ខ្លួន»។ ការ​សិក្សា​នោះ​បាន​កត់​សម្គាល់​ភាព​រីក​ចម្រើនដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៏​របស់ហាង​កាហ្វេ​នៅអាហ្រ្វិក​ខាង​ត្បូងក្នុង​រយៈពេល​ពីរ​ឆ្នាំ​មុន ដោយ​ចំណូល​បាន​លោត​ដល់​៧​ភាគ​រយ។

វា​បាន​បង្ហាញ​កាន់​តែ​ច្បាស់​នៅពេល​ហាង​កាហ្វេ​ដ៏​ល្បី​ឈ្មោះ Starbucks ​បាន​បើ​ក​សម្ភោធ​ហាងទី​១របស់​ខ្លួន​នៅ​អាហ្រ្វិក​នៅ​ទីក្រុង​ Johannesburg កាល​ពី​ខែ មេសា។ ប្រជាជន​គ្រប់​ពណ៌​សម្បុរ​ទាំង​អស់​បាន​រង់​ចាំ​បន្ត​ជួរ​ហូរហែ​រាប់​ម៉ោង​សម្រាប់​កែវ​កាហ្វេ​ដែលមាន​ពណ៌​ស​លាយ​បៃតង​នេះ​។

លោក​ Wayne Burrows អ្នក​លីង​កាហ្វេ​នៃ​ហាង Urban Grind ក្នុង​ទីក្រុង​ Johannesburg និយាយ​ថា​អ្នក​ទទួល​ទាន​កាហ្វេ​ជំនាន់​ថ្មី​នៅ​អាហ្រ្វិក​ខាង​ត្បូង​មាន​ចំណាប់​អារម្មណ៏​យា៉ង​ខ្លាំង​ចំពោះ​អ្វី​ដែល​មាន​ក្នុង​កែវ​និង​ប្រភព​របស់​វា។​

លោក​បន្ត​ថា​នោះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​បដិវត្តន៏​កាហ្វេ​នៅ​អាហ្វ្រិក​ខាង​ត្បូង​មាន​ភាព​ខុស​ប្លែក។​

«ខ្ញុំ​ចង់​ស្គាល់កសិករ​ដែល​ប្រមូល​ផល​និង​ចំរាញ់កាហ្វេ​នេះ​ ដូច្នេះ​ខ្ញុំ​អាច​ប្រាប់​ដល់​អតិថិជន​ដែល​ទទួលទានកាហ្វេ​នេះ។​ ហេតុ​ផល​ដែល​ខ្ញុំ​ធ្វើ​បែប​នេះ​ដោយ​សារ​តែ​អតិថិជន​សព្វថ្ងៃ​មាន​ការ​វិនិច្ឆ័យ​កាន់​តែ​ល្អ​។ ពួកគេ​ចង់​ភ្លក់​និងស្គាល់រសជាតិ​កាហ្វេ​ដែល​ឆ្ងាញ់​ជាងមុន។ ពួកគេ​កំពុង​តែ​សួរ​ថា​ តើ​កាហ្វេ​នេះអាច​នៅ​យូរ​អង្វែងបាន​ប៉ុណ្ណា? តើ​យើង​ធ្វើ​ការ​ជាមួយ​នឹង​កាហ្វេ​នេះ​យ៉ាង​ដូច​ម្តេច? ហើយ​នេះ​គឺ​ជា​និន្នាការ​ថ្មី​ដែល​កំពុង​ពេញ​និយម»។

​លោក​ Burrowsគឺ​ជា​អ្នក​ផ្សព្វផ្សាយកាហ្វេធ្វើដោយដៃ​។ កាហ្វេពែង​ទី១នា​ពេល​ព្រឹករួម​មាន​ការ​ថ្លឹង​និង​កិន​គ្រាប់​កាហ្វេ​ដែល​ទើប​នឹង​លីង​ថ្មី ដោយ​ប្រុង​ប្រយ័ត្នក្នុង​បី​របៀប​។ លោក​និយាយ​ថា​ដើម្បី​ទទួល​បាន​កាហ្វេ​កាន់​តែ​ឆ្ងាញ់​នោះ គួរតែ​ច្រោះ​កាហ្វេ​ បន្ទាប់​មក​ ឆុង​តាម​របៀប​របស់​ជប៉ុន​ដែល​មើល​ទៅ ដូច​ជា​ឧបករណ៏​គីមីវិទ្យា ហើយចុង​ក្រោយ​ភ្លក់​រសជាតិ​កាហ្វេ​ដោយ​ប្រុង​ប្រយ័ត្ន​ដូច​ដែល​អ្នក​ជំនាញ​ភ្លក់​ស្រា​អ៊ីចឹង។​

