ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្មហិង្សា​ក្នុង​ប្រទេសវៀតណាម​ជុំវិញ​សំណើច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស


ក្រុម​បាតុករ​កាន់​បដា​ដែល​សរសេរ​ «មិន​ជួល​ដី​ឲ្យ​ចិន​ទេ ទោះបី​ក្នុង​ពេល​ណា​ដ៏​ដោយ» ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
ក្រុម​បាតុករ​កាន់​បដា​ដែល​សរសេរ​ «មិន​ជួល​ដី​ឲ្យ​ចិន​ទេ ទោះបី​ក្នុង​ពេល​ណា​ដ៏​ដោយ» ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

មនុស្ស​ជាង១០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ប្រទេសវៀតណាម​បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សា​ជាច្រើន​បាន​កើតឡើង​ជុំវិញ​សំណើ​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បារម្ភ​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​មិន​ស្មើភាព​គ្នា​ទៅ​ភាគី​ខាង​ក្រុមហ៊ុនចិន។

ក្រុមបាតុករ​បាន​គប់​ដុំ​ថ្ម​និង​គ្រាប់​បែក​កែច្នៃ​ប្រើ​ស៊ាំង​ទៅ​លើ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ខេត្ត Binh Thuan។ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​វៀតណាម VN Express បាន​រាយការណ៍​ថា​មនុស្ស១០២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ប៉ូលិស​រាប់សិបនាក់​បាន​រងរបួស​នៅ​អំឡុងពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ​ទាំងនេះ។ សារព័ត៌មាន VN Express​ រាយការណ៍​ថា​អាគារ​រដ្ឋាភិបាល​ត្រូវ​បាន​បំផ្លាញ។

បាតុកម្ម​ផ្សេងទៀត​ក៏​បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​នានា​ក្នុង​ប្រទេសវៀតណាម​ផងដែរ រួមទាំង​ទីក្រុង​ហូជីមិញ​ និង​ទីក្រុងហាណូយ។

សំណើច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​ជួល​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងបី​រហូត​ដល់​៩៩ឆ្នាំ។ កំហឹង​របស់​ប្រជាពលរដ្ឋ​វៀតណាម​ជុំវិញ​សំណើ​ច្បាប់​នេះ​បាន​ជំរុញ​ឲ្យ​សភា​ពន្យាពេល​ធ្វើ​ការអនុម័ត​ចុងក្រោយ​លើ​សំណើរ​ច្បាប់រហូត​ដល់​ចុង​ឆ្នាំ​នេះ។

ប្រទេសវៀតណាម​គឺ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចូលរួម​តវ៉ា​នៅក្នុង​ជម្លោះ​ទាមទារ​ដែន​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ក្រុងប៉េកាំង៕

XS
SM
MD
LG