ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនពហុអាជីវកម្មដ៏ធំជាងគេបំផុតរបស់ប្រទេសវៀតណាម បានពង្រីកអាជីវកម្មរបស់ខ្លួនដោយបានបន្ថែមនូវសេវាកម្មផ្នែកសន្តិសុខតាមអ៊ីនធឺណិត។ ក្រុមហ៊ុននេះមានអាជីវកម្មជាច្រើនរួចទៅហើយ តាំងពីអាជីវកម្មអចលនទ្រព្យរហូតទៅដល់អាជីវកម្មរថយន្ត និងអាជីវកម្មផ្សារទំនើបជាដើម។
ក្រុមហ៊ុននេះបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនទទួលបាននូវការបញ្ជាក់ទទួលស្គាល់ជាអន្តរជាតិសម្រាប់បច្ចេកវិទ្យាដែលខ្លួនប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់តាមអ៊ីនធឺណិត។ ការបញ្ជាក់ទទួលស្គាល់នោះចេញដោយក្រុមហ៊ុន Fast IDentity Online Alliance ដែលហៅកាត់ថា FIDO Alliance។ ក្រុមហ៊ុន FIDO Alliance គឺជាក្រុមហ៊ុនមួយដែលសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនស្រដៀងទៅនឹងសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Lenovo ក្រុមហ៊ុន LINE និងក្រុមហ៊ុន eBay ផងដែរ។
សន្តិសុខតាមអ៊ីនធឺណិតគឺជាបញ្ហានៃក្ដីបារម្ភកាន់តែខ្លាំងឡើងសម្រាប់ប្រទេសវៀតណាម ដែលនៅទីនោះ ការប្រើប្រាស់ជាទូទៅនូវកម្មវិធីកុំព្យូទ័រលួចចម្លងនានា ធ្វើឱ្យកុំព្យូទ័រងាយរងគ្រោះដោយសារការវាយប្រហារតាមអ៊ីនធឺណិត។ ក្រុមហ៊ុន Vingroup បានបញ្ជាក់ថា ខ្លួនទទួលបានការបញ្ជាក់ទទួលស្គាល់សម្រាប់ក្រុមហ៊ុនសាខារបស់ខ្លួនមួយដែលមានឈ្មោះថា VinCSS Internet Security Services Limited Liability Company។
លោក Nguyen Phi Kha ប្រធានផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុន VinCSS បាននិយាយថា៖ «ជោគជ័យរបស់ក្រុមហ៊ុន VinCSS នេះនឹងធ្វើឱ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងការការពារសុវត្ថិភាពបណ្ដាញតាមអ៊ីនធឺណិតសម័យទំនើបនៅក្នុងប្រទេសវៀតណាម»។
ព័ត៌មាននេះជាផ្នែកមួយនៃនិន្នាការដែលកំពុងតែកើនឡើងនៅទូទាំងសាកលលោកដើម្បីធ្វើឱ្យការចូលប្រើប្រាស់អ៊ីនធឺណិតមានសុវត្ថិភាពជាងមុន។ នៅក្នុងប្រព័ន្ធពីមុនដែលទាមទារឱ្យអ្នកប្រើប្រាស់មានឈ្មោះគណនី និងលេខសម្ងាត់នោះ ជារឿយៗអ្នកប្រើប្រាស់ភ្លេចលេខសម្ងាត់របស់ខ្លួន និងប្រើលេខសម្ងាត់តែមួយសម្រាប់គណនីផ្សេងគ្នា ឬក៏ប្រើលេខសម្ងាត់ណាដែលអ្នកលួចទិន្នន័យតាមអ៊ីនធឺណិតអាចទាយបានដោយគ្រាន់តែប្រើកម្មវិធីដែលប្រើប្រាស់ពាក្យសាមញ្ញនៅក្នុងវចនានុក្រមដើម្បីចូលទៅប្រើប្រាស់បាន។
ក្រុមហ៊ុន FIDO Alliance មានបំណងងាកចេញពីការពឹងផ្អែកហួសហេតុទៅលើលេខសម្ងាត់នេះ។ មនុស្សមួយចំនួននិយាយថា ស្ថាប័ននានាគួរតែប្រើការផ្ទៀងផ្ទាត់អត្តសញ្ញាណពីរដង ដូចជាការផ្ញើលេខកូដទៅទូរស័ព្ទដៃ បន្ថែមពីលើការប្រើប្រាស់តែលេខសម្ងាត់តែមួយមុខ។ ចំណែកឯមនុស្សមួយចំនួនទៀតបានលើកឡើងថា ការផ្ញើលេខកូដទៅទូរស័ព្ទដៃងាយស្រួលនឹងត្រូវបានគេលួចបានណាស់។ ផ្ទុយទៅវិញ ពួកគេណែនាំឱ្យប្រើការផ្ទៀតផ្ទាត់តាមជីវសាស្ត្រ ដូចជាការប្រើស្នាមក្រយៅមេដៃជាដើម។
