ខណៈរដ្ឋាភិបាលកម្ពុជាកំពុងបើកយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុក រាប់ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណននោះ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរព្រែកជីកនេះ កាន់តែបង្ហាញក្តីសោកសៅ និងការព្រួយបារម្ភអំពីការផ្លាស់ប្តូរទីលំនៅនាពេលខាងមុខ។
នៅចំណុចត្រៀមបើកការដ្ឋានសាងសង់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយជាង៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គ្រឿងចក្រត្រូវបានរៀបចំដាក់តាំងជាបណ្តើរៗ។
ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែពួកគេមិនទាន់ឃើញអាជ្ញាធរដើរបោះបង្គោលកំណត់ទំហំព្រែកជីកដែលមានទទឹងមុខកាត់១០០ម៉ែត្រ ហើយអាជ្ញាធរក៏មិនបានហៅប្រជាពលរដ្ឋទៅជួបប្រជុំ ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ព្រែកជីកនេះ ដែលរដ្ឋាភិបាលកំពុងពន្លឿនបើកការដ្ឋានឱ្យបានឆាប់បំផុត។
ស្ត្រីវ័យ៥២ឆ្នាំម្នាក់ដែលកំពុងអង្គុយលើអង្រឹង ក្រោមផ្ទះឈើរបស់ខ្លួន ក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ២០ម៉ែត្រពីមាត់ព្រែកតាកែវ និងស្ថិតនៅក្បែរការដ្ឋានសាងសង់ អ្នកស្រី អិន កូលីន រៀបរាប់ថា ចាប់តាំងពីអ្នកស្រីដឹងថា គម្រោងព្រែកជីកមួយនេះនឹងបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ខាងមុខ អ្នកស្រីចាប់ផ្តើមបារម្ភកាន់តែខ្លាំងអំពីការបាត់បង់ទីជម្រក ប្រសិនបើផ្ទះរបស់អ្នកស្រីពិតជារងផលប៉ះពាល់មែននោះ។
អ្នកស្រីប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា៖ «ពេលខ្លះទៅ ដេក គិតៗទៅ ដេកអត់លក់ក៏មានដែរ។ យប់មិញម៉ោង១២ ដឹងខ្លួនឡើង ដេកអត់លក់ ចេះតែគិតវែងឆ្ងាយអីអ៊ីចឹងទៅ។ ដេកអត់លក់»។
អ្នកស្រីរៀបរាប់ថា អ្នកស្រីបានមករស់នៅភូមិនេះ ក្នុងឆ្នាំ១៩៩៨ ដោយដីរបស់អ្នកស្រីមានទទឹង១១ម៉ែត្រ និងបណ្តោយ១៤ម៉ែត្រ ហើយដីនោះមានត្រឹមតែបង្កាន់ដៃទទួលស្គាល់ត្រឹមភូមិឃុំតែប៉ុណ្ណោះ។
អ្នកស្រីអះអាងថា អ្នកស្រីមិនជំទាស់ទៅនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលឡើយ ប៉ុន្តែអ្នកស្រីស្នើសុំឱ្យរដ្ឋាភិបាលផ្តល់ព័ត៌មានជាក់លាក់អំពីផលប៉ះពាល់ និងការផ្តល់សំណងសមរម្យដើម្បីឱ្យអ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀតអាចមានទីលំនៅសមរម្យ។
អ្នកស្រីបញ្ជាក់ថា៖ «អត់ទាន់មានឮដំណឹងអ្វីផង ហើយមិនជំទាស់ទេ បើលោកត្រូវការ តែសូមឱ្យតែបានដី បានផ្ទះនៅសមរម្យវិញទៅ !អាចស៊ីឈ្នួលគេធម្មតាវិញអ៊ីចឹង។ រាល់ថ្ងៃខ្ញុំស៊ីឈ្នួលគេបានតែមួយរស់ៗទេ»។
បើតាមស្ត្រីមេម៉ាយដែលមានកូន៤នាក់រូបនេះ អាជ្ញាធរមិនដែលហៅប្រជាពលរដ្ឋទៅប្រជុំជជែកគ្នាឡើយ។
បើតាមការសិក្សារបស់រដ្ឋាភិបាល គម្រោងព្រែកជីកនេះនឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ១៥០០ខ្នង ស្ពានចំនួន៣កន្លែង រោងចក្រចំនួន១ ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
ពលរដ្ឋម្នាក់ទៀតដែលជាអ្នកជិតខាងរបស់អ្នកស្រី អិន កូលីន គឺអ្នកស្រី សុខ រ៉េត ដែលរស់នៅផ្ទះថ្មបានសម្តែងការព្រួយបារម្ភដូចគ្នា។ អ្នកស្រីថា អ្នកស្រីបានខ្ចីលុយពីធនាគារយកមកធ្វើផ្ទះថ្មនេះ ហើយទើបរស់នៅបានប្រមាណមួយឆ្នាំ។
អ្នកស្រី សុខ រ៉េត រៀបរាប់ថា៖ «ហើយបើមិនបានកម្រៃមកវិញ បានអីទិញផ្ទះទិញដីនៅ? បើវាអស់ហើយ! ប៉ុន្តែឮពាក្យចចាមអារ៉ាម។អ្នកមកពីភ្នំពេញ ដើរតាមហ្នឹង គេថា អ៊ំឯងមិនបាច់ភ័យទេ ផ្ទះនៅហ្នឹងគេឈូសឆាយ ក៏មានសម្តេចធ្វើផ្ទះឱ្យនៅដែរ។ បើបានដូចពាក្យគេនិយាយ ខ្ញុំអរណាស់...ប៉ុន្តែខ្លាចតែជាពាក្យចចាមអារ៉ាម ។ ខ្លាចតែប៉ុណ្ណឹងទេ»។
ប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅជិតព្រែកតាកែវនោះក៏សំណូមពរឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យដល់ពួកគេផងដែរ ខណៈពួកគេកំពុងទន្ទឹងរង់ចាំព័ត៌មាននិងរំពឹងថា ពួកគេនឹងទទួលបានដំណឹងអំពីផលប៉ះពាល់ និងសំណងនានា នៅថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការ។
អ្នកស្រី មួន ម៉ាច អាយុ៣០ឆ្នាំ ដែលរស់នៅជិតព្រែកតាកែវដែរនោះ ប្រាប់វីអូអេថា៖ «នឹកឃើញថា បើជីកទៅស្អាត។ វាស្អាតដែរ ប៉ុន្តែវាប៉ះពាល់ដីច្រើនដែរ។ នឹងឃើញ បើគាត់សងមករាងគ្រាន់បើទៅ [គឺវា]ក៏ធូរបានលុយកាក់ធ្វើផ្ទះថ្មីតិចតួចអ៊ីចឹងទៅ!»
ចំណែកពលរដ្ឋម្នាក់ទៀតដែលបានសាងសង់ផ្ទះស័ង្កសីនៅលើមាត់ព្រែកតាកែវ រយៈពេលប្រមាណ១៥ឆ្នាំ លោក ឡេង សុខ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ការផ្តល់ព័ត៌មានហ្នឹង គាត់អត់ទាន់និយាយអ្វីផង អត់មានប្រាប់ថា ឱ្យសំណង ឱ្យអីទេ ព្រោះអីខ្ញុំនេះនៅមាត់ព្រែកទេ ព្រោះដីជាចំណីព្រែករបស់រដ្ឋ ចង់និយាយអ៊ីចឹង។ បើសិនណាជារដ្ឋមានដីម្តុំឱ្យខ្ញុំ ក៏ខ្ញុំអរដែរ។ ចង់និយាយអ៊ីចឹង។ បើមានលុយកាក់សមរម្យ អាហ្នឹងក៏បានដែរ។ ខ្ញុំអត់មានជំទាស់រឿងគម្រោងជីកព្រែកនេះទេ»។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ប្រាប់វីអូអេថា យន្តការដោះស្រាយផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖«ការដោះស្រាយផលប៉ះពាល់នឹងត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះទិន្នន័យផលប៉ះពាល់ប្រជាពលរដ្ឋ អន្តរក្រសួងកំពុងសិក្សាជាក់ស្តែងបន្ត និងដាក់ជូនរាជរដ្ឋាភិបាលនៅពេលសិក្សាចប់សព្វគ្រប់»។
ពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបនឹងសំណួររបស់វីអូអេ យ៉ាងខ្លីថា៖«យើងមានសមត្ថកិច្ចដែលមាន line accountability [បណ្តាញគណនេយ្យភាព]ច្បាស់លាស់»។ លោកប្រាប់ឱ្យវីអូអេសួរទៅមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថាCDC។
អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានជំរុញឱ្យរដ្ឋាភិបាលដែលដឹកនាំដោយកូនប្រុសរបស់លោកសម្រុកបើកការដ្ឋានសាងសង់ព្រែកជីកនេះ។ រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃខួបកំណើតរបស់លោក ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនខ្មែរដាក់ទុនវិនិយោគចំនួន៥១% ដែលរួមមានកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែភ្នំពេញជាដើម ដើម្បីចូលរួមសាងសង់ជាមួយក្រុមហ៊ុនចិន ដែលមានឈ្មោះថា សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ចំៗថា ក្រុមហ៊ុនខ្មែរណាខ្លះទៀតនោះទេ ដែលបានចូលវិនិយោគគម្រោងមួយនេះ។
លោក Brian Eyler អ្នកជំនាញអំពីទន្លេមេគង្គនៅមជ្ឈមណ្ឌល Stimson នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ពេលវេលានៃការបើកការដ្ឋានព្រែកជីកនេះធ្វើឡើងចំពេលរដូវភ្លៀងធ្លាក់ក្នុងប្រទេសកម្ពុជា ដូច្នេះវាមិនមែនជាពេលវេលាល្អឡើយ ព្រោះតំបន់នោះអាចងាយនឹងទឹកលិច។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «តាមពិតទៅ ពិធីបើកការដ្ឋាននេះនឹងជាការរៀបចំដ៏អស្ចារ្យខ្លាំង ប៉ុន្តែវាមិនសូវមានខ្លឹមសារឡើយ»។
លោកបញ្ជាក់ថា បើទោះការដ្ឋានសាងសង់ចាប់ផ្តើម ប៉ុន្តែសកម្មភាពការងារធំៗទំនងជានឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥ នៅពេលផុតរដូវភ្លៀង។
គេនិយាយថា ដំណើរការអនុម័តក្នុងការផ្តល់ហិរញ្ញប្បទានពីប្រទេសចិនសម្រាប់គម្រោងមួយនេះ ត្រូវបានពន្យារពេល ហើយវាអាចនឹងចំណាយរាប់ឆ្នាំទៀត។ នេះបើតាមលោក Brian Eyler។
លោកបញ្ជាក់ថា៖ «ប្រាក់កម្ចីពាក់ព័ន្ធនឹងគម្រោងមួយនេះក៏អាចមិនទទួលបានការយល់ព្រម ដូច្នេះជោគវាសនានៃព្រែកជីកហ្វូណនតេជោនេះនៅតែមានភាពមិនប្រាកដប្រជា»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន CRBC តាមសារអ៊ីម៉ែលបាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលទទួលបន្ទុកកិច្ចការព្រែកជីកនេះបានដែរ។
អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការបើកការដ្ឋានសាងសង់នាពេលនេះ មានទិដ្ឋភាពនយោបាយច្រើនជាង ព្រោះការជីកនារដូវនេះនឹងត្រូវចំណាយទុនច្រើន។
លោកថ្លែងថា៖ «បើយើងចង់បង្ខំធ្វើ យើងត្រូវចំណាយលុយ ចំណាយទុនដើម្បីបូមទឹកចេញ ហើយដឹងស្រាប់ហើយថា ព្រែកមួយដែលមានទទឹង១០០ម៉ែត្រ ហើយជម្រៅ៥ម៉ែត្រ ចុះបើទឹកហូរពេញមក អ៊ីចឹងត្រូវចំណាយលុយហ្នឹងសម្បើមណាស់ទៅលើការបូមទឹកចេញ។ ហើយខ្ញុំជឿថា ការបូមទឹកនេះ វាមិនមែនមិនបានដាក់នៅក្នុងគម្រោងថវិកាដែលគ្រោងទុកទេ។ បាទ! នេះសម្រាប់ការបូមទឹកទ្រង់ទ្រាយធំ។ អ៊ីចឹងយើងមើលទៅការបើកនេះ ខ្ញុំគិតថា ជាទិដ្ឋភាពនយោបាយច្រើនជាង ដើម្បីចង់ជម្នះនូវមតិមហាជនដែលមានអ្នកខ្លះក៏ប្រឆាំង អ្នកខ្លះក៏គាំទ្រ។ អ៊ីចឹងនេះវាជាចរិតនយោបាយធម្មតា ដែលយើងឃើញពីមុនៗមក»។
គម្រោងព្រែកជីកនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយទឹកប្រាក់សរុបប្រមាណ១៧០០លានដុល្លារអាមេរិកដែលជាការវិនិយោគក្នុងទម្រង់ BOT (Build Operate Transfer ឬសាងសង់ ប្រតិបត្តិការ និងផ្ទេរ) ក្នុងរយៈ៥០ឆ្នាំ ដូចផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ។ ក្រុមហ៊ុនដែលចូលរួមវិនិយោគត្រូវចំណាយថវិកាដើម្បីសាងសង់ព្រែកជីកមួយនេះដែលគ្រោងបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ។ បន្ទាប់មកក្រុមហ៊ុនដែលវិនិយោគទាំងនោះនឹងប្រមូលកម្រៃសេវាពីការប្រើប្រាស់ព្រែកជីកនេះ ដូចកិច្ចព្រមព្រៀងដែលបានកំណត់ រួចត្រូវផ្ទេរឱ្យរដ្ឋាភិបាលគ្រប់គ្រងបន្ត។
រហូតមកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាបង្ហាញរបាយការណ៍នានាអំពីគម្រោងនេះ ដូចជារបាយការណ៍សិក្សាផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់លើប្រជាពលរដ្ឋ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ហៅកាត់ថា API ជំរុញឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរតែផ្សព្វផ្សាយ និងដាក់តាំងគំនូសប្លង់ និងពន្យល់ប្រជាពលរដ្ឋឱ្យបានដឹងអំពីផលប៉ះពាល់ និងការដោះស្រាយសំណងឱ្យបានសមរម្យ និងតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ និងរីករាយចូលរួមជាមួយការអភិវឌ្ឍគម្រោងមួយនេះ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងខ្ញុំគិតថា គួរតែរដ្ឋាភិបាល ស្ថាប័ន អាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឯកសារផ្លូវការ ឱ្យដល់ពលរដ្ឋដែលចំគំនូសប្លង់នៃការសាងសង់ហ្នឹង»។
ចំណែកលោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាដែលតាមដានគម្រោងព្រែកជីកហ្វូណននេះ ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធឱ្យបានមុនថ្ងៃបើកសម្ពោធការដ្ឋាន ដើម្បីអាចដឹងអំពីស្ថានភាពជាក់ស្តែង និងទំហំនៃការខូចខាត និងដោះស្រាយផលប៉ះពាល់នានា។
លោកថ្លែងថា៖ «បើសិនជាប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានព័ត៌មាន ក៏ជាចំណុចមួយគួរតែធ្វើការរៀនសូត្រដែរថា ការអភិវឌ្ឍ ឬការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធគួរតែត្រូវធ្វើឱ្យបានរាងលឿនបន្តិច ឬក៏មានពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យមានការពិគ្រោះទៅលើស្ថានភាពជាក់ស្តែង ទំហំនៃការខូចខាត ហើយនឹងប្រជាពលរដ្ឋឱ្យបានដឹងឮព័ត៌មាន ឬការពិគ្រោះយោបល់ផ្សេងៗជាមួយហ្នឹងសហគមន៍រងគ្រោះជាមុន។ នេះជាអ្វីដែលយើងគួរតែធ្វើ»។
ក្នុងពេលដែលកម្ពុជាកំពុងពន្លឿនគម្រោងព្រែកជីកនេះ រដ្ឋាភិបាលវៀតណាមបានស្នើសុំឯកសារបន្ថែមពីកម្ពុជា និងស្នើសុំការសិក្សារួមគ្នាលើផលប៉ះពាល់ឆ្លងដែនទឹក។
អ្នកនាំពាក្យរបស់គណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) អះអាងថា ខ្លួនបានទទួលការជូនដំណឹងពីកម្ពុជា កាលពីខែសីហា ឆ្នាំមុន អំពីគោលបំណងរបស់កម្ពុជាក្នុងការស្តារ និងសាងសង់ព្រែកជីក។ ប៉ុន្តែកម្ពុជាមិនបានផ្ញើឯកសារអ្វីទៀតឡើយតាមការស្នើសុំរបស់វៀតណាម។
គម្រោងព្រែកជីកនេះត្រូវបានសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយថា អាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធ។ លោកបញ្ជាក់ថា ព្រែកជីកហ្វូណននេះធ្វើឡើងក្នុងគោលបំណងបម្រើផលចំណេញខាងសេដ្ឋកិច្ច និង «ឯករាជ្យភាពនយោបាយ»លើបញ្ហានៃការដឹកជញ្ជូនតាមផ្លូវទឹក៕
វេទិកាបញ្ចេញមតិ