ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​​មាន​​ការ​ផ្ទុះ​រាតត្បាត​កូវីដ១៩​លើក​ដំបូង​ក្នុង​​​រយៈ​ពេល​ជិត​២​ខែ ដោយ​រក​ឃើញ​៨៣​ករណី​ថ្មី


បុរសជនជាតិវៀតណាមម្នាក់ដែលមានពាក់ម៉ាស់ ដើរកាត់បដារំពឹងពីការការពារខ្លួនពីជំងឺកូវីដ១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
បុរសជនជាតិវៀតណាមម្នាក់ដែលមានពាក់ម៉ាស់ ដើរកាត់បដារំពឹងពីការការពារខ្លួនពីជំងឺកូវីដ១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

អាជ្ញាធរ​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ជាក់​ពី​ការផ្ទុះឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ជា​លើក​ទី១​នៅ​ក្នុង​រយៈពេល​ជិត​២ខែ ដោយ​រក​ឃើញការ​ឆ្លង​ថ្មី ៨៣ ករណី ដែលជា​ចំនួន​ឆ្លង​ក្នុង​មួយ​ថ្ងៃ​ច្រើនបំផុត​មិន​ធ្លាប់​មាន។

​អាជ្ញាធរព្រមាន​ថា ការ​ផ្ទុះ​លើកនេះ​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​លើកមុនៗ ហើយបានប្រញាប់ប្រញាល់ទប់ស្កាត់ការ​រាលដាលនេះ និង​ធ្វើ​តេស្ត​មនុស្ស​រាប់​ម៉ឺន​នាក់។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ផ្ទុះ​រាតត្បាត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ ក៏​បង្ក​ការ​រំខាន​ដល់​សមាជ​ ៥​ឆ្នាំ​ម្តង ក្នុង​សប្តាហ៍​នេះ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​កន្លង​មក​មាន​មោទនភាព​ចំពោះ​ការ​ទប់ស្កាត់ជំងឺ​កូវីដ១៩ ​បាន។

ក្រសួង​សុខាភិបាល​វៀត​ណាម បាន​រាយការណ៍ថា​ ១​ករណីបាន​កើត​ឡើង​លើ​បុគ្គល​ម្នាក់​ដែល​បាន​ស្ថិត​នៅ​ក្បែរ​បុគ្គល​ម្នាក់​ទៀត​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ឃើញ​ប្រភេទ​វីរុស​វិវត្ត​ថ្មី​និង​ឆ្លង​លឿនពី​អង់គ្លេស B.1.1.7។

ករណី​ថ្មី​ទាំង​ ៨៣​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត Hai Duong និង ខេត្ត Quang Ninh នៅ​ភាគ​ខាង​ជើង​ប្រទេស​ជិត​រដ្ឋធានី​ហាណូយ។ អាជ្ញាធរ​បាន​ព្រមាន​ថា​ ការ​ផ្ទុះ​រាតត្បាត​លើក​នេះ​អាចឆ្លង​ដល់​មនុស្ស​រហូត​ដល់​ ៣ម៉ឺន​នាក់​ទូទាំង​ប្រទេស។​

ក្រសួង​សុខាភិបាល​បាន​ស្នើ​ឱ្យ​បិទជើង​យន្តហោះ​ចូល​វៀណាម​ និង​ហាមការ​ជួប​ប្រជុំ​គ្នា​ច្រើន​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ នៅ​ប្រមាណ​ពីរ​សប្តាហ៍​ទៀត។

កន្លង​មក​វៀតណាម​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធិភាព ហើយ​បាន​បញ្ចៀស​ការ​រាតត្បាត​កាន់​តែ​ខ្លាំង​ឡើង​ ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​បណ្តា​ប្រទេស​ជិត​ខាង​ខ្លួន។

កាល​ពី​ពេល​មុន វៀតណាម​បាន​រក​ឃើញការឆ្លង​ជាង​ ១.៥០០​ករណី ​និង​មនុស្ស​ស្លាប់​ចំនួន ​៣៥​នាក់។ ការ​រាតត្បាត​ចុង​ក្រោយ​បំផុតបានលេចចេញ​ឡើង​នៅ​ក្នុង​ទីក្រុង​ដាណាង ​ភាគ​កណ្តាល​កាលពី​ខែកក្កដា ឆ្នាំ​ទៅ​ ហើយ​បាន​រាលដាល​យ៉ាង​រហ័ស​ទៅ​កាន់​តំបន់​ភាគ​ច្រើននៅ​ក្នុង​ប្រទេស ដែល​បាន​នាំ​ឲ្យ​មាន​ការស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ​ជា​លើក​ទី១។

លោក Nguyen Thanh Long រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម បាន​និយាយ​នៅឯ​ជំនួប​ក្នុង​គ្រាអាសន្ន​មួយ​នៅ​ខាង​ក្រៅ​សមាជ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ថា៖ «យើង​គិត​ថា ការ​ផ្ទុះ​នៅ​ក្នុង​ខេត្ត Hai Duong នេះ នឹង​មាន​សភាព​អាក្រក់​ជាង​នៅ​ក្នុង​ទីក្រុង​ដាណាង ​កាល​ពី​មុន​ទៀត»។

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​សន្យា​ថា​នឹង​ចាត់​វិធានការ​បន្ទាន់ ដោយ​កោះហៅ​ការ​ប្រជុំ​នៅ​ក្រៅ​សមាជ​បក្ស​កុម្មុយនីស្ត៕

XS
SM
MD
LG