អ្នក​នាង​ Jermina Kgole និយាយថា​នាង​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ដែល​នាង​ដឹង​ថា​ខ្លូន​នាង​ផ្ទាល់​ក៏​ផ្លាស់​ប្តូរ​ដែរ។​

នាង​និយាយថា​ «ខ្ញុំ​ធ្លាប់​ញ៉ាំ​កាហ្វេ​កញ្ចប់ដែល​ឆុង​បាន​ភ្លាមៗ ដូចជាកាហ្វេ​ Ricoffee ឬ​ Nescafe ហើយ​ខ្ញុំ​មិន​អាច​សូម្បី​តែ​រក​ភាព​ខុស​គ្នា​រវាង​កាហេ្វ​ទាំង​ពីរ​នេះ»។ សព្វថ្ងៃ​នេះ នាង Kgole ជា​អ្នក​គ្រប់​គ្រង​ហាង The Perfect Cup ដែល​ជា​ហាង​មួយ​ក្នុង​ចំណោម​ហាង​កា​ហ្វេ​ដែល​ឆ្ងាញ់​បំផុត​ក្នុង​ទីក្រុង​ Johannesburg។​

នាង​ពិត​ជា​ស្រលាញ់​គ្រាប់​កាហ្វេ​ណាស់។ នាង​និយាយ​ថា​កាហ្វេ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្នុង​ប្រទេស​ដែល​បែក​ខ្ញែក​នេះ​មក​រួប​រួមគ្នា។​ ដោយ​នាង​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ក្រោម​របប​រើស​អើង​ជាតិ​សាសន៍​ កាហ្វេ​មិន​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​នាង​ទេ។​ នាង​និយាយ​ថា​បច្ចុប្បន្ន​នេះ​ អតិថិជន​របស់​នាង​គឺ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ ហើយ​ជា​រឿយៗ​ពួក​គេ​ស្នើ​សុំ​កាហ្វេ​ដែល​ដាំដុះនៅ​អាហ្វ្រិក។​

នាង​បន្ត​ថា​ «ខ្ញុំ​គិត​ថា​វា​បាន​ផ្លាស់​ប្តូរ​ហើយ ពី​ព្រោះ​ប្រជាជន​ស្បែក​ខ្មៅ​ឥឡូវ​នេះ​ចាប់​ផ្តើម​ចូល​ចិត្ត​ទទួល​ទាន​កាហ្វេហើយ»។

ដូច​គ្នា​នេះ​ដែរ អាជីព ជា​អ្នក​ឆុងកាហ្វេ​នៅ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​កំពុង​តែ​ផ្លាស់​ប្តូរ។​ អ្នក​ជំនាញ​ផ្នែក​ឆុង​កាហ្វេ​ ៤រូប ក្នុង​ចំណោម​អ្នក​ជំនាញ​បំផុត៦រូប​នៅទីក្រុង Johannesburg ​គឺជា​ជនជាតិ​ស្បែក​ខ្មៅ។

ប៉ុន្តែ​នាង​ Kgole និយាយ​ថា​ នាង​មិន​បាន​គិត​ថា នឹង​មាន​ការ​ផ្លាស់សង្គម​និង​សេដ្ឋកិច្ច​នោះ​ទេ​នៅ​ពេល​ដែល​នាង​បាន​ភ្លក់​កាហ្វេ Cappuccino ដែល​មាន​ពពុះ​ជា​លើក​ដំបូង។​

វា​មិន​មែន​គ្រាន់​តែ​ជា​កាហ្វេ​មួយ​ពែង​នោះ​ទេ ដោយ​នាង​និយាយ​ថា​វា​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​នាង។​

នាង​បាន​និយាយ​ទាំង​ញញឹម​ថា «នៅ​ពេល​ដែល​អ្នក​បាន​ភ្លក់​រសជាតិ​កាហ្វេ​ពិត​ប្រាកដ​ អ្នក​នឹង​មិន​អាច​ត្រឡប់​ក្រោយ​ឡើយ»៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG