ការបញ្ចូលរបៀបថ្មីបានក្លាយទៅជាការប្រតិបត្តិដ៏សាមញ្ញមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាម ដែលក្រុមហ៊ុនជាច្រើនកំពុងខំរៀនអំពីការប្រតិបត្តិរបស់ពាណិជ្ជកម្មទំនើប ដើម្បីដំឡើងប្រាក់ចំណេញ។ ដើម្បីជួយក្រុមហ៊ុនទាំងនេះ សេដ្ឋវិទូវៀតណាមមួយក្រុមបានតាក់តែងការស្រាវជ្រាវមួយដែលវាស់មើលពាណិជ្ជកម្មដែលមានប្រើរបៀបថ្មី ហើយពិនិត្យមើលថា តើពាណិជ្ជកម្មទាំងនេះឲ្យតម្លៃដូចម្តេចខ្លះដល់ការបញ្ចូលប្រើរបៀបថ្មីទាំងនេះ។
ដបស្រាអង្ករជាច្រើនរយមានបិទស្លាកនៃក្រុមហ៊ុនរបស់គ្រួសារឈ្មោះ Phu Le នៅក្នុងខេត្ត Ben Tre នៃភាគខាងត្បូងប្រទេសវៀតណាម។ ក្រុមហ៊ុននេះដាក់ឈ្មោះតាមភូមិដែលគេបានជួលអ្នកស្រុកឲ្យធ្វើការបំបៅមេស្រាពីដំបូង។
អ្នកស្រី Le Thanh Truc ជានាយិការងនៃក្រុមហ៊ុននិយាយថា រោងចក្រទទួលស្រាអង្ករបាន៥ពាន់លីត្រក្នុងមួយអាទិត្យ។
«យើងមានអ្នកស្រុកចំនួន៤ក្រុម។ ក្រុមនិមួយៗមានគ្នា១០នាក់។ គេដឹកយកផលិតផលរបស់គេមកនៅទីនេះ»។
ក្រុមហ៊ុនបានបង្កើតបណ្តាញលក់រាយទៅឲ្យអតិថិជនតាមរយៈអ្នកស្រុក ហើយព្យាយាមឃោសនាម៉ាកស្រារបស់ខ្លួនពីមាត់មួយទៅមាត់មួយ ជាជាងការឃោសនាពាណិជ្ជកម្ម។ ភាគដ៏សំខាន់មួយនៅក្នុងការឃោសនាបែបនេះគឺត្រូវមានការទាក់ទងជិតស្និទជាមួយអ្នកផលិត និងអ្នកទិញ។
អ្នកស្រី Truc បាននិយាយពន្យល់ថា៖
«ខ្ញុំប្រាប់ព័ត៌មានទាំងអស់ដល់មនុស្សធ្វើការក្នុងក្រុមហ៊ុនរបស់ខ្ញុំនិងបណ្តាញចែកចាយទៅឲ្យអតិថិជនរបស់ខ្ញុំ។ ខ្ញុំបង្កើតមធ្យោបាយដើម្បីប្រមូលគំនិតថ្មីៗ ពីអ្នកធ្វើការផង អ្នកចាត់ចែងការផង។ យើងប្រមូលគំនិតទាំងនេះនៅក្នុងកិច្ចប្រជុំ។ ខ្ញុំមានមធ្យោបាយខ្លះសម្រាប់ប្រមូលព័ត៌មាន ដូចជា អ៊ីមែល Facebook ហើយចែករំលែកគំនិតទៅវិញទៅមក។ បន្ទាប់ពីប្រមូលបានគំនិតទាំងនេះហើយ យើងធ្វើកិច្ចប្រជុំដើម្បីពិភាក្សាអំពីរឿងនេះ»។
កាលពីឆ្នាំមុន ក្រុមហ៊ុននេះក៏បានចូលរួមក្នុងការស្រាវជ្រាវឈ្មោះ i2Metrix (តាមអស័យដ្ឋាន <http://www.vietnamica.net/i2metrix-measurement-programme-for-corporate-innovation-creatiity-competitiveness/%5D> ផងដែរ ដែលបានធ្វើការវាយតម្លៃអំពីសមត្ថភាពរបស់ពាណិជ្ជកម្មក្នុងការបញ្ចូលរបៀបថ្មីនៅក្នុងវិស័យចំនួន១០ រួមមានគុណភាពធនធានមនុស្ស លំដាប់ថ្នាក់នៃការគាំទ្រក្នុងក្រុមហ៊ុន និងលំដាប់ថ្នាក់នៃការប្រែប្រួលទៅតាមនិន្នាការនៃទីផ្សារ។
គំនិតសំខាន់គឺថា ការវាយតម្លៃនេះអាចជួយពាណិជ្ជកម្មបានប្រសើរជាងមុនក្នុងការប្រើរបៀបថ្មី ដើម្បីដំឡើងការប្រកួតប្រជែងរបស់ខ្លួន។
ការស្រាវជ្រាវបានផ្តល់ការយល់ដឹងស៊ីជម្រៅជាងមុនអំពីអត្ថន័យនៃការប្រើរបៀបថ្មី ដែលមានសារៈសំខាន់ខ្លាំងដល់ពាណិជ្ជកម្មរបស់ប្រទេសវៀតណាម នេះបើតាមសម្តីរបស់សហអ្នករៀបចំការស្រាវជ្រាវលោក Tran Tri Dung។
