តំណាងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ បានអះអាងថាអភិបាលខណ្ឌព្រែកព្នៅព្រមានប្តឹងពួកគេពីបទ«បង្កអសន្តិសុខសង្គម និងប្រឆាំងអាជ្ញាធរ» ក្រោយពួកគេចេញមុខសុំអន្តរាគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ការព្រមានប្តឹងនេះ ត្រូវបានអះអាងដោយតំណាងប្រជាពលរដ្ឋ អ្នកស្រី ប្រាក់ សុភា ដែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានមកស្នើសុំអន្តរាគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាលើកទីពីរ។
អ្នកស្រី ប្រាក់ សុភា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាប្រជាពលរដ្ឋបានទៅសាលាខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកដំណោះស្រាយ កាលពីថ្ងៃពុធ ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅព្រមានថានឹងដាក់ពាក្យប្តឹងទៅតុលាការ ដោយចោទពលរដ្ឋថា«បង្កអសន្តិសុខសង្គម និងប្រឆាំងអាជ្ញាធរ» ក្រោយប្រជាពលរដ្ឋចេញមុខតវ៉ា និងស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រីនិយាយថា៖«គាត់ថាគាត់នឹងដាក់ដីកាតុលាការប្តឹងប្រជាពលរដ្ឋ។ ខ្ញុំថាបើប្តឹងប្រជាពលរដ្ឋ សូមប្តឹង១០៨ខ្នងផ្ទះ សូមឱ្យចាប់ខ្លួន២៥០គ្រួសារ»។
បើតាមអ្នកស្រី មន្ត្រីខណ្ឌដែលព្រមានប្តឹងប្រជាពលរដ្ឋនោះ គឺអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ និងនាយករដ្ឋបាល លោក ស៊ឹម សុផង់។
អ្នកស្រីបញ្ជាក់ថា៖ «លោក ស៊ឹម សុផង់ និងលោក សុខ សម្បត្តិ គាត់ប្តឹងប្រជាពលរដ្ឋ ១០៨ខ្នងផ្ទះ សហគមន៍សំរោងត្បូងហ្នឹង ប៉ុន្តែអត់ថាប្តឹងបុគ្គលណាទេ។ យើងអត់ទាន់ដឹងទេ។»
អ្នកស្រី ប្រាក់ សុភា បន្ថែមថាក្រុមអ្នកស្រីអស់ជំនឿចិត្តទៅលើអាជ្ញាធរខណ្ឌ ហេតុនេះហើយបានជាពួកគេឡើងមកដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍។
តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ផន សុខុម ប្រាប់វីអូអេថាប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែស្រាប់តែរងការព្រមានពីអាជ្ញាធរទៅវិញ។
អ្នកស្រីថ្លែងអះអាងដោយយោងតាមសម្តីរបស់មន្ត្រីខណ្ឌព្រែកព្នៅថា៖«ប្រយ័ត្ន ខ្ញុំប្តឹង។ ប៉ុន្តែខ្ញុំជាអាជ្ញាធរ ខ្ញុំនឹកឃើញថាប្រជាពលរដ្ឋមានកំហឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ លោក ស៊ឹម សុផង់ បានច្រានចោលចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការព្រមានប្តឹងនេះ។
ប្រជាពលរដ្ឋបានអះអាងថាពួកគេនាំគ្នាឡើងមកខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាលើកទីពីរនាថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ជាក់ថាហេតុអ្វីញត្តិរបស់ពួកគេត្រូវបានបញ្ជូនទៅអាជ្ញាធរខណ្ឌ។
បើតាមអ្នកស្រី ប្រាក់ សុភា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីថាញត្តិរបស់ពួកគេខុសទម្រង់រដ្ឋបាល ហើយទាមទារឱ្យកែតម្រូវឡើងវិញ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានប្រាប់វីអូអេកាលពីថ្ងៃចន្ទថាការដែលអាជ្ញាធរមិនធ្វើប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅម្តុំបឹងតាមោក គឺដោយសារតែពួកគេមិនមានឯកសារកាន់កាប់គ្រប់គ្រាន់។
ប្រជាពលរដ្ឋដែលមានជម្លោះបានស្នើសុំឱ្យកាត់ឆ្វៀលដី៥ហិកតាដល់ពលរដ្ឋជាង១០០ខ្នងផ្ទះ ដែលពួកគេអះអាងថាបានរស់នៅទីនោះជាង២០ឆ្នាំ ឬតាំងពីអំឡុងឆ្នាំ១៩៩០។ ប្រជាពលរដ្ឋរំពឹងថាលោកនាយករដ្ឋមន្ត្រីនឹងផ្តល់យុត្តិធម៌ដល់ពួកគេ ដូចជាការស្នើសុំឱ្យកាត់ឆ្វៀលដី និងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងការស្នើសុំឱ្យមានកិច្ចអន្តរាគមន៍អំពីការចាក់ដី និងថ្មចំកន្លែងចិញ្ចឹមត្រីរបស់ពួកគេ ដោយស្នើពេលមួយរយៈទៀត ដើម្បីប្រមូលផលត្រី ដែលចិញ្ចឹមក្នុងបឹង។
គួរបញ្ជាក់ថារដ្ឋាភិបាលបានកាត់ដីបឹងតាមោកផ្នែកខ្លះ ឱ្យទៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងនីតិបុគ្គល។ ការអភិវឌ្ឍបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីជាង៣ពាន់ហិកតា ក៏រងការរិះគន់ផងដែរថាធ្វើឱ្យប៉ះពាល់បឹងស្តុកទឹកធម្មជាតិនេះ៕