ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ថា អាមេរិក​បញ្ជូន​កងកម្លាំង​ដែល​ដាក់​បញ្ឈរ​ជើង​នៅ​ស៊ីរី​ទៅ​កាន់​អ៊ីរ៉ាក់


លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់អាមេរិក​និយាយ​ជាមួយ​នឹង​លោក Jeong Kyeong-doo​ រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។
លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់អាមេរិក​និយាយ​ជាមួយ​នឹង​លោក Jeong Kyeong-doo​ រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។

កងកម្លាំង​របស់​អាមេរិកត្រូវ​បាន​ដក​ចេញ​ពី​មូលដ្ឋាន​ដ៏​ធំ​បំផុត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់អាមេរិក​ថ្លែង​ថា រាល់​កងកម្លាំង​របស់​អាមេរិក​ទាំងអស់​ដែល​ចាកចេញ​ពី​ប្រទេស​ស៊ីរី​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប៉ែក​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់​និង​បន្ត​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​រដ្ឋឥស្លាម​នៅ​ក្នុង​តំបន់​នោះ។

លោក Esper ថ្លែង​ថា កងកម្លាំង​របស់​អាមេរិក​ជាង​៧០០​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ ហើយ​នឹង​មិន​ត្រឡប់​មក​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​នេះ​នោះ​ទេ ខណៈ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បាន​លើកឡើង​កាលពី​មុន​នេះ​ថា ពួកគេ​នឹង​ត្រូវ​បញ្ជូន​មក​អាមេរិក​វិញ។

ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​រូប​នេះ​មិន​បាន​បដិសេធ​នឹង​លទ្ធភាព​នៃ​ការ​ធ្វើការ​វាយឆ្មក់​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ពី​ប្រទេស​អ៊ីរ៉ាក់​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ។ ប៉ុន្តែ​លោក​បានថ្លែង​ថា នឹង​មាន​ផែនការ​ជា​បន្ដបន្ទាប់​ ហើយ​ក៏​នឹង​មាន​ការ​ពិភាក្សា​ជាមួយនឹង​ក្រុម​សម្ព័ន្ធមិត្ត​នៅ​ឯ​កិច្ចប្រជុំ​អង្គការ​អូតង់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ផង​ដែរ។ លោក​បាន​និយាយទៀត​ថា ប្រសិន​បើ​កងកម្លាំង​របស់​អាមេរិក​ត្រឡប់​ទៅ​កាន់​ប្រទេស​ស៊ីរី​វិញ ពួកគេ​នឹង​ត្រូវ​បាន​ការ​ពារ​ដោយ​យន្ដហោះ​ចម្បាំង​របស់​អាមេរិក។ ​

បច្ចុប្បន្ន​នេះ អាមេរិក​មាន​កងកម្លាំង​ប្រមាណ​៥​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ក្រុង​ បាដាដ ​និង​រដ្ឋាភិបាក​ក្រុង​ វ៉ាស៊ីនតោន។ អាមេរិក​បាន​ដក​កងកម្លាំង​ចេញ​នៅ​ឆ្នាំ​២០១១ នៅ​ពេល​ដែល​ប្រតិបត្តិការ​ប្រយុទ្ធ​នៅ​ទីនោះ​បាន​បញ្ចប់ ប៉ុន្តែ​បាន​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល​បី​ឆ្នាំក្រោយ នៅ​ពេល​ដែល​ក្រុម​រដ្ឋឥស្លាម​កាន់កាប់​បាន​តំបន់​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស មុន​ពេល​ដែល​បាត់បង់​ដែនដី​មួយ​ចំនួន​ទៅ​វិញ៕

XS
SM
MD
LG