«បើអ្នកសួរពលរដ្ឋវៀតណាម ជាពិសេសសហគ្រិន និងពាណិជ្ជករថា តើរបៀបថ្មីមានសារៈសំខាន់ឬទេ? គេប្រាប់អ្នកវិញភ្លាមថា របៀបថ្មីមានសារៈសំខាន់បំផុត។ តែនៅពេលអ្នកសួរគេថា តើអ្នកធ្វើរបៀបថ្មីបែបណា? គេមិនអាចឆ្លើយអ្នកបានទេ»។
កត្តាទាំងនេះភាគច្រើនមានទាក់ទងទៅនឹងប្រព័ន្ធអប់រំ ដែលធ្លាប់តែផ្តោតទៅលើការទន្ទេញចាំមាត់ ហើយមិនលើកទឹកចិត្តឲ្យមានការគិតដោយប្រឌិតញ្ញាណទេ។
«មនុស្សភាគច្រើនយល់ច្រឡំថា ការប្រើរបៀបថ្មីនឹងបានលទ្ធផលភ្លាមៗ៖ គឺថាមួយយប់ក្រោយមកនឹងបានទទួលលទ្ធផលដ៏ល្អ។ តែអ្វីដែលយើងកំពុងតែផ្សព្វផ្សាយគឺថា របៀបថ្មីជាដំណើរការដ៏លំបាកដែលតម្រូវឲ្យមានការអត់ធ្មត់ គោលការណ៍ និងវិធីសាស្រ្តច្រើន។ បើគ្មានកត្តាទាំងនេះ អ្នកមិនអាចសម្រេចតាមសុបិនរបស់អ្នកបានទេ»។
មកទល់នឹងពេលនេះ ក្រុមហ៊ុនមួយចំនួនធំបានចូលរួម ចាប់តាំងពីក្រុមហ៊ុនទើបបង្កើតថ្មីទៅដល់ពាណិជ្ជកម្មធំៗដែលរដ្ឋកាន់កាប់ រួមទាំងក្រុមហ៊ុនមួយដែលមានកុងត្រាជាមួយបរទេសនៅក្នុងខេត្ត An Giang ដើម្បីផលិតឯកសណ្ឋានសម្រាប់ភ្នាក់ងារនគរបាលនៅក្នុងស.រ.អា.ផងដែរ។
របៀបថ្មីក៏មានយកទៅប្រើនៅថ្នាក់ជាតិដែរ ហើយអាចជួយជៀសវាងមិនឲ្យជាប់«អន្ទាក់នៅក្នុងប្រាក់បៀវត្សរ៍ថ្នាក់កណ្តាល» ដែលជាស្ថានការណ៍សេដ្ឋកិច្ចដែលប្រទេសមួយអាចឡើងដល់កម្រិតប្រាក់បៀវត្សរ៍មួយ ហើយមិនអាចឡើងហួសពីនេះទៀតបាន។
ប្រទេសវៀតណាមមានប្រវត្តិល្អណាស់នៅក្នុងវិស័យលូតលាស់ផ្នែកសេដ្ឋកិច្ច។ ក៏ប៉ុន្តែក្នុងពេល១០ទៅ១៥ឆ្នាំកន្លងមក ភាគច្រើននៃការលូតលាស់នេះគឺបានមកពីការកាប់គាស់ធនធានធម្មជាតិ និងវិនិយោគបរទេសផ្ទាល់។
តែលោក Suhas Parandekar សេដ្ឋវិទូជាន់ខ្ពស់ផ្នែកអប់រំនៃធនាគារពិភពលោក ថ្លែងថា ឥឡូវប្រភពនៃការលួតលាស់នេះត្រូវតែមានការបែងចែក។
«ប្រទេសវៀតណាមបានឡើងដល់កម្រិតមួយដែលខ្លួនត្រូវបែងចែកផលិតផលឲ្យបានច្រើនមុខ និងច្រើនប្រភេទ។ ដោយប្រើរបៀបថ្មី អ្នកអាចដំឡើងផលិតភាព និងដំឡើងប្រភេទផលិតផលនៅក្នុងផលិតកម្ម។ នេះជាមធ្យោបាយមួយក្នុងការដំឡើងវិបុលភាពនិងការលូតលាស់»។
ដូចក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃសង្កាត់ Silicon Valley នៃរដ្ឋ California បានបង្ហាញជាឧទាហរណ៍ស្រាប់គឺថា ការប្រើរបៀបថ្មីជាច្រើននៅជុំវិញពិភពលោកបានលេចចេញមកពីក្រុមហ៊ុនទើបបង្កើតថ្មី។ ក៏ប៉ុន្តែលោក Suhas Parandekar ថ្លែងថា ការប្រើរបៀបថ្មីមានប្រយោជន៍សម្រាប់សហគ្រាសគ្រប់ប្រភេទ ហើយនៅក្នុងប្រទេសវៀតណាមក៏មានប្រយោជន៍សម្រាប់ក្រុមហ៊ុនដែលរដ្ឋកាន់កាប់ផងដែរ។
«ខ្ញុំគិតថា អ្នកមិនអាចនិយាយថា ក្រុមហ៊ុនណាមួយមិនអាចប្រើរបៀបថ្មីបានទេ។ តាមពិត នៅក្នុងសេដ្ឋកិច្ចសម័យទំនើបដ៏ស្មុគស្មាញ ក្រុមហ៊ុនទាំងអស់ត្រូវការប្រើរបៀបថ្មី»។
អ្នកស្រី Le Thanh Truc និយាយថា ការចូលរួមក្នុងការស្ទង់មតិបានជួយអ្នកស្រីឲ្យចេះគិតដោយប្រុងប្រយ័ត្នជាងមុនអំពីរបៀបធ្វើពាណិជ្ជកម្ម។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ឆ្នាំនេះពាណិជ្ជកម្មជាច្រើនទៀតនឹងនិយាយដូចអ្នកស្រីដែរ៕
ប្រែសម្រួលដោយលោក កែរ យ៉ាន