ដូចជាម៉ាស់ដែរ ដែលគ្របដណ្តប់លើចំណុចសំខាន់ពីរ គឺមាត់ និងច្រមុះ ដែលជាផ្លូវចម្លងជំងឺកូវីដ១៩នោះ របាំងមុខ ក៏កំពុងមានការខ្វះខាតដែរ។ ក៏ប៉ុន្តែរបាំងមុខដែលធ្វើពីប្លាស្ទិកថ្លា បាំងផ្ទៃមុខទាំងមូល រួមទាំងភ្នែកផងដែរ ដែលជាផ្លូវមួយទៀតដែលអាចឲ្យវីរុសកូរ៉ូណាចូលទៅក្នុងខ្លួនមនុស្សបាន។
វាច្បាស់ណាស់ថា លោក Dinh Tran Tuan បានគិតថា របាំងមុខនេះ គឺជាជម្រើសមួយដែលប្រសើរជាងការពាក់ម៉ាស់ សម្រាប់បុគ្គលិកពេទ្យ ដែលជាអ្នកប្រយុទ្ធជួរមុខជាមួយនឹងជំងឺកូវីដ១៩នេះ។
លោក Dinh មិនមែនជាមនុស្សដែលគ្រាន់តែគិតនោះទេ កាលពីខែមីនាកន្លងនេះ លោកបានរៀបចំក្រុមមួយដែលមានពលរដ្ឋអាមេរិកកាំងដើមកំណើតវៀតណាមចំនួន ៥៥ នាក់ មកពីវត្ត Thanh Tinh Buddhist Temple ក្នុងក្រុង Rochester នៃរដ្ឋញូវយ៉ក ហើយមកដល់ដើមខែមេសា ពួកគេបានចាប់ផ្តើមផលិតរបាំងមុខ។ ក្នុងរយៈពេលមួយខែ អ្នកស្ម័គ្រចិត្តទាំងនោះ បានប្រគល់របាំងមុខដែលធ្វើដោយដៃចំនួន ៥.៥០០ បន្ទះ ដែលមានទំហំខុសៗគ្នាដើម្បីឲ្យត្រូវតាមទំហំមុខមនុស្សនោះ ទៅមន្ទីរពេទ្យ Rochester General និង Strong Memorial ដែលជាមន្ទីរពេទ្យធំបំផុតពីរ នៅក្នុងតំបន់។
លោក Dinh អាយុ ៤៨ ឆ្នាំ មានដើមកំណើតនៅក្នុងទីក្រុង Nha Trang ដែលជាទីក្រុងរមណីយដ្ឋានមួយក្នុងប្រទេសវៀតណាម។ លោក Dinh បានថ្លែងក្នុងសម្តីដើមថា៖
«នៅពេលដែលយើងប្រគល់របាំងមុខទាំងនោះ ដល់មន្ទីរពេទ្យ ពួកគេអរគុណយើងយ៉ាងខ្លាំង ហើយបានផ្ញើលិខិតថ្លែងអំណរគុណជាច្រើន។ នោះពិតជា បានលើកទឹកចិត្តពួកយើង ពីព្រោះយើងដឹងថា យើងបានចូលរួមចំណែកនៅក្នុងការព្យាយាមបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ ជាពិសេសនៅក្នុងតំបន់រដ្ឋញូវយ៉ក»។
លោក Gerald Gacioch ប្រធានផ្នែកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យ Rochester General Hospital ដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រព័ន្ធ Rochester Regional បានទទួលរបាំងមុខចំនួន១.៨៤០បន្ទះ ដែលបានធ្វើដោយលោក Dinh និងក្រុមរបស់លោក។ លោក Gerald Gacioch បានថ្លែងក្នុងសម្តីដើមថា៖
«អ្នកដែលបានឃើញរបាំងមុខនោះហើយ ចូលចិត្តវាគ្រប់ៗគ្នា។ យើងនឹងរីករាយខ្លាំងណាស់ក្នុងការទទួលយករបាំងមុខទាំងនោះ តាមដែលសហគមន៍ដ៏សប្បុរសរបស់អ្នកអាចផ្តល់ឲ្យពួកយើង»។
នៅក្នុងសារអេឡិចត្រូនិច ឬ អ៊ីម៉ែលមកកាន់ VOA លោក Gacioch បានសរសេរថា៖
«បុគ្គលិកពេទ្យទាំងអស់នៅមន្ទីរពេទ្យរបស់លោក ពិតជាដឹងគុណខ្លាំងណាស់»។
លោក Gacioch បានសរសេរបន្តទៀតថា៖
«លោក Dinh បានធ្វើរបាំងគំរូមួយ ហើយឲ្យបុគ្គលិកខ្ញុំ និងខ្ញុំពាក់សាកមើល។ ក្រោយពីពាក់របាំងនោះ យើងឃើញថា វាមានផាសុខភាព និងស្រួលឲ្យយើងដកដង្ហើមជាងរបាំងមុខស្តង់ដាររបស់យើង។ ចំណុចនេះ សំខាន់ខ្លាំងណាស់ នៅពេលដែលគ្រូពេទ្យ និងបុគ្គលិកពេទ្យត្រូវពាក់វាម្តងៗ ជាច្រើនម៉ោងនោះ។ រីឯការស្តាប់វិញ វាក៏ធ្វើឲ្យពួកយើងឮច្បាស់ដែរ ហើយនៅពេលដែលយើង ត្រូវប្រើឧបករណ៍ស្តាប់សង្វាក់បេះដូង យើងអាចប្រើបាន»។
លោក Dinh ដែលជាវិស្វករគីមីមួយរូបនៅក្រុមហ៊ុន Xerox Corp ជាង ២០ ឆ្នាំមកហើយនោះ បាននិយាយថា បន្ទាប់ពីពិនិត្យមើលរបាំងមុខមួយចំនួនតាមអនឡាញ ហើយមិនឃើញរបាំងណាមួយជាទីពេញចិត្តរបស់លោកនោះ លោកក៏បានសម្រេចរចនារបាំងមុខដែលមានភាពងាយស្រួលផលិត និងងាយស្រួលប្រើ ដោយខ្លួនលោកផ្ទាល់។
វត្ថុធាតុដើមដែលយកមកប្រើប្រាស់ដើម្បីផលិតរបាំងទាំងនោះ មានដូចជាប្លាស្ទិកថ្លានិងអេប៉ុង។ ខ្សែរកៅស៊ូយឺតមួយដែលជាប់នឹងផ្នែកខាងលើនៃរបាំងនោះ នឹងស្ថិតនៅលើថ្ងាសរបស់អ្នកពាក់ ហើយគេអាចទាញវាពាក់ព័ទ្ធជុំវិញក្បាល។
ដើម្បីរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា អ្នកស្ម័គ្រចិត្តបានចែកជាក្រុម ហើយបំពេញភារកិច្ចផ្សេងៗគ្នា។ លោក Dinh បាននិយាយថា អ្នកស្ម័គ្រចិត្តដែលរស់នៅក្បែរគ្នា បំពេញភារកិច្ចស្រដៀងគ្នា ឬ ដែលកិច្ចការដែលទាក់ទងគ្នា។ ការធ្វើដូច្នេះ ដើម្បីធានាថា ការផលិត នឹងប្រព្រឹត្តទៅដោយរលូន។ លោក Dinh បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៩ ដើម្បីមករស់នៅជាមួយឪពុករបស់លោក ដែលបានចាកចេញពីប្រទេសវៀតណាមនៅឆ្នាំ ១៩៧៥។
ឧបសគ្គធំបំផុតដែលអ្នកស្ម័គ្រចិត្តទាំងនោះបានជួបប្រទះ គឺការទិញប្លាស្ទិកដែលមានគុណភាពខ្ពស់ ពីព្រោះវាជាធាតុដ៏សំខាន់ក្នុងការផលិតរបាំងមុខនេះ។
សមាជិកនៃវត្តនេះ ប្រមាណជា ៦០ នាក់ បានបរិច្ចាគប្រាក់ ១២.៦០០ ដុល្លារ។ ចំនួនប្រាក់ខាងលើនេះ អាចឲ្យលោក Dinh ទិញប្លាស្ទិកនិងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀត ដើម្បីផលិតរបាំងមុខនេះ បាន ៨.០០០ បន្ទះ ដែលក្នុងចំណោមនេះ របាំងខ្លះត្រូវបានបញ្ជូនទៅក្រៅតំបន់ Rochester ដែលជាតំបន់រងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩នេះ ដូចជា ទីក្រុងញូវយ៉ក និងជាយក្រុង រដ្ឋ Pennsylvania រដ្ឋDelaware និងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាជាដើម។
លោក Dinh បាននិយាយថា នៅពេលដែលមន្ទីពេទ្យក្នុងរដ្ឋញូវយ៉ក បានទទួលការបរិច្ចាគរបាំងមុខដំបូងហើយ ក្រុមរបស់លោកបានសម្រេចបញ្ជូនរបាំងមុខទៅមន្ទីរពេទ្យផ្សេងៗទៀត ដែលបុគ្គលិកពេទ្យជួរមុខ ត្រូវការជាទីបំផុត មិនថា ពួកគេនៅទីណានោះទេ។
អ្នកស្ម័គ្រចិត្ត មានទឹកចិត្តក្នុងការផលិត។ លោក Dinh បានថ្លែងថា ពួកគេគ្រប់គ្នាយល់ ថាពួកគេកំពុងធ្វើការងារដ៏សំខាន់។ មានសមាជិកវត្តជាច្រើនទៀតចង់ជួយ លោក Dinh ដែលហួសពីចំនួនការងារដែលលោកមានឲ្យពួកគេធ្វើ។
អ្នកស្រី Phan Thi My ជាអ្នកកាន់ពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួនមួយរូប ដែលបានស្ម័គ្រចិត្តធ្វើការនៅវត្តនោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ បាននិយាយថា អ្នកស្រីបានឆ្លើយតបភ្លាមៗ នៅពេលដែលលោក Dinh ចាប់ផ្តើមអំពាវនាវរកជំនួយ។ អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖
«ខ្ញុំបានអានព័ត៌មាននានាតាមអ៊ីនធឺណិត ហើយដឹងថា គ្រូពេទ្យនិងគិលានុបដ្ឋាយិកា កំពុងត្រូវការជំនួយសម្ភារៈពេទ្យខ្លាំងណាស់ ដូច្នេះ ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំអាចជួយបាន»។
អ្នកស្រីបានថ្លែងបន្ថែមថា កិច្ចការនេះ ធ្វើឲ្យអ្នកស្រីមិនចំណាយពេលឥតប្រយោជន៍ ដោយសារថា កាលពីចុងខែមីនា អ្នកស្រី បានបាត់បង់ការងារជាអ្នកធ្វើក្រចកនៅហាង Pro Nails ដែលនោះជាអាជីវកម្មមួយដែលត្រូវបានចាត់ទុកថា «មិនចាំបាច់» នៅក្រុង Webster នៃរដ្ឋញូវយ៉ក ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ។
លោក Tran Van Hiep អាយុ ៦៤ ឆ្នាំ ស្ម័គ្រចិត្តធ្វើការដោយស្មារតីមេត្តាធម៌ និងកាតព្វកិច្ច។ អ្នកស្ម័គ្រចិត្តធ្វើការនៅវត្តជាប្រចាំរូបនេះ បានចូលនិវត្តន៍កាលពីខែធ្នូឆ្នាំមុន ពីក្រុមហ៊ុន Art-Craft Optical ដែលជាក្រុមហ៊ុនផលិតស៊ុមវែនតា គ្រប់គ្រងដោយគ្រួសារមួយ នៅក្រុង Rochester។ នៅក្នុងក្រុមហ៊ុននោះ លោកបានបម្រើការងារ ជាអ្នកបច្ចេកទេស។ លោក Tran Van Hiep ដែលមានដើមកំណើតនៅក្នុងទីក្រុងហូជីមិញ បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៤ ក្រោមកម្មវិធីអន្តោប្រវេសន៍តាមលំដាប់លំដោយ និងមានសុវត្ថិភាព ហៅថា Orderly Departure Program។ លោក និងមនុស្សជាច្រើនទៀតនៅក្នុងសហគមន៍ បានសុខចិត្តធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចការងារ។ នៅក្នុងពេលកំពុងធ្វើរបាំងមុខ លោក Hiep បានថ្លែងក្នុងសម្តីដើមថា៖
«យើងមើលអនាគតមិនឃើញទេ។ ថ្ងៃស្អែក មិនដឹងថាខ្ញុំនឹងនៅរស់ឬស្លាប់ទេ។ ជីវិតរបស់យើង ត្រូវបានកំណត់ទុកជាមុនរួចស្រេចទៅហើយ។ ទោះបីជាអ្នកនៅផ្ទះ ក៏អ្នកមិនអាចគេចផុតពីជោគវាសនារបស់ខ្លួនឯងបានដែរ។ ដូច្នេះ ខ្ញុំរីករាយក្នុងការទៅវត្តដើម្បីជួយធ្វើកិច្ចការ។ ខ្ញុំ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការងារទៅតាមតម្រូវការ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់