លោក Andrew Shikiar ដែលជានាយកប្រតិបត្តិ និងជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន FIDO Alliance បាននិយាយពីនិន្នាការនេះថា៖ «មិនធ្លាប់ដែលមានក្រុមហ៊ុនផ្ដល់សេវា និងក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីអ៊ីនធឺណិតណាមានលទ្ធភាពក្នុងការធ្វើឱ្យមានការផ្ទៀងផ្ទាត់ដែលមានសុវត្ថិភាព និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូលំទូលាយដូចនេះនោះទេ។ ក្រុមហ៊ុនផ្ដល់សេវា ឥឡូវនេះកំពុងទាញយកអត្ថប្រយោជន៍ពីសមត្ថភាពថ្មីៗទាំងនេះក្នុងកម្រិតមួយជាសាកល»។
ក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Vingroup បាននិយាយថា ដោយសារតែឥឡូវនេះខ្លួនមានការបញ្ជាក់ទទួលស្គាល់ជាអន្តរជាតិ ខ្លួនអាចនឹងបោះជំហានទៅមុខដោយអភិវឌ្ឍកម្មវិធីអ៊ីនធឺណិតនានាដូចជាកម្មវិធីសុវត្ថិភាពសម្រាប់ឧបករណ៍ដែលមានភ្ជាប់អ៊ីនធឺណិតជាដើម។ ឧបករណ៍ដែលមានភ្ជាប់អ៊ីនធឺណិតនេះអាចមានដូចជាម៉ាស៊ីនកម្ដៅនំប៉័ង និងព្រីភ្លើងឆ្លាតវៃជាដើម។
ឧបករណ៍ភ្ជាប់អ៊ីនធឺណិតទាំងនេះត្រូវបានគេចាត់ទុកថាមិនសូវមានសុវត្ថិភាព ដោយសារតែឧបករណ៍ទាំងនេះភាគច្រើនត្រូវបានគេផលិតក្នុងចំនួនច្រើន និងក្នុងតម្លៃទាប ហើយមិនមានលេខសម្ងាត់ ឬក៏ប្រើលេខសម្ងាត់ដែលកំណត់ជាមុនខ្សោយ ដែលមេរោគអាចចូលបានដោយងាយស្រួល។
ក្រុមហ៊ុន VinCSS ក៏មានបំណងបង្កើតអ្វីដែលខ្លួនហៅថា «ប្រព័ន្ធ Zero Trust Platform» ដែលមានន័យថា មិនមានការទុកចិត្តអ្នកប្រើប្រាស់ណាម្នាក់នោះទេ ដោយតម្រូវឲ្យផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ទាំងអស់ ដែលផ្ទុយពីប្រព័ន្ធដែលទុកចិត្តលើអ្នកប្រើប្រាស់ដែលជាសមាជិករួចហើយនៃស្ថាប័នណាមួយតែមួយរួមគ្នា។
លោក Nguyen Phi Kha និយាយដូច្នេះថា៖ «ដោយសារយើងមានក្រុមអ្នកជំនាញកម្រិតពិភពលោក នៅពេលខាងមុខ ក្រុមហ៊ុន VinCSS នឹងបន្តបង្ហាញនូវផលិតផល និងសេវាកម្មដែលមានប្រយោជន៍ជាច្រើនទៀត»។
ការប្រកាសរបស់ក្រុមហ៊ុន VinCSS នេះបានធ្វើឡើង នៅពេលដែលក្រុមហ៊ុន Vingroup កំពុងដកថយចេញពីអាជីវកម្មផ្សេងទៀត ដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vingroup នេះបានបញ្ជាក់ថា ខ្លួននឹងមិនបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីនោះទេ។
កាលពីខែធ្នូ ឆ្នាំមុន ក្រុមហ៊ុន Vingroup ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងបញ្ចូលអាជីវកម្មហាងទំនិញលក់រាយ អាជីវកម្មលក់ទំនិញតាមអ៊ីនធឺណិត និងអាជីវកម្មកសិកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Masan ដែលជាក្រុមហ៊ុនយក្សមួយទៀតរបស់ប្រទេសវៀតណាម។ ការដាក់បញ្ចូលនេះនឹងធ្វើឱ្យក្រុមហ៊ុន Vingroup មិនសូវមានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងវិស័យទាំងនេះ។
ក្រុមហ៊ុនពហុអាជីវកម្មដែលបោះលក់ភាគហ៊ុនជាសាធារណៈមួយនេះមានមូលធនទីផ្សារចំនួន ១៣ ពាន់ ៧ រយលានដុល្លារអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុនមួយនេះក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម ក៏ដូចជាធ្វើឱ្យស្ថាបនិករបស់ក្រុមហ៊ុននេះក្លាយជាបុរសមានជាងគេបំផុតនៅក្នុងប្រទេសនេះផងដែរ៕