ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ជាតិ​អ៊ុយក្រែន​ថា Nord Stream 2 មិន​ត្រូវ​ដំណើរការ​ទេ


រូបឯកសារ៖ បំពង់​ឧស្ម័ន Nord Stream 2 នៅក្នុង​ទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ បំពង់​ឧស្ម័ន Nord Stream 2 នៅក្នុង​ទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់ នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

Nord Stream 2 ​ជា​គម្រោង​បំពង់​ឧស្ម័ន​ដែល​គ្រោង​បង្កើនទ្វេ​ដង​នូវ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៊ី​ទៅ​ឲ្យ​ប្រទេស​អាល្លឺម៉ង់​កាត់តាម​សមុទ្រ​បាល់ទិក ​បាន​បន្ត​ក្លាយ​ជា​ប្រធានបទដ៏​ឈ្លោះ​ប្រកែក​គ្នា​ នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប។ ​

គេ​សង្ឃឹម​ថា ​សេចក្តី​ថ្លែង​ការណ៍​ចេញផ្សាយ​ដោយ​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក ​និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធនោះ​ ​នឹង​បន្ធូរ​បន្ថយ​ភាព​តានតឹង ​ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​វា​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពី​សមាជិក​ខ្លះ​របស់​សភា​សហ​រដ្ឋ​អាមេរិក​ និង​ការ​រិះគន់​ពីអឺរ៉ុប​ខាង​កើត។​

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​ ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ជំនួប​កំពូល​កាលពី​សប្តាហ៍​មុន​រវាង​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ និង​អធិការបតី​អាល្លឺម៉ង់​លោក​ស្រី​ Angela Merkel ​ដែល​មាន​ការខ្វែង​គំនិតគ្នា​អំពី​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ ដែល​អាល្លឺម៉ង់​មើល​ឃើញ​ថា ​ជា​គម្រោង​ពាណិជ្ជកម្ម​ ហើយ​សហ​រដ្ឋ​អាមេរិកមើល​ឃើញ​ថា ​ជា​គម្រោង​ភូមិសាស្ត្រ​នយោបាយ​របស់​រដ្ឋាភិបាល​រុស្ស៊ី។​

សេចក្តី​ថ្លែង​ការណ៍​នោះ ​សន្យា​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រទេស​រុស្ស៊ី​នឹង​មិន​ប្រើ​គម្រោង​បំពង់​ឧស្ម័ន​ Nord Stream 2 ​ដើម្បីប្រយោជន៍​នយោបាយ​ ដោយ​ប្រើ​ថាមពល​នេះជា​អាវុធ​ទេ។ ​សេចក្តី​ថ្លែង​ការណ៍​នោះ​ ក៏​បាន​គាំទ្រ​អធិប​តេយ្យភាព ​បូរណភាព​ទឹកដី ​ឯករាជ្យភាព ​និង​សន្តិសុខ​ប្រទេស​អ៊ុយក្រែន​ តាម​រយៈ​ការ​វិនិយោគទុន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​ប្រកប​ដោយ​ចីរភាព។ ​ប្រទេស​អាល្លឺម៉ង់​ ក៏​បាន​សន្យា​ជួយ​ប្រទេសអ៊ុយក្រែន​ធ្វើ​ការ​ចរចា​បន្ត​សន្ធិសញ្ញា​ដឹក​ឧស្ម័នរុស្ស៊ី​ឆ្លង​កាត់ប្រទេស​អ៊ុយក្រែន​ដែរ​ ហើយ​ក៏បាន​សន្យា​ចាត់​វិធានការ ​ប្រសិន​បើ​រុស្ស៊ី​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​នោះ​ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន។

វីអូអេ​កាល​នៅ​ថ្ងៃពុធ ​បាន​និយាយ​ជាមួយ​លោក​ Yuriy Vitrenko ​ប្រធាន​ក្រុមហ៊ុន​ Naftogaz ​ដែល​ជា​ក្រុមហ៊ុន​ថាមពល​រដ្ឋ​អ៊ុយក្រែន។ ​លោក ​Vitrenko​ បាន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ ​ដើម្បី​ពន្យល់​ពីក្តី​បារម្ភ​របស់​ប្រទេស​អ៊ុយក្រែន​អំពី​បំពង់​បង្ហូរ​ប្រេង​ថ្មី​នេះ។​

លោក​ Vitrenko ​បាន​ប្រាប់​វីអូអេ​ភាសា​អ៊ុយក្រែន​ថា ​«Nord Stream 2​ មិន​គួរ​ដំណើរ​ការទេ»។​ លោក​អះអាង​ថា​ ប្រសិន​បើ​រុស្ស៊ី​លែង​ត្រូវការ​អ៊ុយក្រែន​សម្រាប់​ការ​បង្ហូរ​ឧស្ម័ន​ទៅ​អឺរ៉ុប​ លោក​ពូទីន​ ទំនង​ជានឹង​បើក​ការ​វាយ​ប្រហារ​ពេញ​ទំហឹង​ប្រឆាំង​នឹង​ប្រទេស​លោក​ដែល​មាន​សង្គ្រាម​ជា​មួយ​គ្នា​តាំងពី​ឆ្នាំ​២០១៤៕​

XS
SM
MD
LG